បណ្តាញសង្គម

ថៅកែ​ថៃ​ចាត់​ទុក​ពលករ​ខ្មែរ​ជា​កម្លាំង​ស្នូល​នៃ​សេដ្ឋកិច្ចជាតិ​ខ្លួន

រាជធានីភ្នំពេញ ៖ ស្របពេលដែល ពលករកម្ពុជា ជាច្រើនបានទៅ ធ្វើការនៅ ប្រទេសថៃនោះ ក្រុមហ៊ុនមួយ ដែលល្បីឈ្មោះ របស់ថៃ និងជាក្រុមហ៊ុន បោះទុនវិនិយោគនៅតាម បណ្ដាប្រទេស ជាច្រើនទៀត បានចាត់ទុកពលករ ខ្មែរដែលកំពុង បំពេញការងារឱ្យខ្លួនថា ជាកម្លាំងចលករស្នូលនៃសេដ្ឋកិច្ចជាតិ ។

លោក ស៊ូឆាត ស៊ីទីតឆៃ អគ្គនាយកក្រុមហ៊ុនស៊ីភី  បានមានប្រសាសន៍  ក្នុងដំណើរ ទស្សនកិច្ច របស់ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសថៃ ក្នុងក្រុមហ៊ុនស៊ីភី កាលពីពេលថ្មីៗនេះថា ៖ «ពលករខ្មែរដែលកំពុងធ្វើការនៅក្រុមហ៊ុនស៊ីភី ក្នុងខេត្តនគរាជសីម៉ា មានចំនួនប្រមាណ២.០០០នាក់ ដែលមានលក្ខខណ្ឌ ការងារល្អប្រសើរ ។

ក្រុមហ៊ុនបាន ផ្ដល់សិទ្ធិស្មើគ្នា ជូនកម្មករមកពីកម្ពុជា ដោយគ្មានការរើសអើង ។ ក្រុមហ៊ុនក៏ អនុឡោមតាមគោលការណ៍ ច្បាប់ការងារ ដែលព្រមព្រៀង ដោយប្រទេសទាំងពីរកម្ពុជា-ថៃផងដែរ ។ ពលករខ្មែរ ដែលធ្វើការក្នុង ក្រុមហ៊ុនរបស់យើង ក្រៅពីទទួលបាន ប្រាក់ខែទៀងទាត់តាមរយៈ ប្រព័ន្ធធនាគារហើយ ពួកគេក៏ត្រូវបាន អនុញ្ញាតឱ្យឈប់សម្រាក ដោយទទួលបានប្រាក់បន្ថែមម៉ោង និងអាចធ្វើដំណើរ ចេញចូលដោយសេរី ក្នុងប្រទេសថៃ ឬក៏ទៅលេងស្រុក កំណើតរបស់ខ្លួនជាដើម» ។

លោកបន្តថា ៖ «ពលករខ្មែរ ត្រូវបានក្រុមហ៊ុន ផ្តល់ជូនកន្លែងស្នាក់នៅ ថ្លៃទឹក ថ្លៃភ្លើង ដោយមិនគិតការប្រាក់ទៀតផង ។ ពួកគេអាចរក ចំណូលបានជាមធ្យមជាង៤០០បាត ឬស្មើនឹងជាង១០ដុល្លារអាមេរិកក្នុងមួយថ្ងៃ» ។

លោកជំទាវ អិុត សុភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ  បានមានប្រសាសន៍ដែរថា ៖ «ពលករខ្មែរដែលរស់នៅ និងធ្វើការនៅបរទេស មិនថាតែនៅប្រទេសថៃ ឬប្រទេសផ្សេងៗឡើយ ពួកគេមិនឯកោទេ ព្រោះមានតំណាង ស្ថានទូតចាំជួយ និងដោះស្រាយរាល់ពេល ដែលមានបញ្ហាណាមួយកើតឡើងចំពោះមុខ» ។

