បណ្តាញសង្គម

NGOគាំទ្រការផាកពិន័យ តាមភោជនីយដ្ឋាន និងអាហារដ្ឋាន ក្នុងករណីមិនបិទ ស្លាកហាមជក់បារី

ភ្នំពេញ៖ ភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួន នៅកម្ពុជា អាចប្រឈម ការផាកពិន័យ ចាប់ពី២-៥ម៉ឺនរៀល ប្រសិនបើពួកគេ នៅតែមិនព្រមទទួល បានការណែនាំ ពីក្រសួងសុខាភិបាល ក្នុងករណីមិន ព្រមចូលរួម អនុវត្តតាមមាត្រា ដែលមានចែង ក្នុងអនុក្រឹត្យជុំវិញ នៃការបិទស្លាកសញ្ញា នៅភោជនីយដ្ឋាន អាហាដ្ឋាន និងអាគារសាធារណៈ ។

កាលពីសប្តាហ៍មុន ក្រសួងសុខាភិបាល បានធ្វើការព្រមាន ដាក់ឱសានវាទ ដល់មា្ចស់ទីតាំង សាធារណៈ ឬម្ចាស់ អាហារដ្ឋាននានា ដោយទុក រយៈពេល៦ខែ ឲ្យបិទផ្សាយបំរាម «ហាមជក់បារី» បើមិនអនុវត្តតាមទេ ក្រសួងនឹង ចុះទៅផាកពិន័យ តែម្តង ។ លោកស្រី ឈៀង ឆដាភា ប្រធានមជ្ឈ មណ្ឌលជាតិ លើកកម្ពស់ សុខភាព នៃក្រសួង សុខាភិបាល ឲ្យដឹងថាការ ទុករយៈពេល ៦ខែ សម្រាប់ត្រៀម អនុវត្ត ការបិទស្លាក សញ្ញាអំពី ការហាមជក់បារី ឬការបង្ហុយផ្សែង ផលិតផល ថ្នាំជក់នេះ គឺជាពេលវេលាមួយ សមរម្យ ដើម្បីឲ្យម្ចាស់ អាជីវកម្ម ម្ចាស់ដឹកជញ្ជូន សាធារណៈ និងម្ចាស់ក ន្លែងធ្វើការ តាមក្រសួងស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវចូលរួមអនុវត្ដ ឲ្យបានគ្រប់ៗ គ្នាក្នុងការជួយអប់រំ និងផ្លាស់ប្ដូរឥរិយាបថ អ្នកជក់បារី ដែលបង្កផល ប៉ះពាល់ដល់ សុខភាពអ្នកនៅជុំវិញខ្លួន ។

លោក មុំ គង់ នាយកប្រតិបត្តិ អង្គការ ចលនាដើម្បីសុខភាព បានថ្លែងប្រាប់ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ថា “ខ្ញុំគិតថា នេះគឺជាឆន្ទៈ របស់រាជរដ្ឋាភិបាល ដែលគាត់ចេញ សារាចរហាមឃាត់ ពីការជក់បារី ដែលអនុ លោមទៅតាម ឆន្ទៈរបស់ ប្រជាពលរដ្ឋ ព្រោះថាបើតាម ការស្រាវជ្រាវ របស់វិទ្យា ស្ថានជាតិស្ថិតិ បានបង្ហាញថា ប្រជាពលរដ្ឋ កម្ពុជា រហូតដល់ទៅជាង៩០% ដែលបានធ្វើការគាំទ្រ ឲ្យរាជរដ្ឋាភិបាល ហាមឃាត់ការជក់បារី នៅក្នុងអាគារ នៅកន្លែងធ្វើការ ភោជនីយដ្ឋាន អាហារដ្ឋាន និងសណ្ឋាគារជាដើម ។ ល។”។ ប្រទេសកម្ពុជា គឺជារដ្ឋភាគី នៃអនុសញ្ញាស្តីពី ការត្រួតពិនិត្យថ្នាំជក់ ដូច្នេះប្រទេសនេះ ត្រូវមានកាតព្វកិច្ច ការពារសុខភាព ប្រជាពលរដ្ឋ ពីការស្រូបផ្សែងបារី ដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ផងដែរ ។ លោកមុំ គង់បានបន្ថែមថា “យើងមានការគាំទ្រ យ៉ាងពេញទំហឹងតែម្តង ចំពោះការរឹតបណ្តឹង របស់ក្រសួង សុខាភិបាល ព្រោះថា រយៈពេល ៦ខែនេះ គឺគ្រប់គ្រាន់ហើយ ដើម្បីឲ្យម្ចាស់ ភោជនីយដ្ឋាន បិទស្លាកហាម ជក់បារីនោះ ។ ស្លាកសញ្ញានេះ គឺមិនពិបាករកទេ ដោយម្ចាស់ ភោជនីយដ្ឋាន គ្រាន់តែចូល ទៅផ្សារ ឬចូលទៅអ៊ិនធើណេត ហើយព្រីន ចេញមកគឺអូខេ ហើយតាមពិតរយៈពេល ៦ខែនេះ គឺជារយៈពេល គ្រប់គ្រាន់ហើយ គេដទៃទៀត ខ្លះគេទុកពីរខែ ឬបីខែប៉ុណ្ណោះ” ។

