បណ្តាញសង្គម

សម្តេចស ខេង ជំរុញឲ្យមន្ត្រី ថ្នាក់ក្រោមជាតិ កសាងផ្លូវលំជនបទ ដែលមានភាពខ្វះខាត

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ ឲ្យមន្ត្រីថ្នាក់ ក្រោមជាតិ ធ្វើការកសាងផ្លូវលំ ដែលមានការលំបាក នៅតាមទីជនបទ ដើម្បីជួយដល់ ប្រជាពលរដ្ឋឲ្យងាយ ស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក។

សម្តេច បានថ្លែងក្នុង កិច្ចប្រជុំលើកទី១១ របស់គណៈកម្មាធិការ ជាតិសម្រាប់ ការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០១៦ថា ហេដ្ឋារចនា សម្ព័ន្ធត្រូវបាន គេមើលឃើញថា មានការអភិវឌ្ឍ យ៉ាងណាលឿន លើផ្លូវជាតិ ប៉ុន្តែមានផ្លូវលំមួយចំនួន ក្នុងស្រុក ភូមិ ឃុំ មួយចំនួន ក្នុងខេត្តនានា មិនទាន់បានធ្វើឲ្យស្អាត ដើម្បីងាយស្រួល ធ្វើដំណើរ នៅឡើយទេ។ ជាក់ស្តែងនៅ មានភាពគ្រលុក  និងមិនទាន់ក្រាល កៅស៊ូ  និងមានសភាពហ៊ុយ ទ្រលោមជាដើម។

ការជំរុញ របស់សម្តេច ស ខេង បន្ទាប់ពីស្តាប់ របាយការណ៍ របស់លោក សួ ស គង់ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាក្រសួង មានភារកិច្ច ដាក់កម្មវិធី វិមជ្ឈការនិង វិសហមជ្ឈការ ទៅថ្នាក់មូលដ្ឋាន ក្រោមជាតិ។ សម្តេច ស ខេង ស្វាគមន៍ចំពោះ លទ្ធផលដែល ក្រសួងធ្វើបាន  ប៉ុន្តែសម្តេច បានចាប់អារម្មណ៍ ចំពោះបញ្ហាផ្លូវ លំជនបទក្នុងភូមិ ដែលមាននៅមានភាពខ្វះខាត និងពិបាកធ្វើដំណើរដល់ផ្ទះប្រជាពលរដ្ឋ។

  សម្តេចបញ្ជាក់ថា «យើងយកចិត្តទុកដាក់ ចំពោះផ្លូវឆ្លងកាត់ ខេត្តស្រុក ឃុំ ចំណែកផ្លូវ ក្នុងភូមិមិនទាន់ បានសម្រេច ទំាងអស់នោះទេ។ នៅស្រុកខ្លះយើង ធ្វើផ្លួវមួយខ្សែ ទៅអាច ឆ្លងកាត់បាន ស្ទើតែទំាងអស់ នៅតាមភូមិសាស្ត្រ ដែលពលរដ្ឋរស់នៅ ប៉ុន្តែកន្លែង ខ្លះមិនមែន អញ្ចឹងទំាង អស់នោះទេ ។ កន្លែងខ្លះ ធ្វើមួយខ្សែ ទៅបានដើរ តែប៉ុន្មានភូមិនោះទេ ក្រៅពីនឹងទាល់តែ ធ្វើចូល ទើបដើរបានទៅ ដល់ផ្ទះគាត់ » ។

 ជាមួយគ្នាដែរសម្តេច ជំរុញឲ្យរដ្ឋាបាល ថ្នាក់ក្រោមជាតិ ដូចជាស្រុក ឃុំ ធ្វើការកសាង ដោយមិនចាំ បាច់រងចំា ឬធ្វើសំណើរទៅថ្នាក់ លើទំលាក់ការ អនុញ្ញាត ឲ្យធ្វើនោះទេ  ព្រោះត្រូវ ការចំណាយពេល យូរ៕

 ដកស្រង់ពី៖ ដើមអម្ពិល