Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចប្រធានព្រឹទ្ធសភា ស្នើឯកអគ្គរដ្ឋទូតអូស្រ្តាលី ជំរុញអ្នកវិនិយោគ និងទេសចរអូស្រ្តាលី មកបណ្តាក់ទុន និងទស្សនាកម្ពុជា ឱ្យកាន់តែច្រើន

  • បោះពុម្ព

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី៤ ខែមេសា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវ ការស្វាគមន៍ និងអបអរសាទរ ចំពោះលោក ចាស្ទីន ខេវិន វ៉ាយអេត ដែលត្រូវបានតែង តាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណតិ្តបេសកកម្មការទូតរបស់លោក ចាស្ទីន ខេវិន វ៉ាយអេត លោកនឹងបន្តថែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់

និងបន្តខិតខំជំរុញបន្ថែមទៀត នៃទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ ជាងនេះថែមទៀត ដែលនាំមកនូវគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនអូស្រ្តាលី ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

នៅក្នុងជំនួបនេះដែរ សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ដោយសេចក្តីរីករាយ ចំពោះការកើនឡើង នៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ មានការកើនឡើងជានិច្ច។

ជាមួយគ្នានោះ សម្តេចបានបានស្នើលោកឯកអគ្គរដ្ឋទូត ជួយចលនា លើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរអូស្រ្តាលី មកបណ្តាក់ទុនវិនិយោគ និងទស្សនាកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ លោក ចាស្ទីន ខេវិន វ៉ាយអេត បានសម្តែងនូវសេចក្តីរីករាយ ដែលបានមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ហើយលោក ធ្លាប់បានបម្រើការងារ នៅស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា អស់រយៈពេល ២០ ឆ្នាំ កន្លងមកហើយ។

ឆ្នាំនេះ គឺជាលើកទី២របស់លោក ដែលមកបំពេញបេសកកម្មការទូត នៅព្រះរាជាណា ចក្រកម្ពុជា ដែលជាប្រទេសមួយ មានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ និងមាន វប្បធម៌ដ៏សម្បូរបែប មានប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់

ចំពោះការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេស កម្ពុជា ក្នុងរយៈពេលជាង ១៥ ឆ្នាំកន្លងទៅនេះ លើវិស័យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសកាអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ។

ជាមួយគ្នានោះ លោកបានសម្តែងនូវ ការអបអរសាទរ ចំពោះប្រទេសកម្ពុជា ដែលទទួល បានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ ៤១ និងកិច្ចប្រជុំ ពាក់ព័ន្ធ ព្រមទាំងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣។

ហើយក្នុង អំឡុងនៃរីករាយដាលនៃជំងឺកូវីដ-១៩ ប្រទេសកម្ពុជា បានគ្រប់គ្រងជំងឺកូវីដ ១៩ បាន យ៉ាងល្អ ដោយមានការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ ៣ ឆ្នាំឡើងទៅ។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាៈ ប្រទេសទាំងពីរ មានការផ្លាស់ប្តូរដំណើរទស្សនកិច្ច គ្នា ទៅវិញទៅមក រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ។

ក្នុងនោះក៏មាន ដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនានា ពីសមាជិកសភាអូស្រ្តាលី មកកាន់ប្រទេស កម្ពុជាផងដែរ។លោកឯកអគ្គរដ្ឋទូត បានប្រសិទ្ធពរជូនប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ កីឡាស៊ីហ្គេម ប៉ារ៉ាហ្គេមលើកទី៣២ និងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រអាណត្តិទី៧ ឲ្យទទួលបានជោគជ័យ។

លោកឯកអគ្គរដ្ឋទូត មានជំនឿថា តាមរយៈបេសកកម្មការទូតរបស់លោក លោកនឹងខិត ខំរួមចំណែក ក្នុងការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អ ប្រពៃរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែម ទៀត។

ជាមួយគ្នានោះ លោកនឹងខិតខំរួមចំណែក ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម ធុរកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវិស័យដោះមីន។

ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ និងដឹងគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិ និងការស្វែងរក សន្តិភាព ជូនប្រជាជនកម្ពុជា។

ជាមួយគ្នានោះ សម្តេចក៏បានអរគុណដ៏ជ្រាលជ្រៅ ចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លា ដល់កម្ពុជា រួមមាន ជំនួយអភិវឌ្ឍន៍ផ្លូវការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម កសិកម្ម នេសាទ ធនធានទឹក អភិបាលកិច្ច អប់រំ សុខាភិបាល។ ការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត បណ្ឌិត សម្រាប់និស្សិត និងមន្រ្តីរាជការកម្ពុជា ទៅសិក្សានៅប្រទេសអូស្រ្តាលី។

ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដំណើរការស្តារសង្គម-សេដ្ឋកិច្ច ឡើងវិញពីវិបតិ្តកូវីដ-១៩។សម្តេចប្រធានព្រឹទ្ធសភា បានរំលឹកអំពីទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និង ប្រទេសអូស្រ្តាលី ដែលមានប្រវត្តិទំនាក់ទំនង ជាយូរលង់ណាស់មកហើយ។

ទំនាក់ ទំនងដ៏ល្អនេះ ត្រូវបានថែរក្សាពូនជ្រុំរហូតមកដល់បច្ចុប្បន្ន។ ឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសទាំងពីរ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត ដ៏ឧឡារឹក និងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាអូស្រ្តាលី មានទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការល្អជាមួយគ្នា ដោយបានផ្លាស់ប្តូរទស្សនកិច្ច ទៅវិញទៅមក

និងគាំទ្រគ្នានៅក្នុងក្របខ័ណ្ឌអន្តរសភា។ជាមួយគ្នានោះ ព្រឹទ្ធសភាកម្ពុជា ក៏បានបង្កើតក្រុមមិត្តភាពជាមួយសភាអូស្រ្តាលី ផងដែរ។

ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ រដ្ឋាភិបាល ក៏ដូចជាសភាអូស្រ្តាលី ដែលបានផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងវគ្គបណ្តុះបណ្តាលកិច្ចការសភាដល់មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងមន្ត្រីសភាកម្ពុជា នៅប្រទេសអូស្ត្រាលី ។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតសម្តេចបានស្នើឲ្យជួយជំរុញព្រឹទ្ធភាអូស្រ្តាលីដើម្បីបន្តផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាលើកិច្ចការសភានៅព្រឹទ្ធសភាអូស្រ្តាលី។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហ ប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតអូស្រ្តាលីប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រទេស និងប្រជាជន ទាំងពីរ។

សម្តេប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរាជទូត មានសុខ ភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូតដ៏ខ្ពង់ខ្ពស់ នៅព្រះរាជាណាចក្រកម្ពុជា៕

ដកស្រង់ពី៖ រស្មីកម្ពុជា