បណ្តាញសង្គម

លោក នុត ពុធដារ៉ា ចុះពិនិត្យមើលការស្តារប្រឡាយ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ បានដឹកនាំមន្ត្រី រាជការសាលាខណ្ឌ ចុះពិនិត្យមើលការស្តារប្រឡាយ ០១ខ្សែ ដែលមានប្រវែង ៣០០០ម៉ែត្រ ស្ថិតនៅក្នុង ភូមិសាស្ត្រសង្កាត់ចំនួន ០៤ គឺសង្កាត់ក្រាំងពង្រ សង្កាត់ពងទឹក សង្កាត់ព្រៃវែង និងសង្កាត់ សាក់សំពៅ ព្រមទាំងឆ្លៀតឱកាស សំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ ទាំង០៤សង្កាត់ ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការសាកសួរសុខទុក្ខ ពីលោកអភិបាលរាជធានីភ្នំពេញ ដែលតែង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ដល់បញ្ហានានា របស់បងប្អូនប្រជា ពលរដ្ឋទាំងអស់ នៅមូលដ្ឋាន ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ដែលជានិច្ច កាលសម្តេចតែង បានគិតគូអំពីការលំបាក និងបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋ និងបានណែនាំឲ្យអាជ្ញាធរ មូលដ្ឋានគ្រប់ លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ ចំពោះរាល់ សំណូមពររបស់ ប្រជាពលរដ្ឋ តាមរយៈវេទិកា សាធារណៈនានា និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ព្រមទាំងរាយការណ៍ ជូនថ្នាក់ដឹកនាំអំពីបញ្ហា កង្វល់ និងតម្រូវការនានារបស់បងប្អូន។

ជាមួយគ្នាលោកអភិបាល ក៏បានធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានដឹងអំពីការសម្រេច របស់សម្តេចតេជោ ដើម្បីសម្រាលដល់ការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ លើបញ្ហាមួយចំនួនដូចជា

-ការទទួលស្គាល់ប័ណ្ណសម្គាល់យានយន្ត ដែលកាន់កាប់ជាក់ស្តែង ហើយបានទិញបន្តពីម្ចាស់មុន មិនតម្រូវឲ្យមានការបញ្ជាក់ពីម្ចាស់ដើមទេ គឺអាចធ្វើការកាត់ឈ្មោះបានដើម្បីប្រើប្រាស់តែម្តង ។

-ការលើកលែងបន្ទុកបង់ពន្ធប្រថាប់ត្រា ដោយគិតអត្រាពន្ធ ០% ចំពោះការផ្ទេរមរតក ០៣ប្រភេទ គឺផ្ទេរពីជីដូនជីតាទៅចៅ ពីឪពុកម្តាយទៅកូន និងពីប្តីទៅប្រពន្ធ ឬប្រពន្ធ ទៅប្តី។

-ការកំណត់ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យទីតាងសម្រាប់ពិនិត្យបច្ចេកទេសរថយន្ត (ឆៀក) ឲ្យបានច្រើនកន្លែងដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ។

-ចាប់ពីខែមេសា ឆ្នាំ២០១៧ តទៅ ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់បណ្តាញអគ្គិសនីរបស់រដ្ឋ ត្រូវគិត តម្លៃត្រឹម ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងការប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ម៉ោង ចុះក្រោម។

ដែលទាំងអស់នេះបានបង្ហាញអំពីការយកចិត្តទុកដាក់ ទទួលយកសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីដោះស្រាយជូនបងប្អូន ឲ្យទទួលបាននូវសេវាសាធារណៈសមរម្យ និងផលប្រយោជន៍បន្ថែមទៀត។

គួរបញ្ជាក់ថាៈ ប្រឡាយ ០១ខែ្ស ដែលបានស្តារ មានប្រវែង ៣០០០ម៉ែត្រ ស្តារបន្តពីឆ្នាំកន្លងមុន ប្រវែង ១៥០០ម៉ែត្រ ដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់ផ្លូវចរាចរណ៍ និងស្រោចស្រពលើដីស្រែ របស់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ចំនួន ០៤ គឺសង្កាត់ក្រាំងពង្រ ពងទឹក ព្រៃវែង និងសាក់សំពៅ ដោយស្តារជម្រៅ ១,៥ម៉ែត្របន្ថែម លើជម្រៅប្រឡាយចាស់ និងមានទំហំ ៥ម៉ែត្រ ទំហំផ្លូវអមសងខាងប្រឡាយ មានទំហំ ៥ម៉ែត្រ សងខាង ៕

ដកស្រង់ពី៖ ដើមអម្ពិល