បណ្តាញសង្គម

ក្រសួងវប្បធម៌ ទទួលថវិកាជាង ៨៧លានរៀល ពីវិស័យ ភាពយន្ត បង់ចូលរដ្ឋ

ភ្នំពេញ៖ សព្វថ្ងៃវិស័យភាពយន្ត នៅក្នុងប្រទេស កម្ពុជា កំពុងតែមាន ភាពរីកចម្រើន គួឲ្យកត់សម្គាល់ ហើយនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា ក្រសួងទទួល ថវិកាសរុប៨៧.៦០៥.០០០ រៀលមកពី វិស័យភាពយន្ត បង់ចូលរដ្ឋ។

ក្នុងឱកាស បើកសន្និបាត បូកសរុប លទ្ធផល ការងារក្រសួងវប្បធម៌ ឆ្នាំ២០១៥  និងលើកទិសដៅ ឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី១៣ មករា នេះ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ បានថ្លែងថា “ ក្រសួងបានទទួលថវិការ សរុប ៨៧.៦០៥.០០០ រៀលមកពី វិស័យភាពយន្ត បង់ចូលថវិការដ្ឋ ដោយឆ្នាំ២០១៥ កន្លងទៅនេះ ក្រសួង បានរៀបចំយន្តការ សម្របសម្រួល និងផ្សព្វផ្សាយការ ទាក់ទាញ និងផ្តល់សេវាកម្ម ថតខ្សែភាពយន្តបរទេស ហើយក្រសួង បានទទួលនិង ផ្តល់ការអនុញ្ញាតិ ឲ្យផលិតកម្មភាពយន្ត បរទេស បាន ២១ចំណងជើង” ។

លោកថា ក្រៅពីភាពរីកចម្រើន នៃវិស័យភាពយន្ត ក្រសួងវប្បធម៌ ក៏បានបង្ហាញពី លទ្ធផលផ្លែផ្កាជាច្រើនទៀតដែល ក្រសួងសម្រេចបាន នាឆ្នាំ២០១៥កន្លងទៅ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងនាឱកាសនោះថា  ចាប់ពីពេលនេះតទៅ ចក្ខុវិស័យរបស់ក្រសួងត្រូវប្តូរថ្មី ក្នុងស្ថានភាពប្រគួតប្រជែង ដើម្បីវឌ្ឍនភាពនិងស្ថិរភាពជាតិ ព្រោះការងារមិនមែន ប្រឈមតែត្រឹមកំរិតក្រសួង អង្គភាពឬអន្តរវិស័យ ប៉ុណ្ណោះទេ តែត្រូវប្រឈមចំពោះ សហគន៍អាស៊ាន តំបន់ និងពិភពលោកទៀតផង។

លោកស្រីបន្ថែមថា “ ទម្លាប់ថ្មីដែលយើងត្រូវប្រកាន់យក គឺដើម្បីខ្លួនយើងនិងប្រទេសជាតិ ក្នុងនាមជាមន្ត្រី ត្រូវមានស្មារតីបង្កើត សកម្មភាពជំនាញ និងគំនិតផ្តួចផ្តើម  គិតដល់ផែនការការងារ ចង្វាក់ការងារ និងប្រសិទ្ធភាពការងារ  និងធ្វើការជាក្រុម ដើម្បីផលប្រយោជន៍រួម ជាពិសេសមន្ត្រី ត្រូវមានស្មារតី បំពេញការងារដោយ ទទួលខុសត្រូវខ្ពស់” ៕

ដកស្រង់ពី៖ ដើមអម្ពិល