បណ្តាញសង្គម

ក្រសួង​វប្បធម៌ នឹ​ង​ចាត់វិធានការ របាំ​អប្សរា​ រាំ​ក្នុងខារ៉ាអូខេ New Star KTV

ភ្នំពេញ៖ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួងវប្បវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា នឹងចាតវិធានការ ធ្វើការណែនាំ លើករណី របាំអប្សរារាំក្នុងខារ៉ាអូខេ New Star KTV ។


ប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថា មានភាពមិន ប្រក្រតី នៅលើបណ្តាញ សង្គមហ្វេសប៊ុក ជាមួយនឹង ឃ្លីបវិដេអូ របាំអប្សរា រាំជូនពរ នៅក្នុងបន្ទប់ ខារ៉ាអូខេ ដែលធ្វើឲ្យ មហាជនមានភាព មិនសប្បាយរីករាយ រហូតដល់ចង់ឲ្យ ក្រសួងពាក់ព័ន្ធ ឲ្យចុះទៅសាកសួរ ម្ចាស់ខារ៉ាអូខេ ខាងលើ ដើម្បីបញ្ជាក់ថា ហេតុអ្វី បានជាយក របាំខ្មែរ ដ៏មានតម្លៃ ស្ថិតក្នុង របាំព្រះរាជទ្រព្យ ទៅធ្វើយ៉ាងដូច្នោះ ។ ពាក់ព័ន្ធករណីនេះ លោក ថៃ នរៈសត្យា បានថ្លែង នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នេះឲ្យដឹងថា «ក្រសួងវប្បធម៌ មើលឃើញភាពដូច អត់សម ហេតុសមផល ក្នុងតួនាទី របស់យើង ដែលជាអ្នក ការពារ កិត្តិយសជាតិ អត្តសញ្ញាណជាតិ ហើយយើង ជាអ្នកធ្លាប់ និយាយថា អភិរក្ស អភិវឌ្ឍន៍ វប្បធម៌ ដែលជា បេតិកភ័ណ្ឌដ៏ថ្លៃថ្លា » ។

លោកថ្លែងបន្តថា «ការដែលយក របាំជូនពរ ដាក់ក្នុងបន្ទប់ ខារ៉ាអូខេ វាអត់សម ព្រោះថាកន្លែង ខារ៉ាអូខេនេះ ជាកន្លែងដែល សប្បាយ តាមរបៀបថ្មី ហើយខ្ញុំមិន បាច់ពន្យល់ពាក្យ ខារ៉ាអូខេនោះទេ ព្រោះថាមនុស្ស ប្រុសស្រីៗ សម័យហ្នឹងដឹងហើយ » ។

លោកថា «ការដែល គេយករបាំអប្សរា យកទៅដាក់ នៅខារ៉ាអូខនោះ មិនដឹងថាគេយក ពីអង្គភាពណា ឬសហគមន៍ ណាទៅទេ ប៉ុន្តែគេធ្វើចឹងមែន ខ្ញុំគិតថាអត់សម ហេតុសមផល ហើយកំពុងសិក្សា ហើយនឹងទប់ស្កាត់ អប់រំណែនាំ បញ្ហាហ្នឹង កុំឲ្យវាកើតតទៅទៀត» ។ ទោះបីជាលោក ថៃ នរៈសត្យា ថ្លែងយ៉ាងដូច្នោះក្តី ប៉ុន្តែ មជ្ឈដ្ឋានមហាជន សូមឲ្យ កម្លាំងស្ថាប័នពាក់ព័ន្ធ បើកការស៊ើបអង្កេត ដោយផ្អាក ខារ៉ាអូខេ ខាងលើបណ្តោះ អាសន្នសិន ធ្វើការព្រមាន ដើម្បីកុំឲ្យ បណ្តាលម្ចាស់ជំនួញ អាជីវកម្មស្ថិតក្នុងផ្នែក បម្រើដល់ការ កម្សាន្តសប្បាយរីករាយ យកទៅធ្វើយ៉ាង ដូច្នោះតទៅទៀត ៕

សកស្រង់ពី៖ដើមអម្ពិល