លោកបណ្ឌិត ស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ច ឯករាជ្យកម្ពុជា មានប្រសាសន៍ថា ៖ «ប្រទេសដែល មានសេដ្ឋកិច្ច ជឿនលឿនដូចជា សហរដ្ឋអាមេរិក និងបណ្តាប្រទេស ក្នុងសហភាពអឺរ៉ុប កាណាដា ជប៉ុន ចិន សិង្ហបុរី និងប្រទេស ដែលមានការអភិវឌ្ឍ ជាងកម្ពុជា ដូចជា ថៃ ម៉ាឡេស៊ី ដែលកំណើន អត្រាប្រជាជន របស់គេមាន កម្រិតទាប ហើយមានវ័យចំណាស់ផងដែរ ។ ពួកគេគ្មាន កម្លាំងពលកម្មគ្រប់គ្រាន់ ដើម្បីដំណើរការឧស្សាហកម្មបានទេ ចំណែកប្រទេស មួយចំនួនទៀតដូចជាចិន សូម្បីតែគម្រោង ក៏គ្មានកម្លាំងពលកម្មដែរ ដែលឧស្សាហកម្មទាំងមូលត្រូវប្រើមនុស្សយន្តជំនួស» ។

លោកបន្តថា ៖ «ទាក់ទងនឹង ក្រុមហ៊ុនថៃនិយាយថា ពលករខ្មែរ ជាកម្លាំងចលករស្នូល នៃសេដ្ឋកិច្ចជាតិ របស់ថៃនោះ គឺជាការត្រឹមត្រូវ ។ កម្លាំងពលករកម្ពុជា គឺមានវ័យក្មេង និងស្វាហាប់ ហើយត្រូវបាន ទទួលបានការ បណ្តុះបណ្តាល និងធ្វើការតាម វិស័យផ្សេងៗ នៅថៃបាន (វិស័យកសិកម្មឧស្សាហកម្ម ឧស្សាហកម្មសំណង់ និងសេវាកម្ម)» ។

ទាក់ទងនឹង ការធ្វើចំណាកស្រុក របស់ពលរដ្ឋកម្ពុជា ទៅធ្វើការនៅ ក្រៅប្រទេស ជាពិសេស ប្រទេសថៃ លោក ស្រី ចន្ធី បានមានប្រសាសន៍បន្តថា ៖ «ខ្ញុំខ្លាចថា ការធ្វើចំណាកស្រុកទៅក្រៅប្រទេស នៃកម្លាំងពលករខ្មែរ អាចមានបញ្ហា ដល់ការសម្រេចបាន នូវគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មដែល អនុម័តនាពេលថ្មីនេះ» ។

លោក ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានឱ្យដឹងដែរថា ៖ «គិតត្រឹមចុងឆ្នាំ២០១៤កន្លងមកនេះ  ពលករកម្ពុជា ដែលទៅធ្វើការនៅថៃ ជាង៦០ម៉ឺននាក់មិនទាន់មាន ឯកសារគ្រប់គ្រាន់ ហើយមានឯកសារ ត្រឹមត្រូវតែជាង១៥ម៉ឺននាក់ ។ ដូចនេះ សរុបទាំងស្របច្បាប់ និងមិនស្របច្បាប់ មានជាង៧០ម៉ឺននាក់ ។ ជារៀងរាល់ឆ្នាំ  មានពលករកម្ពុជាចាកចេញ ទៅធ្វើការនៅថៃ ជាបន្តបន្ទាប់ផងដែរ» ។

លោកបន្តថា ៖ «សម្រាប់ពលករ ដែលចេញទៅធ្វើការ នៅថៃក្នុងមួយឆ្នាំៗ អ្នកមានឯកសារ ត្រឹមត្រូវមានចំនួន ជាង២ម៉ឺននាក់ ដោយធ្វើការ តាមផ្នែកផ្សេងៗ  ដូចជា រោងចក្រផលិតសម្ភារ ផ្នែកសំណង់ កសិកម្ម និងនេសាទ ក្នុងនោះ ផ្នែករោងចក្រ ជាផ្នែកមួយ មានតម្រូវការច្រើន និងមានបងប្អូន ពលករខ្មែរ ធ្វើការច្រើនជាងគេ» ។

បើតាមលោក ហេង សួរ ពលករដែល ចេញទៅធ្វើការនៅ ថៃ ក្នុងមួយខែៗ អាចមានលទ្ធភាព  បង្វិលប្រាក់មកក្រុមគ្រួសារវិញ ក្នុងម្នាក់ៗ ប្រមាណ១០០ដុល្លារ ហើយសរុប ក្នុងមួយខែពលករនៅ ថៃទាំងអស់អាច បង្វិលប្រាក់មកស្រុក ប្រមាណជា៧០លានដុល្លារ និងមួយឆ្នាំជាង៨០០លានដុល្លារអាមេរិក ៕

ដកស្រង់ពី ៖ កោះសន្តិភាព