បណ្តាញសង្គម

ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ជិត​២ពាន់នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបង្ហាញលទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតសាកល្បង ក្នុង២៥រាជធានី-ខេត្ត មានចំនួន ១,៧៣៦នាក់។

យោងតាមលទ្ធផលបណ្តោះអាសន្ន នៃការចុះបោះឆ្នោត នៅថ្ងៃទី១ វិច្ឆិកា បានឲ្យដឹងថា នៅភូមិត្នោត ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មានពលរដ្ឋ១១៣នាក់ និងភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក មានពលរដ្ឋ១១៣នាក់ដូចគ្នា បានចុះឈ្មោះ។ ចំណែកភូមិពូត្រែង ពូឆប ពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានចុះឈ្មោះតិចជាងគេ មាន១៧នាក់ ។

សូមបញ្ជាក់ថា គ.ជ.ប ចាប់ផ្តើមយុទ្ធនាការ ចុះឈ្មោះបោះឆ្នោតសាកល្បង តាមប្រព័ន្ធកុំព្យូទ័រ ជូនប្រជាពលរដ្ឋ រយៈពេល១៥ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទូទាំង២៥ រាជធានី-ខេត្ត៕

ដកស្រង់ពី៖ ដើមអម្ពិល