Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គនាយកដ្ឋានពន្ធដារ និងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា រៀបចំវេទិកាពន្ធដារ ២០២៣ ជំរុញការលើកកម្ពស់វប្បធម៌បង់ពន្ធ

  • បោះពុម្ព

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣

បានរៀបចំនូវវេទិកាពន្ធដារ (Tax Forum 2023) ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងអ្នកឧកញ៉ា គង់ សាង

ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា (TAFTAC) និង ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិកនៃ TAFTAC ដែលជាម្ចាស់សហគ្រាស និងអ្នកតំណាងសហគ្រាសប្រមាណ ៦០០នាក់។

អ្នកឧកញ៉ា គង់ សាង បាន ថ្លែងអំណរគុណចំពោះលោក គង់ វិបុល និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ ដែលតែងតែផ្តល់ការយកចិត្តទុកដាក់គាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អដល់ វិស័យឯកជនតាមរយៈការចូលរួមក្នុងវេទិកាពន្ធដារនានា។

វេទិកាថ្ងៃនេះ មានការចូលរួមភាគច្រើនពីសំណាក់រោងចក្រ ដែលជាសមាជិក TAFTAC និងមួយចំនួនទៀតពីក្រុមហ៊ុនឯកជនផ្សេងៗ ដែលការចូលរួមនេះ គឺបង្ហាញពីសារសំខាន់នៃប្រធានបទពន្ធដារក្នុងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននីមួយៗ។

អ្នកឧកញ៉ាបានលើកឡើងទៀតថា វេទិកានេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់អ្នកចូលរួមក្នុងការទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ច សារពើពន្ធនៅកម្ពុជា ជាពិសេស បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការងារសវនកម្ម និងបណ្តឹងតវ៉ា។

ជាក់ស្តែង រោងចក្រ សហគ្រាស ត្រូវមានកាតព្វកិច្ចចុះបញ្ជីពន្ធដារ ដាក់លិខិតប្រកាសពន្ធឱ្យបានត្រឹមត្រូវ និងតាមពេលវេលាកំណត់ រីឯរដ្ឋបាលសារពើពន្ធ មានកាតព្វកិច្ចប្រមូលពន្ធ ជូនរដ្ឋសម្រាប់ជាថវិកាជាតិ ដូចមានចែងក្នុងច្បាប់ជាធរមាន។

លោក គង់ វិបុល បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា គង់ សាង ដែលបានផ្ដួចផ្ដើមរៀបចំវេទិកានេះឡើង ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ និងជា ការចូលរួមលើកកម្ពស់វប្បធម៌បង់ពន្ធនៅកម្ពុជា។

អគ្គនាយកដ្ឋានពន្ធដារ តែងតែខិតខំផ្សព្វផ្សាយ តាមរយៈការរៀបចំ សិក្ខាសាលា វេទិកាពន្ធដារ វគ្គបណ្តុះបណ្តាល ការផ្ដល់សេវាពិគ្រោះយោបល់ តាមរយៈទូរស័ព្ទ (Call Center-1277) និងការរៀបចំកម្មវិធី “ពន្ធដារកម្ពុជា” (GDT Facebook Live) ដើម្បីពន្យល់និង ដោះស្រាយបញ្ហាប្រឈមនិងចម្ងល់របស់ អ្នកជាប់ពន្ធ។

នៅរយៈពេលកន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍនិងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធកម្មវិធីប្រកាស និងបង់ប្រាក់ពន្ធតាមអនឡាញ ដែលមានភាពងាយស្រួល ចំណេញពេលវេលាដល់អ្នកជាប់ពន្ធ និងមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ដល់ការងារប្រមូលចំណូលពន្ធចូលថវិកាជាតិ។

វេទិកាពន្ធដារនេះ មានវាគ្មិនជំនាញពាក់ព័ន្ធមកពី អគ្គនាយកដ្ឋានពន្ធដារនិងវិស័យឯកជន នឹងធ្វើបទបង្ហាញ និងពន្យល់ឱ្យបានក្បោះក្បាយអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធី នៃការអនុវត្តកាតព្វកិច្ចសារពើពន្ធ ក្នុងដំណើរការអាជីវកម្មនៅកម្ពុជា។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ច្បាប់ស្តីពីសារពើពន្ធ (ថ្មី) ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយបានចងក្រងប្រមូលផ្តុំច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន នៅក្រោម ក្រឹត្យ-ច្បាប់នានា និងច្បាប់ស្តីពីសារពើពន្ធបច្ចុប្បន្ន ព្រមទាំងវិសោធនកម្មជាបន្តបន្ទាប់ ក្នុងគោលបំណងផ្តល់ភាព ងាយស្រួលក្នុងការស្វែងរក និងអនុវត្ត។

លោកបានគាំទ្រ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជនចូលរួមពង្រឹងអនុលោមភាពសារពើពន្ធ ដោយស្ម័គ្រចិត្ត ដើម្បីចៀសវាងការពិន័យទោសទណ្ឌនានា

អគ្គនាយកដ្ឋានពន្ធដារមិនចង់ទៅរំខានដល់សហគ្រាសទាំងឡាយទេ ជាក់ស្តែងកន្លងមក នៅពេលចុះធ្វើសវនកម្មតែងតែរកឃើញនូវការគេចវេះ និងបង់ប្រាក់ពន្ធខ្វះ ជាប្រចាំ ដូច្នេះសូមចូលរួមពង្រឹងអភិបាលកិច្ចសាជីវកម្មល្អ របស់សហគ្រាសផងដែរ។

លោកបន្ថែមថា ចាប់តាំងពីអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាម អនឡាញ (e-Filing) ដែលមានលក្ខណៈ ពេញលេញ ជួយសម្រួលនិងផ្ដល់លទ្ធភាពឱ្យអ្នកជាប់ពន្ធដាក់លិខិត ប្រកាសពន្ធតាមអនឡាញបានយ៉ាងរលូន ចំណេញពេលវេលាមានតម្លាភាពខ្ពស់ ព្រមទាំងជំរុញពង្រឹងប្រសិទ្ធភាព ក្នុងការប្រមូលចំណូលពន្ធពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

បានប្រកាសនិងដាក់ចេញនូវវិធានការសម្រួលនិងលើកទឹកចិត្តផ្នែកពន្ធដារជាច្រើន ហើយអគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តធ្វើកំណែទម្រង់ និងទំនើបកម្ម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង នូវការផ្តល់សេវាអ្នកជាប់ពន្ធជាប្រចាំ៕

ដកស្រង់ពី៖ Fresh News