បណ្តាញសង្គម

ក្រសួងអប់រំ បើកកិច្ចប្រជុំពី គម្រោងព្រះរាជឧបត្ថម្ភដល់កម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន របស់ថៃ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ និងភាគីគម្រោងរបស់ប្រទេសថៃ បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីពិនិត្យលើវឌ្ឍនភាព ការអនុវត្តគម្រោងព្រះរាជឧបត្ថម្ភ ស្ដីពីការធ្វើផែនការវិស័យអប់រំ អាហារូបករណ៍

និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល។លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លៃអំណរព្រះគុណ ថ្វាយដល់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ដែលព្រះអង្គ បានប្រទាន អំណោយ

តាមរយៈគម្រោងព្រះរាជឧបត្ថម្ភដល់ ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ក្នុងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា អស់រយៈពេល ២០ ឆ្នាំ កន្លងមក ក្នុងនោះដែរ គឺមានសមិទ្ធផលធំៗ ពីរ គឺវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ស្ពឺ ។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ បានឱ្យដឹងថាៈ ក្នុងពេលឆាប់ៗខាងមុខ ភាគីគម្រោងព្រះរាជឧបត្ថម្ភ នឹងផ្ដល់ជំនួយរៀបចំទស្សនីយភាព (landscape) ក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅវិទ្យាស្ថានទាំងពីរ ដើម្បីឆ្លើយតបនឹងកំណើនសិស្ស និស្សិត។

ភាគីកម្ពុជា និងភាគីថៃ នឹងបន្តកិច្ចខិតខំរក្សានិរន្តរភាពកិច្ចសហប្រតិបត្តិការ លើវិស័យ អប់រំនេះ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា និងពង្រឹងចំណងទំនាក់ទំនង អន្តរជាតិដ៏រឹងមាំ រវាងប្រទេសទាំងពីរ៕

 ដកស្រង់ពី៖ Fresh News