អនុក្រឹត្យនេះ គឺរាជរដ្ឋាភិបាល បានធ្វើការហាមឃាត់ ការជក់បារីក្នុងអាគារ នៃកន្លែងធ្វើការ មិនថាជារបស់រដ្ឋ ឬឯកជននោះទេ ហើយកន្លែង សាធារណៈបិទបាំង គឺសំដៅថា ក្នុងអាគារ នៃភោជនីយដ្ឋាន សណ្ឋាគារនិងកន្លែង ប្រកបអាជីវកម្មផ្សេងៗ នោះក៏ត្រូវតែធ្វើការ ហាមជក់បារីដែរ ។ មួយវិញទៀត គឺហាមជក់បារី នៅកន្លែង មធ្យោបាយ សាធារណៈ ដូចជារថយន្តក្រុង រថយន្តតាក់ស៊ី ។ល។ ដោយអនុក្រឹត្យនេះ ដាក់បន្ទុកទៅលើម្ចាស់ កន្លែងទាំងនោះ ឲ្យគាត់បិទសញ្ញា ហាមជក់បារី ហើយនៅពេល អ្នកណាម្នាក់ជក់បារី ម្ចាស់ហាងត្រូវ តែប្រាប់អ្នកនោះ ឲ្យចេញទៅក្រៅ។

ជាមួយគ្នានេះ ម្ចាស់ហាងមិន អាចដាក់តាំង ចានគួសកាញ៉ោមបារី នៅលើតុនោះទេ ព្រោះបើម្ចាស់កន្លែង មិនបានបិទ សញ្ញាជក់បារី គឺត្រូវផាកចំនួន ៥ម៉ឺន ហើយបើនៅតែ ដាក់តាំងចាន កញ៉ោមបារីទៀត ក៏ត្រូវទទួលការ ផាកពិន័យ ៥ម៉ឺនដូចគ្នាដែរ ចំណែកអ្នកជក់បារី នៅកន្លែងហាមឃាត់ ត្រូវតែផាកពិន័យ ចំនួន ២ម៉ឺនរៀល ។ លោកមុំ គង់បញ្ជាក់ថា” ខ្ញុំគិតថានៅមានភោជនី ដ្ឋាននិងអាហារដ្ឋាន មួយចំនួនទៀត ដែលមិនច្រើនទេ ដែលគាត់មិនបានបិទស្លាក់ សញ្ញាហាមជក់បារី ដូច្នេះគាត់ត្រូវតែ រូតរះបិទវា ប៉ុន្តែបើដល់ខែ កញ្ញាឆ្នាំនេះ នៅមិនទាន់បានបិទទៀត និងត្រូវទទួលការ ផាកពិន័យហើយ” ។

ជាការពិតការ បិទស្លាកហាមជក់បារី គឺត្រូវបានអនុវត្ត តាំងពីមុនមានអនុក្រឹត្យនេះ មកម្ល៉េះ ដែលកាលពី៥ ទៅ១០ឆ្នាំមុននេះ គឺមានចរាចរណែនាំ ក៏តម្រូវឲ្យម្ចាស់ហាង ត្រូវបិទស្លាកសញ្ញា ហាមឃាត់ជក់បារីដែរ ប៉ុន្តែនៅពេលនោះ គឺមិនទាន់មាន គោលការណ៍ ផាកពិន័យចំពោះ ម្ចាស់ហាង ដែលមិនបាន បិទស្លាកនោះឡើយ ។ សូមបញ្ជាក់ថា អនុត្រឹត្យនេះ ត្រូវបានអនុម័ត ពីរាជរដ្ឋាភិបាល តាំងពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ដូច្នេះប្រសិនបើរាប់មក ក្នុងរយៈពេល៦ខែមក រហូតដល់ថ្ងៃទី៤ ខែកញ្ញា ទើបដល់សុពលភាព នៃការអនុវត្ត ឱសានវាទនេះ ៕

ដកស្រង់ពី៖ដើមអម្ពិល