បណ្តាញសង្គម

យុវជនទាមទារ ឲ្យរដ្ឋសភា អនុម័តសេចក្ដី ព្រាងច្បាប់ គ្រប់គ្រងគ្រឿងស្រវឹង

ភ្នំពេញ៖ យុវជន បានគាំទ្រ សេចក្ដីព្រាងច្បាប់ សម្រាប់ការ គ្រប់គ្រងផលិតផល គ្រឿងស្រវឹង ដើម្បីបង្ការ កុំឲ្យយុវជនហូបច្រើន នាំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពី គ្រឿងស្រវឹង ក្នុងនោះពួកគេបានស្នើឲ្យ រដ្ឋសភាអនុម័ត នូវសេចក្តីព្រាងច្បាប់នេះ ឲ្យបានឆាប់ៗផងដែរ។

លោក គង់ មុំ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធី ប្រគល់រង្វាន់ដល់ បេក្ខជនជ័យ លាភី ក្នុងការប្រកួតបង្កើត វីដេអូឃ្លីប ស្ដីពីផលប៉ះពាល់នៃ ការប្រើប្រាស់គ្រឿងស្រវឹង លើយុវជន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ថា "នៅក្នុងកម្មវិធីនេះដែល យើងបានស្ដាប់សំឡេងយុវជន ទាមទារឬសំណូមពរ ឲ្យរាជរដ្ឋាភិបាល កម្ពុជា អនុម័តច្បាប់ស្ដីពី ការគ្រប់គ្រងផលិតផល គ្រឿងស្រវឹង ដែលបង្ការកុំឲ្យ យុវជនគ្រោះថ្នាក់បំផុត ដែលបានកើតឡើង ដោយគ្រឿងស្រវឹងនេះ"។

លោកបន្ដថា កន្លងមកមានការជួបជុំគ្នា និយាយពីផលប៉ះពាល់ នៃគ្រឿងស្រវឹង ពីសាធារណៈជន ក្នុងគោលបំណង ឲ្យភាគីពាក់ព័ន្ធផ្សព្វផ្សាយ ទៅឲ្យប្រជាពលរដ្ឋ យល់ដឹង ហើយក៏ស្នើឲ្យមានការដំឡើង ពន្ធស្រាបៀ ដែលបាននាំចូលមកកម្ពុជា។ និស្សិត សៅ ច័ន្ទសុធារីទ្ធ ដែលបានជ័យលាភីលេខ១ មកពីសាកលវិទ្យល័យ អាស៊ីតិច បាន ផ្ដាំផ្ញើ ទៅដល់យុវជន ទាំងអស់ ឲ្យកាត់បន្ថយការប្រើប្រាស់ គ្រឿងស្រវឹង ដើម្បីឲ្យសុខភាពល្អមាំមួន។

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ មានចំនួន ១១ ជំពូក និង ៣៩ មាត្រា។ ក្នុងច្បាប់នោះ បានចែងអំពីការ ដាក់ទោសទណ្ឌ និងបទបញ្ញត្ដិមួយចំនួន ដល់អ្នកប្រើប្រាស់ គ្រឿងស្រវឹង ពិសេសកម្រិត ពីកន្លែងលក់គ្រឿងស្រវឹង ការហាមលក់គ្រឿងស្រវឹង ឲ្យមនុស្សអាយុក្រោម ២១ ឆ្នាំ និងស្ដ្រីមានផ្ទៃពោះ ជាដើម។ សេចក្តីព្រាងច្បាប់នេះ បានឆ្លងផុតគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០១៥៕

ដកស្រង់ពី៖ ដើមអម្ពិល