បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ នឹងជំរុញតួនាទីអ្នកសារព័ត៌មានក្នុងការបង្ការជំងឺឆ្លង

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការចាប់ផ្តើមគម្រោង “ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ” គឺមានសារៈសំខាន់ក្នុងការជួយជ្រោមជ្រែងឱ្យអ្នកសារព័ត៌មានដើរតួនាទីឈានមុខមួយក្នុងការបង្ការជំងឺឆ្លង តាមរយៈការធ្វើជាអ្នកនាំសាររវាងអ្នកវិទ្យាសាស្ត្រ អ្នកធ្វើការសម្រេចចិត្ត

សង្គមស៊ីវិល និងប្រជាជន។ទន្ទឹមនេះ យុទ្ធសាស្ត្រនៃការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ដើម្បីស្វែងយល់ពីភាពស្មុគស្មាញនៃបញ្ហាសុខភាព និងបរិស្ថាន ហើយសរសេរព័ត៌មានក្នុងលក្ខណៈសាមញ្ញងាយស្រួលយល់សម្រាប់សាធារណជនទូទៅ គឺស្របទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ដែលតែងតែប្រកាន់នូវគោលការណ៍ ខ្លី ខ្លឹម ខ្លាំង។

ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីនៃអង្គសិក្ខាសាលាបើកដំណើការគម្រោង«ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់សុខភាពតែមួយ» MEDAI FOR ONE HEALTH រៀបចំឡើងដោយភ្នាក់ងារអភិវឌ្ឍន៍ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសបារាំង (CFI) ដែលជាប្រតិបត្តិការក្រសួងអឺរ៉ុប និងបរទេសបារាំង ទទួលបន្ទុកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារ Sun Way ភ្នំពេញ។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីលោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមានអ្នកសារព័ត៌មានមកពីប្រទេសឡាវ វៀតណាម ហ្វីលីពីន និងអ្នកសារព័ត៌មានកម្ពុជា។

លោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈផ្នែកប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឱ្យបានយល់ដឹងកាន់តែច្បាស់អំពីវិធីសាស្រ្តនៃវិទ្យាសាស្រ្តសុខភាពតែមួយពេលនេះ។ បច្ចុប្បន្នសារព័ត៌មាន

បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសុខភាពសាធារណៈ ហើយតួនាទីនេះបានឆ្លុះបញ្ចាំងកាន់តែច្បាស់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការលេចឡើងនូវជំងឺរាតត្បាតថ្មីៗ ដូចជាជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀតដែលកើតឡើងចំពោះមនុស្ស សត្វ ដែលមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលធាតុអាកាស ឬការប៉ះពាល់បរិស្ថាន។

លោករដ្ឋមន្ត្រី មានជំនឿជឿជាក់យ៉ាងមុតមាំថា គម្រោងថ្មីនេះនឹងជួយឱ្យអ្នកសារព័ត៌មាន មានការយល់ដឹងកាន់តែល្អអំពីយន្តការ “សុខភាពតែមួយ” ហើយក៏ទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីយកទៅប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ជាប្រយោជន៍សម្រាប់សាធារណជន។

រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងព័ត៌មាន បានខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព័ត៌មាន

និងសោតទស្សន៍ឱ្យកាន់តែរីកចម្រើនដើម្បីបម្រើប្រយោជន៍សាធារណៈជន ក្រោមទិសស្លោក ថ្មី ពិត និងទូលំទូលាយប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឍដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពសេដ្ឋកិច្ច សង្គម នយោបាយ បរិស្ថាន និងសុខភាពសាធារណៈ ។

បើតាមរបាយការណ៍របស់ទីភ្នាក់ងារ CFI ចាប់តាំងពីឆ្នាំ២០១៨មក CFI បានធ្វើកិច្ចសហការប្រកបដោយផ្លែផ្កាជាច្រើននៅកម្ពុជា តាមរយៈគម្រោងនានា ដូចជា គម្រោងតភ្ជាប់ជនបទ (Rural Connections)

និងគម្រោងព័ត៌មានចីរភាពមេគង្គ (Mekong Sustainable News) ដែលបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែប្រសើរអំពីវិស័យកសិកម្ម សុខភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ក្នុងឱកាសនៃអង្គសិក្ខាសាលានេះដែរ តំណាងអង្គការសុខភាពពិភពលោកសម្រាប់សុខភាពសត្វ និងអ្នកសម្របសម្រួលថ្នាក់តំបន់សម្រាប់គម្រោងប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ

នៃទីភ្នាក់ងារអភិវឌ្ឍន៍ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសបាំង CFI បានចូលរួមមតិយោបល់សំខាន់ៗទាក់ទងសុខភាពមនុស្ស និងសុខភាពសត្វ និងវិធានការការពារ។

ជាមួយនេះ អង្គការ CIRAD ដែលមានជំនាញឯកទេសក្នុងការឃ្លាំមើលសុខភាពសត្វ ជីវសុវត្ថិភាព ការវិភាគហានិភ័យ និងការត្រៀមបង្ការនិងឆ្លើយតបការរីករាលដាលនៃជំងឺ

បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើន ដើម្បីឱ្យអ្នកសារព័ត៌មានបានដឹងយល់ច្បាស់នៅក្នុងគម្រោងប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ៕

ដកស្រង់ពី៖ កម្ពុជាថ្មី