បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ឧបត្ថម្ភ កុមារីដែលមាន ទេពកោសល្យ គូរូប នៅប្រាសាទព្រះខ័ន បានសិក្សា ចប់ចុង ចប់ដើម

សៀមរាប ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លោកឧបនាយក រដ្ឋមន្ត្រី ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ ជាតិ ចុះមូលដ្ឋាន ខេត្តសៀមរាប បានចាត់ក្រុមការងារ

ដើម្បីយកថវិកា របស់លោកផ្ទាល់ ចំនួន ១លានរៀល ទៅ ឧបត្ថម្ភគ្រួសារ បងប្រុស ឈ្មោះ ព្រឿង ប្រម អាយុ ៥០ឆ្នាំ និងមានប្រពន្ធ ឈ្មោះធួក រី អាយុ ៤៨ឆ្នាំ ដែលមានកូន ចំនួន ៧នាក់ (ស្រី ២នាក់) មានទីលំនៅ ភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

គ្រួសារនេះ មានកូនស្រី ២នាក់ ១-ឈ្មោះ ប្រម និត ជាកូនទី៥ អាយុ ១២ឆ្នាំ រៀននៅថ្នាក់ទី ៧ អនុវិទ្យាល័យ តេជោ ហ៊ុន សែន អង្គរធំ ឃុំលាងដៃ ស្រុកអង្គរធំ និងម្នាក់ទៀត ឈ្មោះ ប្រម ដានី អាយុ ៧ឆ្នាំជាកូនទី៧ រៀននៅ ថ្នាក់ទី២ សាលាបឋម សិក្សាដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ដែលចេះគំនូរ តាំងពីនៅ វ័យកុមារ ហើយជាពិសេស កុមារីទាំង ២នាក់នេះ ពុំដែលបានរៀន នៅសាលាគំនូរ ឬ ធ្លាប់ទទួលការបង្ហាត់ បង្រៀនដោយផ្ទាល់ ឬប្រយោល ពីគ្រូជំនាញផ្នែក គំនូរណាម្នាក់ឡើយ ក្នុងពេលកន្លងមក ។

តាមមជ្ឈដ្ឋាននានា ដែលបានទៅដល់ផ្ទះ ក៏ដូចជាធ្លាប់បានឃើញ ស្នាដៃ របស់កុមារីទាំង ២នាក់ គឺមិនគួរឲ្យជឿ ឡើយថា កុមារីទាំង ២នាក់នេះ មានទេពកោសល្យ តាំងពីកំណើត ហើយគួបផ្សំ នឹងចរិតឧស្សាហ៍ ព្យាយាម ផង ធ្វើឲ្យគេអាចគូរគំនូរ បានតាមបែបសិល្បៈ បុរាណ ដូចជាតួអង្គអប្សរា ប្រាសាទនានា ជាដើម ដោយមានទឹកដៃរស់ រវើកទៀតផង ។

លោក លី សំរិទ្ធ នាយករដ្ឋ បាលសាលា ខេត្តសៀមរាប ដែលបានចុះទៅ ដល់លំនៅដ្ឋាន របស់គ្រួសារមួយនេះ បានលើកឡើងថា ដោយមើលឃើញ ដូច្នេះទើប លោកឧបនាយក រដ្ឋមន្ត្រី ទៀ បាញ់ ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តសៀមរាប និង លោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប បានយកចិត្តទុកដាក់ ចំពោះ កុមារី ទាំងពីរ និងគ្រួសារ គឺដោយបានបញ្ជាក់ អះអាងថា នឹងបន្តការ ឧបត្ថម្ភ ឲ្យកុមារីទាំង ២នាក់ បានបន្តការសិក្សាចប់ ចុងចប់ដើម ។

ហើយជាពិសេស នឹងខិតខំរកគ្រូជំនាញ ខាងគំនូរ មកជួយបង្ហាត់ បង្រៀនបន្ថែម ដល់កុមារីទាំង ២ នាក់ ព្រមទាំងកុមារ ក្នុងភូមិដទៃទៀតផង ដើម្បីឲ្យពួកគេកាន់ តែមានសម្បទា វិជ្ជាជីវ:ប្រសើរ ថែមទៀត ដើម្បីជា ប្រយោជន៍ដល់ខ្លួន គ្រួសារ និងសង្គមជាតិយើង ៕

 

 

 


ដកស្រង់ពី៖ដើមអម្ពិល