បណ្តាញសង្គម

ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី

ភ្នំពេញៈ ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោក ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីថា «អូស្ត្រាលី បន្តកិច្ចសន្ទនា ដោយការគោរព ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យ ភាព សម្រាប់ទំនាក់ទំនង ប្រទេសទាំងពីរ»។

ភាគីទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះការរីកចម្រើន នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកដោយការថ្លែងអំណរគុណ ចំពោះជំនួយរបស់ ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ដល់កម្ពុជា គាំទ្រវិស័យនានា ដែលក្នុងនោះរួមមានវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការដោះមីន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងសុខាភិបាល រួមទាំងវ៉ាក់សាំងកូវីដ-១៩ ផងដែរ។

លោកឯកអគ្គរដ្ឋទូត ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា និងស្វែងរកកាលា នុវត្តនានា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងក្របខ័ណ្ឌអាស៊ាន-អូស្ត្រាលី។

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីអភិក្រមនានា ក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និង វិនិយោគ សុខាភិបាល កសិកម្ម សមភាពយេនឌ័រ ព្រមទាំងសន្តិសុខ និងការពារជាតិ។

ខណៈពេលដែលរដ្ឋាភិបាលអូស្ត្រាលីកំពុងរៀបចំ «យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ រហូតដល់ឆ្នាំ ២០៤០» លោកឯកអគ្គរដ្ឋទូតថ្មី មានបំណងលើកទឹកចិត្តឱ្យមានការ វិនិយោគ ប្រកបដោយគុណភាព មកកាន់កម្ពុជា។លោកឧបនាយករដ្ឋមន្ត្រី បានស្នើអូស្ត្រាលី បន្តជួយគាំទ្រការបោសសម្អាតគ្រាប់មីន ដើម្បីសម្រេចបាននូវ គោលដៅកម្ពុជាគ្មានគ្រាប់មីន ត្រឹមឆ្នាំ២០២៥។ ក្រសួងការបរទេស នៃប្រទេសទាំងពីរ ទន្ទឹងរង់ចាំ «កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តម មន្ត្រី» លើកទី ៤ ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសកម្ពុជា នៅឆ្នាំ២០២៣ នេះ។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់មួយចំនួនផងដែរ។ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរកម្ពុជា ដែលបានបំពេញតួនាទី ជាប្រធានអាស៊ាន កាលពីឆ្នាំមុន បានយ៉ាងល្អប្រសើរ

និងបានរំលឹកដោយ សេចក្តីអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលនាំឱ្យមានការដោះលែងសាស្ត្រាចារ្យ អូស្ត្រាលី លោក Sean Turnell ពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា កាលពីឆ្នាំមុន៕

ដកស្រង់ពី៖ រស្មីកម្ពុជា