បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អនុញ្ញាតិ ឲ្យទីប្រឹក្សាជាន់ខ្ពស់ ផ្នែកទំនាក់ទំនង អន្តរជាតិ របស់ប្រធានាធិបតី ទួរគី ជូបសំដែងការគួរសម

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែមករា នេះ បានអនុញ្ញាតិឲ្យលោកស្រី អាយសេ ស៊ីនៀលីអូគ្លូ (AYSE Sinirlioglu) ទីប្រឹក្សា ជាន់ខ្ពស់ផ្នែក ទំនាក់ទំនង អន្តរជាតិរបស់ ប្រធានាធិបតីទួរគី (Sherpa) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួននោះ លោកស្រី អាយសេ ស៊ីនៀលីអូគ្លូ បានរំលឹកពីសំណើរបស់ លោក រីសិប ថៃយីប អឺឌូហ្គាន់ (Recep Tayyip Erdoğan) ប្រធានាធិបតីទួរគី សូមអញ្ជើញ សម្តេចអគ្គម ហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសំណើរបស់ លោក មេវលូត សាវូសុកគ្លូ (Mevlüt Çavuşoğlu) រដ្ឋមន្រ្តីការបរទេសទួរគី សូមអញ្ជើញ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅបំពេញទស្សនកិច្ចនៅទួរគី ក្នុងឆ្នាំ២០១៦នេះ និងបានបញ្ជាក់ថា ទស្សនកិច្ចនេះ នឹងបើកទំព័រថ្មី នៃការពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

លោកស្រី ស៊ីនៀលីអូគ្លូ ក៏បានជំរាបជូន លោកឧបនាយករដ្ឋមន្ត្រី ពីសំណើរបស់ ប្រធានាធិបតីទួរគី សូមអញ្ជើញតំណាងជាន់ខ្ពស់ របស់កម្ពុជា ចូលរួម “កិច្ចប្រជុំកំពូល មនុស្សធម៌ ពិភពលោកឆ្នាំ២០១៦” (World Humanitarian Summit 2016) នៅទីក្រុងអ៊ីស្តង់ប៊ូល (Istanbul) ថ្ងៃទី ២៣-២៤ ឧសភា ឆ្នាំ២០១៦ និងកិច្ចប្រជុំ “ការពិនិត្យឡើងវិញ ក្នុ្ងងពាក់កណ្តាល អាណត្តិ នូវផែនការសកម្មភាព ទីក្រុងអ៊ីស្តង់ប៊ូល” (Midterm Review of Istanbul Programme of Action) នៅទីក្រុងអន់តាល់យ៉ា (Antalya) ប្រទេសទួរគី ថ្ងៃទី២៧-២៩ ខែឧសភា ឆ្នាំ២០១៦ ដើម្បីពិនិត្យការវាយតំលៃ ការអនុវត្តន៍ ផែនការសកម្មភាព ទីក្រុងអ៊ីស្តង់ប៊ូល របស់ប្រទេស មានការអភិវឌ្ឍន៍តិច និងដៃគូអភិវឌ្ឍន៍។

លោកឧបនាយករដ្ឋមន្រ្តី និងលោកស្រី អាយសេ ស៊ីនៀលីអូគ្លូ បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា អំពីការជំរុញ បន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ទ្វេរភាគី ពិសេសលើផ្នែកសេដ្ឋកិច្ច និង ហើយភាគីទំាងពីរ បានវាយតំលៃខ្ពស់ ចំពោះការរីកចំរើន ក្នុងទំនាក់ទំនង ទ្វេភាគី រវាងប្រទេសទាំងពីរ ដូចជាការបង្កើត ក្រុមប្រឹក្សាធុរៈកិច្ច និងគណកម្មការចំរុះ សហប្រតិបត្តិការ សេដ្ឋកិច្ច សំរាប់ជម្រុញ អនុវត្តឲ្យបានសំរេច នូវគោលដៅផ្លាស់ប្តូរ ពាណិជ្ជកម្មទំហំ ៥០០លានដុល្លារ ក្នុងឆ្នាំ២០២០។ ដោយឡែកពីនេះ ក៏មានឯកសារ មួយចំនួនទៀត ដែលប្រទេសទាំងពីរ បានចុះហត្ថលេខា រួចហើយដូចជា កិច្ចព្រមព្រៀង សេវាកម្មអាកាសចរ កិច្ចព្រមព្រៀង ស្តីពីការជំរុញ និងការការពារ វិនិយោគទុន និងកិច្ចព្រមព្រៀង ស្តីពី វិស័យទេសចរណ៍ ហើយនិងការត្រៀម ចុះហត្ថលេខា លើអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិ ការការទូត កិច្ចព្រមព្រៀង ស្តីពីសហប្រតិបត្តិការ វប្បធម៌។

ក្រៅពីនេះ ភាគីទំាងពីរ ក៏បានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា លើការជម្រុញ ការអនុវត្តន៍ ឯកសារដែលបាន ចុះហត្ថលេខា ខាងលើនេះ ជាអាទិ៍ ការផ្លាស់ប្តូរ ទស្សនកិច្ចទៅវិញទៅមក របស់សភាពាណិជ្ជកម្ម (Chamber of Commerce) និងធុរកិច្ចជន ការបង្កើត ឲ្យមានជើងហោះហើរត្រង់ និងការរៀបចំឲ្យមាន ការតាំងបង្ហាញផ្នែកទេសចរណ៍ របស់កម្ពុជានៅប្រទេសទួរគី សំដៅជម្រុញ ទេសចរណ៍ទួរគី ឲ្យមកបំពេញទស្សនកិច្ច នៅកម្ពុជា។

 ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង បានស្នើឲ្យទួរគី ពិនិត្យលទ្ធភាព ក្នុងការនាំចូលអង្ករ ពីកម្ពុជាដែលទទួលបានចំណាត់ថ្នាក់ជាអង្ករលេខ១ នៅលើពិភពលោក ក្នុងរយៈពេល ៤ឆ្នាំជាបន្តបន្ទាប់ ពីឆ្នាំ២០១២-២០១៥។ ហើយលោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលទួរគី ដែលបានផ្តល់ អាហារូបករណ៍ សំរាប់ការបណ្តុះបណ្តាល អ្នកការទូតវ័យក្មេង របស់កម្ពុជាចំនួន ៩នាក់។ ហើយលោកឧបនាយករដ្ឋមន្រ្តី និងលោកស្រី ស៊ីនៀលីអូគ្លូ ក៏បានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ផងដែរ អំពីកិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវេទិការអន្តរជាតិ និងការរៀបចំ ឲ្យមានកិច្ចប្រជុំ ពិគ្រោះយោបល់រវាងប្រទេសទាំងពីរ៕

ដកស្រង់ពី៖ ដើមអម្ពិល