Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ ការពង្រឹងសហគមន៍អាស៊ាន មិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹះទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ សម្ដេចតេជោ ហ៊ុន សែន រួមជាមួយនឹងប្រមុខរដ្ឋដឹកនាំអាស៊ានដទៃទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ជាមួយក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។

តាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំទាំងនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការពង្រឹងសហគមន៍អាស៊ានមិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹះទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ ជាពិសេសគោលការណ៍ ស្តីពីការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើការពិគ្រោះយោបល់និងកុងសង់ស៉ីស និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។

សម្តេចតេជោបន្តថា អាស៊ានត្រូវឆ្លើយតបចំពោះបញ្ហាប្រឈមទាំងឡាយទាំងនៅក្នុងតំបន់ និងសាកលលោក ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងបុរេសកម្ម ជាពិសេសបញ្ហាដែលអាស៊ានពុំអាចទទួលបានកុងសង់ស៉ីស ដោយមិនទុកឱ្យបញ្ហាទាំងនោះប៉ះពាល់ដល់ដំណើរការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មតំបន់ឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ត្រូវឆ្លើយតបចំពោះនិន្នាការតំបន់ និងសាកល ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជារបៀបវារៈបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាទំនើប ខ្សែចង្វាក់តម្លៃសកល ការតភ្ជាប់ការដឹកជញ្ជូន

និងភស្តុភាជាដើម ក្នុងបំណងធានាឲ្យបានថា អាស៊ានត្រៀមខ្លួនរួចជាស្រេច និងនៅតែរឹងមាំ ហើយធន់ នៅពេលអនាគត។

នៅខណៈពេលដែលទទួលស្គាល់អំពីតម្រូវការ ដើម្បីរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ឲ្យបានប្រកបដោយទស្សនវិស័យវែងឆ្ងាយ ការបំផុសគំនិត និងការសំឡឹងឆ្ពោះទៅមុខ ប្រមុខដឹកនាំអាស៊ានបានគូសបញ្ជាក់នូវតម្រូវការក្នុងការធ្វើឲ្យមានតុល្យភាព រវាងភាពជាក់ស្តែងនិយម និងបំណងប្រាថ្នាដែលចង់បាន។

អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥នេះ គួរតែផ្តោតលើសកម្មភាពជាក់ស្តែង និងតម្កល់ប្រជាជនជាស្នូលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ចំពោះបញ្ហាមីយ៉ាន់ម៉ា

វាមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងការពិនិត្យឡើងវិញ និងសេចក្តីសម្រេចរបស់ប្រមុខដឹកនាំអាស៊ាន ដែលបានអនុម័តនៅឆ្នំា២០២២កន្លងមក ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

លើសពីនេះ អាស៊ានគួរប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ភាពបត់បែន និងការច្នៃប្រឌិតខ្ពស់ ហើយស្វែងរកវិធីសាស្រ្តណាដែលមានសក្តានុពល អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

បើតាមសម្តេចតេជោ ហ៊ុន សែន នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច អាស៊ានត្រូវលើកកម្ពស់ភាពពាក់ព័ន្ធរបស់ខ្លួន ហើយត្រូវពង្រឹងយន្តការទាំងឡាយដែលដឹកនាំដោយអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យអាស៊ានបន្តដើរតួនាទីស្នូល និងនាំមុខ ក្នុងការដោះស្រាយការប្រឈមនានា ក្នុងតំបន់ និងសកលលោក។

កម្ពុជាក៏បានរំលេចផងដែរថា អាស៊ានគួរស្វាគមន៍គំនិតផ្តួចផ្តើមទាំងឡាយណារបស់ដៃគូខ្លួន ដរាបណាគំនិតផ្តួចផ្តើមទាំងនោះស្របតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក (AOIP) និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ ហើយមិនត្រូវយកទៅប្រើប្រាស់ ដើម្បីប្រឆាំងនឹងភាគីដទៃទៀតឡើយ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៉ី និងជាប្រធានអាស៊ានឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន

បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ៕

ដកស្រង់ពី៖ Fresh News