ផ្សាយផ្ទាល់


បណ្តាញសង្គម

បទយកការណ៍៖ ៣០ឆ្នាំនៃការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា គឺធានាឱ្យបាន នូវការអភិរក្ស និងអភិវឌ្ឈន៍ ក៏ដូចជាបន្តរក្សាអត្តសញ្ញាណរបស់តំបន់អង្គរ ឱ្យមានជីវិតរស់រវើក

អាជ្ញាធរជាតិអប្សរាគឺជាស្ថាប័នមួយ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥ ដែល បានដើរ តួនាទី យ៉ាងសំខាន់ ក្នុងកិច្ចការគ្រប់គ្រង ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ ឱ្យបន្តភាព រស់ រវើក ដល់សព្វថ្ងៃនេះ។ ដោយសារភាពល្បីល្បាញនៃរមណីយដ្ឋានអង្គរ បានទាក់ទាញទេសចរជាតិ និងអន្តរ ជាតិរាប់ លាននាក់ មកទស្សនា តំបន់បេតិកភណ្ឌមួយនេះមិនចេះដាច់។ មកដល់ឆ្នាំ២០២៥នេះ ជាខួបទី៣០ឆ្នាំហើយ នៃការបង្កើត អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅ កាត់ថា «អាជ្ញាធរជាតិអប្សរា» គឺថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥-១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖ រយៈពេល៣០ឆ្នាំនៃសកម្មភាពរបស់ អាជ្ញាធរជាតិអប្សរា គឺធានាឱ្យបាននូវការអភិរក្ស និងអភិវឌ្ឈន៍ ក៏ដូចជាបន្តរក្សាអត្តសញ្ញាណរបស់តំបន់អង្គរ ឱ្យមាន ជីវិតរស់រវើក។ លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីសាសនា ជាពិសេសពិធីរាប់បាត្រព្រះសង្ឃចំនួន១៣០អង្គ នៅបរិវេណប្រាសាទបាយ័ន កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីអបអរខួបទី៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា តំណាង អង្គការ យូណេស្កូប្រចាំកម្ពុជា ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំរដ្ឋបាល ខេត្ត សៀមរាប មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាជា និងអ្នកពាក់ព័ន្ធជាច្រើនរូបចូលរួមផងដែរ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា៖ ក្រោយការ បង្កើតឱ្យមានស្ថាប័នអាជ្ញាធរជាតិអប្សរា បានដើរតួនាទីជាស្ថាប័នអភិរក្ស ដោយមានការជ្រោម ជ្រែង ជាឆ្អឹងខ្នង ការអនុវត្តបច្ចេកទេសពីគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ(អាយស៊ីស៊ី-អង្គរ) ការជួយ ជ្រោមជ្រែង ពីបណ្តា ប្រទេស អន្តរជាតិជាមិត្ត ជាពិសេសជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យអាជ្ញាធរជាតិ អប្សរា ទទួលបានជោគជ័យ។ ឯកឧត្តមថា៖ ក្នុងឆ្នាំ២០០៤ អង្គរត្រូវបានដកចេញ ពីបញ្ជីបេតិកភណ្ឌ ប្រឈមនឹងគ្រោះថ្នាក់ ហើយបន្ទាប់មកទៀត អាជ្ញាធរជាតិអប្សរាបានកំណត់គោលដៅបន្ថែមទៀត គឺការអភិវឌ្ឍដោយចីរភាពបន្ថែមលើការអភិរក្ស។ ក្រៅពីធានាឱ្យបាននូវកិច្ចការអភិរក្ស និង ការ អភិវឌ្ឍ ដោយចីរភាព ការងារដែលសំខាន់មួយទៀត គឺការយកចិត្តទុកដាក់ចំពោះប្រជាពល រដ្ឋរស់នៅក្នុងតំបន់អង្គរទាំង១១២ភូមិ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងបេតិកភណ្ឌអរូបី ការថែរក្សា ទំនៀមទម្លាប់ប្រពៃណី និងអត្តសញ្ញាណរបស់តំបន់អង្គរ ឱ្យមានជីវិតរស់រវើក។ « នៅឆ្នាំ២០២៣នៅខែ១១ គឺអង្គររបស់យើងត្រូវបានយកធ្វើជាគំរូ ក្នុងចំណោម បេតិកភណ្ឌ៣ ប្រភេទគឺ បេតិកភណ្ឌនៅក្នុងសង្រ្គាម បេតិកភណ្ឌក្រោយសង្រ្គាម និងបេតិកភណ្ឌ ដែលជោគជ័យ។ អ៊ីចឹងប្រទេសកម្ពុជាយើងត្រូវអន្តរជាតិទទួលស្គាល់ ហើយយកទៅធ្វើជាគំរូ ក្នុងការអភិរក្សដោយជោគជ័យនៅលើពិភពលោកនេះជាមោទនភាពមួយដ៏ធំរបស់ប្រទេសជាតិយើង។ ហើយតាមរយៈការខិតខំប្រឹងប្រែងនេះដែរ អាយ ស៊ី ស៊ី អង្គរនៅខែ១១ឆ្នាំ២០២៣ ក៏បានសម្រេចនៅបន្តទៀតរយៈពេល១០ឆ្នាំ រហូតដល់ ឆ្នាំ២០៣៣ ដែលជាយន្តការមួយមានអាយុកាល៣០ឆ្នាំ ពុំដែលមានទាល់តែសោះនៅលើ ពិភព លោក ជាពិសេសក្នុងកិច្ចអភិរក្ស។ ហើយតាមរយៈយន្តការរបស់យូណេស្កូ និងអាយស៊ីស៊ីយើង ទទួលបានការជួយសហការពីបណ្តាប្រទេស១៧សម្រាប់ការជួសជុលនិងអភិរក្ស ស្រាវជ្រាវ នៅក្នុង តំបន់អង្គរ ជាមួយអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការជាមួយយើងជាង៣០ក្នុងតំបន់អង្គរ»។

