បណ្តាញសង្គម

រុស្ស៊ី​​​ នឹង​ជួយ​កម្ពុជា​ក្នុង​ការ​បង្កើត​ថាមពល​នុយក្លេអ៊ែរ

ភ្នំពេញៈ ប្រមុខក្រុមហ៊ុន នុយក្លេអ៊ែរ របស់ប្រទេស រុស្ស៊ី លោក Sergei Kirienko បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ី នឹងជួយប្រទេសកម្ពុជា ធ្វើការងារឆ្ពោះទៅ រកការបង្កើត រោងចក្រ ថាមពលនុយ ក្លេអ៊ែរ មួយនៅក្រោម កិច្ចព្រមព្រៀង មួយដែល ប្រទេសទាំងពីរ បានចុះហត្ថលេខា នៅដើមសប្តាហ៍នេះ ។

កម្ពុជាត្រូវ ពឹងផ្អែកស្ទើរ ទាំងស្រុង ក្នុងការផលិត ថាមពលដោយឥន្ធនៈ និងថាមពល នាំចូលយ៉ាងច្រើន ។ អគ្គិសនីនៅក្នុង ប្រទេសនេះស្ថិត នៅក្នុងចំណោមប្រទេស ដែលមានតម្លៃថ្លៃ បំផុតនៅតំបន់ អាស៊ីអាគ្នេយ៍ដែលធ្វើឲ្យ មានការត្អូញត្អែរ ចេញពីក្រុមវិនិយោគិន ។

លោក Kirienko បានប្រាប់នៅថ្ងៃពុធ នៅពេលសួរ អំពីកិច្ចព្រម ព្រៀងនោះថា ៖ «រដ្ឋាភិបាលកម្ពុជាកំពុង ពិចារណាអំពីការ សាងសង់ស្ថានីយ ថាមពលនុយក្លេអ៊ែរ មួយនៅពេលអនាគត » ។  លោក ម៉េង សក្តិធារ៉ា អ្នកនាំពាក្យ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាល ពីម្សិលមិញថា ពិតជាមានការចុះ កិច្ចព្រមព្រៀងនេះ មែនប៉ុន្តែលោក បានបដិសេធធ្វើ អធិប្បាយដោយ ជំរុញឲ្យទៅសួរលោក ទុន លាន អ្នកនាំពាក្យ ម្នាក់ទៀតដែលទទួល ខុសត្រូវលើបញ្ហានេះ ។

 កិច្ចព្រមព្រៀងនោះ ត្រូវបានចុះហត្ថលេខា នៅក្នុងអំឡុង ទស្សនកិច្ច របស់នាយករដ្ឋ មន្ត្រីរុស្ស៊ីលោក Dritry Medvedev មកកាន់កម្ពុជា នៅសប្តាហ៍នេះ ។ នេះជាទស្សនកិច្ច លើកដំបូងមកកាន់ កម្ពុជាដោយអ្នកនយោបាយជាន់ខ្ពស់ រុស្ស៊ី ចាប់តាំងពីឆ្នាំ ១៩៨៦ មក ។ នៅក្រោមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនោះ រុស្ស៊ីនឹងផ្តល់ ជំនាញការសិក្សា ស្រាវជ្រាវ និងបណ្តុះ បណ្តាលកម្ពុជា ។ លោក Kirienko បានថ្លែងថា៖ «ប្រហែលជាការល្អប្រសើរ ដែលចាប់ផ្តើម ជាមួយ នឹងម៉ាស៊ីន រ៉េអាក់ទ័រ ស្រាវជ្រាវមួយគ្រឿង និងមជ្ឈមណ្ឌល ស្រាវជ្រាវមួយ នៅកម្ពុជា » ដោយលោកបញ្ជាក់ថា រុស្ស៊ីបានសម្រេច កិច្ចព្រមព្រៀង ស្រដៀងគ្នាមួយ ជាមួយប្រទេស បូលីវី ។

លោក Kirienko បាននិយាយថា ការអភិវឌ្ឍសេដ្ឋកិច្ច គឺត្រូវការប្រភព ថាមពលមួយ គួរឲ្យទុកចិត្ត តម្លៃថោក និងត្រូវបានធានា ឲ្យបានត្រឹមត្រូវ ។ កិច្ចព្រមព្រៀង ដទៃទៀតដែល ត្រូវបានចុះហត្ថលេខា នៅពេលបំពេញទស្សនកិច្ចនេះ គ្របដណ្តប់បញ្ហា ជាច្រើន ដូចជាការតាមដាន ប្រព័ន្ធហិរញ្ញវត្ថុ របស់កម្ពុជា វិធានការនានា ដើម្បីទប់ស្កាត់ការ លាងលុយ ។ កម្ពុជាកំពុងស្វែង រកទឹកប្រាក់បីពាន់ លានដុលារ ពីការវិនិយោគបរទេសដើម្បី សាងសង់រោងចក្រ វារីអគ្គិសនីចំនួន ៦ ត្រឹមឆ្នាំ ២០១៨ ខណៈដែល ខ្លួនខិតខំប្រឹងប្រែង បំពេញតម្រូវការ ថាមពល ក្នុងស្រុកដែលកំពុង កើនឡើង ។ 

កម្ពុជា បានកំពុងសិក្សា បច្ចេកវិទ្យាថាមពល នុយក្លេអ៊ែរ ជាស្រេចដែលជំរុញ ដោយវិធានការស្រដៀង គ្នាជាច្រើន នៅក្នុងចំណោមអ្នក ជិតខាងអាស៊ីអាគ្នេយ៍ របស់ខ្លួន ៕