Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំកិច្ចប្រជុំដើម្បីតាមដានវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍លើការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គ និងបច្ចេកទេសលើកទី៨ នៅខេត្តសៀមរាប នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-Preah Vihear នឹងរៀបចំកិច្ចប្រជុំ ICC-Preah Vihear នៅថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២៤ ជាថ្មីម្តងទៀត ដើម្បីតាមដានវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ លើការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកស្រី Zhu Ye អគ្គនាយករងរដ្ឋបាលវប្បធម៌

និងបេតិកភណ្ឌចិន ជាសហប្រធានចិន និងលោក Richhpal Singh ឧបការីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ជាសហប្រធានឥណ្ឌា ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន៥ ប្រទេសរួមមាន៖

បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ដោយមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ ១០០រូប និងចូលរួមតាម Online ៣១រូប។

អង្គប្រជុំបានចាប់ផ្តើម ដោយការស្វាគមន៍ និងការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងមក ដែលនឹងបង្កើនការយកចិត្តទុកដាក់លើសកម្មភាពការងារអភិរក្សបន្ថែមទៀតពីសហគមន៍អន្តរជាតិលើយន្តការដែលកំពុងអនុវត្តក្នុងក្របខណ្ឌ ICC-Preah Vihear។

កិច្ចប្រជុំ ICC-Preah Vihear ត្រូវបានរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិ ព្រះវិហារ និងដៃគូអន្តរជាតិ។

អង្គប្រជុំបានលើកឡើងនូវការងារសំខាន់ៗមួយចំនួនដូចជា របាយការណ៍ វឌ្ឍនភាពការងារជួសជុលគោបុរៈទី៥នៃប្រាសាទព្រះវិហារដោយអ្នកជំនាញការឥណ្ឌា, របាយការណ៍ ស្ដីពីលទ្ធផលសិក្សាស្រាវជ្រាវបឋមសម្រាប់ការអភិរក្សនិងជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ ដោយអ្នកជំនាញការចិន និងការងារជួសជុលរូបបំណែកព្រះឥសូរាំនៅប្រាសាទធំ ជាដើម។

ជាមួយគ្នានេះអង្គប្រជុំបានរាយការណ៍អំពីរបាយការណ៍អាជ្ញាធរជាតិព្រះវិហារមួយចំនួនដូចជា៖ ការអភិរក្សនិងជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ ការអភិរក្សនៅប្រាសាទ

បល័ង្កត្បូង (ប្រាសាទលិង្គ៣), ការស្រាវជ្រាវលើការតាំងទីលំនៅរបស់មនុស្សតាមរយៈការសង្កេត មើលសំណល់បុរាណវត្ថុ នៅរមណីយដ្ឋានកោះកេរ និងប្រាសាទព្រះវិហារ, ការសិក្សាប្រព័ន្ធធារាសាស្ត្រ បុរាណ នៅតំបន់កោះកេរ និងគម្រោងកែលម្អផ្លូវនៅតំបន់កោះកេរ ជាដើម។

អង្គប្រជុំបានសម្តែងនូវការអបអរសាទរចំពោះការចូលរួមចំណែកទាំងជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសរបស់រដ្ឋសមាជិក ICC-Preah Vihear ដែលបានអនុវត្តកន្លងមក។

ជាក់ស្តែងចាប់តាំងពីឆ្នាំ២០១៨មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ៧៦៧,០០០ដុល្លារ ស.រ.អ សម្រាប់ការងារជួសជុលជណ្តើរបុរាណខាងជើង ដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងការបណ្តុះបណ្តាលជំនាញភាសាអង់គ្លេស។

ប្រទេសឥណ្ឌា បាននឹងកំពុងបំពេញការងារជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ជាដំណាក់កាលៗ ចំណែកឯប្រទេសចិន បានធ្វើការសិក្សាស្រាវជ្រាវការងារជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ

មុននឹងចាប់ផ្តើមការងារជួសជុល ខណៈពេលដែលកម្ពុជា និងចិន បានចុះហត្ថលេខារួចរាល់ហើយលើលិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងជួសជុលប្រាសាទព្រះវិហារ

ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ដែលបានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ៕

ដកស្រង់ពី៖ Fresh News