(ភ្នំពេញ)៖ ការចុះឈ្មោះបោះឆ្នោតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ប្រសិនបើមិនបានចុះឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទេនោះ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមិនមានសិទ្ធិចូលរួមបោះឆ្នោតនោះឡើយ។
ក្នុងដំណើរការរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបាន ហេតុនេះហើយទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជាធរមាន។
សម្រាប់ឆ្នាំ២០២៤នេះ គ.ជ.ប បានចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែសុខ រាជធានីភ្នំពេញ ដែលបានអញ្ជើញទពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០២៤ បានលើកឡើងព្រមគ្នាពីសារសំខាន់ នៃការចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដើម្បីផ្តល់ឱកាសដល់ពួកគាត់អាចមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ ចូលរួមបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ ក៏ដូចជាឥស្សរជនណាដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន។
បើតាមលោកស្រី ពៅ សោភ័ណ មានទីលំនៅភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ បានឱ្យដឹងថា បើទោះបីជាអាជ្ញាធរមូលដ្ឋាន បានប្រគល់ចុងសន្លឹកឈ្មោះបោះឆ្នោតថ្មីជូនគាត់ ព្រមទាំងក្រុមគ្រួសារក៏ដោយ ប៉ុន្តែ ខ្លួនគាត់ផ្ទាល់នៅតែសម្រេចចិត្តចុះមកពិនិត្យបញ្ជីឈ្មោះរបស់ខ្លួនបានច្បាស់លាស់បន្ថែមទៀត ដើម្បចៀសធ្វេសប្រហែសដោយប្រការណាមួយជាដើម។
ដោយឡែកសម្រាប់ប្រជាពលរដ្ឋផ្សេងទៀត ក៏បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងនាមជាប្រជាពលរដ្ឋ សម្រាប់ចូលរួមចំណែកសម្រេចនូវជោគវាសនា របស់ប្រទេសជាតិតាមរយៈការបោះឆ្នោត ១សន្លឹក ជ្រើសរើសមេដឹកនាំប្រទេសជាតិ។
សូមបញ្ជាក់ថា គ.ជ.ប តែងបានរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋមានអាយុគ្រប់ ១៨ឆ្នាំ អាចចូលរួមបោះឆ្នោតបាន។ ចំពោះប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ៕
ដកស្រង់ពី៖ Fresh News