ក្រោយពលរដ្ឋរិះគន់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA)លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាមរយៈសំណេរលើគណនីហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃពុធនេះ អះអាងថា ពលរដ្ឋខ្មែរមួយចំនួនកំពុងមើលសម្ដេចតេជោក្នុងផ្លូវខុស ព្រោះកន្លងមកសម្តេចតេជោ ហ៊ុន សែន តែងតែតម្កល់ផលប្រយោជន៍ខ្មែរធំជាងជីវិតរបស់លោក។
ផ្អែកលើសមិទ្ធិផលនៃការដឹកនាំរបស់សម្ដេចតេជោ តាំងតែពីអតីតកាល និងបន្សល់ទុកដល់បច្ចុប្បន្ន លោក ព្រាប កុល ហ៊ានធានាជូនពលរដ្ឋខ្មែរថា ទៅថ្ងៃអនាគត សម្ដេចតេជោ នឹងបន្តតម្កល់ផលប្រយោជន៍ខ្មែរធំជាងជីវិតរបស់សម្ដេចបន្តទៀត។
ការកត់សម្គាល់ ពលរដ្ឋកម្ពុជាមួយចំនួនធំយល់ច្រឡំ និងមានពលរដ្ឋមួយក្ដាប់បានចោទថា សម្ដេចតេជោ និងសម្ដេចធិបតី បានកាត់ដីចំនួន៤ខេត្តឱ្យទៅវៀតណាម។
តាមរយៈសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នាថ្ងៃទី២៣ ខែកក្កដាសម្ដេចតេជោ ហ៊ុន សែន អះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច មិនបានចុះកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ។
សម្ដេចតេជោ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV មានកិច្ចព្រមព្រៀង៥ ដែលផ្ដោតលើការជំរុញវិស័យសេដ្ឋកិច្ច។
ជាមួយនឹងការអះអាងថាកម្ពុជាមិនបានប្រគល់ដីឱ្យវៀតណាម សម្ដេចតេជោ បានរៀបរាប់ឱ្យដឹងថា កិច្ចព្រមព្រៀងដែលភាគីទាំង៣ កម្ពុជា ឡាវ និង វៀតណាម មានជាមួយគ្នា តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV) នេះ គឺចំនួន៥ រួមមាន៖
១) កិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍
២) កិច្ចព្រមព្រៀងស្ដីពីការធ្វើពាណិជ្ជកម្ម ផ្លាស់ប្ដូរទំនិញ និងសេវាតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម
៣) កិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវ គោកកម្ពុជា-វៀតណាម
៤) អនុស្សារណៈស្ដីពីការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោកកម្ពុជា-ឡាវ និងកិច្ចព្រមព្រៀង
ទី៥) អនុស្សារណៈស្ដីពីការដឹកជញ្ជូនផ្លូវគោកកម្ពុជា-ឡាវ-វៀតណាម។ បន្ថែមពីកិច្ចព្រមព្រៀងខាងលើ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ក៏មានអនុស្សារណៈបច្ចេកទេសតាមក្រសួង-ស្ថាប័នរបស់ប្រទេសទាំង៣នេះមួយចំនួនទៀត ខណៈ CLV ក៏បានដាក់ចេញនូវផែនការមេចំនួនពីរ ដែលផ្ដោតលើវិស័យសង្គម សេដ្ឋកិច្ច ទេសចរណ៍ កសិ-ឧស្សាហកម្ម រវាងកម្ពុជា ឡាវ វៀតណាម ផងដែរ។
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម គឺខុសគ្នាពីកិច្ចព្រមព្រៀងរវាងទណ្ឌិតនិរទេសខ្លួននៅក្រៅប្រទេស សម រង្ស៊ី ជាមួយមេដឹកនាំកុកសរ ដែលបានសន្យាកាត់ដីឱ្យវៀតណាម៕
ដកស្រង់ពី៖ កម្ពុជាថ្មី