បណ្តាញសង្គម

សម្តេច​ក្រឡាហោម ដាក់​វិធានការ ផាកពិន័យ ចំពោះ​បុគ្គល​ណា ចោល​សំរាម នៅ​ទី​សាធារណៈ

ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ឲ្យប្រជាពលរដ្ឋ រួមសហការជាមួយ អាជ្ញាធរមូលដ្ឋានរបស់ខ្លួន អនុវត្តអនុក្រឹត្យស្តីពី ការគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជន ឲ្យបានគ្រប់ៗគ្រប់គ្នា ដើម្បីរួមគ្នាថែរក្សា សម្អាតបរិស្ថាន នៅក្នុងមូលដ្ឋាន ឲ្យមានភាពល្អប្រសើរ។

នៅក្នុងអនុក្រឹត្យនោះ បានកំណត់ថា សម្រាប់បុគ្គលដែលមិនគោរព ការវែកញែក វេចខ្ចប់សំរាម បែងចែកសំរាម ដាក់ទុកសម្រាមតាមដងផ្លូវ មិនសមស្របតាមពេលវេលា ដែលបានកំណត់ ការបោះចោលសំរាម តាមទីសាធារណៈ ដងផ្លូវការដុតសំរាម នៅទីប្រជុំជនសាធារណៈ មិនបានត្រឹមត្រូវ ម្ចាស់អ្នកគ្រប់គ្រងផ្សារ ទីតាំងអាជីវកម្ម ក្រុមហ៊ុនសហគ្រាសជាដើម ដែលមិនរៀបចំ មានធុងសំរាមត្រឹមត្រូវ ការវេចខ្ចប់ដោយមានលាយ ជាមួយសំណល់រឹង ឧស្សាហកម្ម ឬសំណល់រឹងគ្រោះថ្នាក់ នឹងត្រូវទទួលបានការផាកពិន័យ ជាប្រាក់ចាប់ពី១ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ទៅតាមប្រភេទសំរាម។

ក្នុងករណីបុគ្គលបង់ប្រាក់ពិន័យ មិនតាមពេលវេលាកំណត់ ការពន័យនឹងត្រូវបង់ពិន័យ កើនចំនួនពី២ដង ទៅ៣ដង ហើយបើមិនបង់ ក្នុងរយៈពេល៩០ថ្ងៃ អាជ្ញាធរនឹងរៀបចំ សំណុំឯកសារប្តឹងទៅតុលាការ។

នៅក្នុងពិធី ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាម  និងសំណល់រឹង នៅទីប្រជុំ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃដដែលនេះដែរ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍ថា បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន នៅគ្រប់ក្រុងស្រុកខណ្ឌ រាជធានីខេត្តទាំងអស់ ត្រូវកំណត់គោលការណ៍ ណែនាំរបស់ខ្លួន ឲ្យសមស្របដាក់ជូនទៅប្រជាពលរដ្ឋ បណ្តាម្ចាស់អាជីវកម្ម និងសហគ្រាសនានា នៅក្នុងមូលដ្ឋាន សំដៅកំណត់ពីរបៀប គ្រប់គ្រងទុកដាក់ វេចខ្ចប់ វែកញែកសំរាម និងសំណល់រឹង រាវ ឲ្យបានត្រឹមត្រូវ និងសម្របសម្រួលកិច្ចដំណើរការ សេវាសំអាត ប្រមូលដឹកជញ្ជូន ទុកដាក់សំរាមឲ្យល្អប្រសើរ។

នៅឆ្នាំ២០១៥នេះ ក្រសួងបរិស្ថាន រួមសហការជាមួយ ក្រសួងសេដ្ឋសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានសម្រេចចិត្តបង្កើត កញ្ចប់ថវិកា សេវាអនាម័យបរិស្ថាន ទម្លាក់កញ្ចប់ថវិកា ប្រមាណ៥ពាន់លានរៀល ជូនទៅរដ្ឋបាលក្រុង ស្រុក នៅទូទាំងប្រទេស  សម្រាប់ឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់នោះ អនុវត្តមុខងារ គ្រប់គ្រងសំរាម សំណល់រឹង រាវនៅទីប្រជុំជន។

សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា សម្រាប់ការផ្លាស់ប្តូរឥរិយាបថ របស់រដ្ឋផ្ទេរទៅឲ្យអាជ្ញាធរមូលដ្ឋាន អនុវត្តផ្ទាល់នេះ ប្រសិនបើអនុវត្តបានជោគជ័យ រដ្ឋបាលថ្នាក់ជាតិ នឹងបង្កើនការផ្ទេរមុខងារ និងថវិកាថែមទៀត ដើម្បីសម្រេចគោលដៅ ការគ្រប់គ្រង កាអភិវឌ្ឍន៍របស់ប្រទេសជាតិ ៕