ផ្សាយផ្ទាល់


បណ្តាញសង្គម

រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីបំភ្លឺព័ត៌មាន ដល់សាធារណជន អំពីសួនច្បារក្នុងក្រុងសៀមរាប

យោងតាមសេចក្ដីបំភ្លឺរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងមក មានសាធារណជនមួយចំនួនបានបញ្ចេញមតិយោបល់ជាច្រើន តាមបណ្តាញ សង្គមថា មានការប្តូរឈ្មោះសួនព្រះរាជដំណាក់ខេត្តសៀមរាប។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តសូមបញ្ជាក់ជូនថា ពុំមានការប្តូរឈ្មោះសួនព្រះរាជដំណាក់ នោះឡើយ ពីព្រោះសួនព្រះរាជដំណាក់ ត្រូវបានក្រសួងព្រះបរមរាជវាំងរៀបចំរចនាបថកែលម្អ អមដោយ រូបចម្លាក់មេទ័ពទាំង១២កាលពីជំនាន់មុន និងព្រះវិហារព្រះអង្គចេកព្រះអង្គចម ដែលបានរៀបចំធ្វើរបង ព័ទ្ធជុំវិញរួចរាល់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២២ ហើយបរិវេណទាំងអស់ដែលស្ថិតនៅក្នុងរបង គឺជាកម្មសិទ្ធិរបស់ព្រះរាជដំណាក់ ដោយពុំមានជនណាអាចប៉ះពាល់បានឡើយ។ ចំពោះសួនផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងរបងគឺជាសួនពុំទាន់មានឈ្មោះផ្លូវការនៅឡើយទេ ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬសួនហ្គ្រេនហូថែល។

ពាក់ព័ន្ធនឹងសួនតេជោសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងផ្តល់ជាអនុសាសន៍ដល់ រដ្ឋបាលខេត្តថា “សួនតេជោសន្តិភាព” គួរបានសិក្សាទីតាំងមួយដែលធំទូលាយក្នុងការរៀបចំសាងសង់ ដែលស្ថិតនៅក្នុងក្រុងសៀមរាប ដើម្បីដាក់បង្ហាញពីប្រវត្តិនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលធ្វើឱ្យ ប្រទេសយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តត្រូវរៀបចំកែលម្អសោភណភាព នៃសួនទាំងអស់ដែលនៅជុំវិញសួនព្រះរាជដំណាក់ (ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬ សួនហ្គ្រេនហូថែល) ឱ្យកាន់តែស្រស់ស្អាត ដើម្បីលើកកម្ពស់កិត្យានុភាពអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈនៃយើងទាំងអស់គ្នា។ បន្ថែមលើសពីការកែលម្អក៏បង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិ ការរៀបចំសួនត្រូវមានកន្លែងសម្រាប់ប្រជាពលរដ្ឋអាចហាត់ប្រាណបានច្រើន និងសម្រាប់ប្រារព្ធ កម្មវិធីល្អៗជាច្រើនដែលនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាជនខេត្តសៀមរាប។

រដ្ឋបាលខេត្ត និងជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ព្រមទាំងសាធារណជន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការរៀបចំការកែលម្អសួននេះបន្ថែមទៀត។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណដល់បងប្អូនសាធារណជនទាំងអស់ ដែលបានចូលរួមផ្តល់មតិយោបល់ក្នុងន័យស្ថាបនា និងការអភិវឌ្ឍខេត្ត៕

ដកស្រង់ពី៖ ខ្មែរណូត