ឯកឧត្តមបន្តថា៖ លទ្ធផលជាវិជ្ជមានក្នុងការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ឱ្យមាន ភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ រហូតដល់ឥស្សរជនអន្តរជាតិជាន់ខ្ពស់ ដារ៉ាល្បីៗជាច្រើនរូប បានចូលមកទស្សនា និងឈ្វេងយល់ពីតំបន់រមណីយដ្ឋានអង្គរផងដែរ។ កិច្ចការទាំងនេះអាចកើត ឡើងបានដោយសារកម្ពុជាមានសន្តិភាពពេញលេញ ការគាំទ្រពីថ្នាក់ដឹកនាំជាតិ និងការ ចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ។ «ហើយលទ្ធផលទាំងអស់នេះ មិនអាចកើតឡើងបានទេ បើគ្មានសន្តិភាព និង មិន មានការគាំទ្ររវាងរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្ត្រី ទាំងពីរ ដ៏ឈ្លាស វៃក្នុងការដឹកនាំប្រទេស។ ហើយខ្ញុំសូមអរគុណដៃគូអន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ភ្នាក់ងារ ពលករ ឆ្មាំទាំងអស់នៃអាជ្ញាធរជាតិអប្សរា ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប ក៏ដូចជាអាជ្ញា ធរ ពាក់ព័ន្ធ ដែលបានចូលរួមក្នុងការជួយថែរក្សាបេតិកភណ្ឌ និងអត្តសញ្ញាណជាតិយើង ជា ពិសេស គឺតំបន់អង្គរនេះ»។

លោក អឿន ម៉ន អាយុ៣០ឆ្នាំ រស់នៅសង្កាត់គោកចក ក្រុងសៀមរាបបានឱ្យដឹងថា៖ រយៈពេល១០ឆ្នាំមកហើយដែលរូបលោកបានចូលបម្រើការងារជាបុគ្គលិកអាជ្ញាធរជាតិអប្សរា បច្ចុប្បន្នក្នុងតួនាទីជាអ្នកជួសជុលប្រាសាទ និងធ្វើកំណាយស្រាវជ្រាវនៅតំបន់អង្គរ។ លោកថា៖ ការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំនៃអាជ្ញាធរជាតិអប្សរា ចំពោះការអភិរក្សនៅ រមណីយ ដ្ឋាន អង្គរកាន់តែប្រសើរឡើង ដោយមិនត្រឹមតែរក្សា បាននូវប្រាង្គ ប្រាសាទ ជាមរតកដូនតាឱ្យគង់វង្សប៉ុណ្ណោះទេ ថែមទាំងបានជួយឱ្យជីវភាពពលរដ្ឋអ្នកស្រុកអង្គរបានរីក ចម្រើន ជាលំដាប់។ «គិតទៅចូលធ្វើការជាមួយអប្សរា ការប្រែប្រួលកាន់តែរលូនទៅមុខ កាលពីខ្ញុំចូលដំបូង ថ្មនៅប្រាសាទតាព្រហ្មបែកបាក់យ៉ាងច្រើន ដល់ពេលចូលធ្វើការជាមួយអប្សរា ទៅកាន់តែបាន ច្រើនទៅៗ ល្អទៅៗសប្បាយចិត្តព្រោះអាជ្ញាធរអប្សរាបានជួយបំភ្លឺឱ្យអ្នកស្រុកឃើញថា ប្រាសាទ យើង យើងកាន់តែល្អ។ ខ្ញុំជូនពរឱ្យអាជ្ញាធរអប្សរាកាន់តែរីកចម្រើនទៅមុខទៀត »។

ចំណែកលោកអ៊ំ ព្រះ ហូយ អាយុ៧៥ឆ្នាំ ជាអ្នកស្រុកអង្គររស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុក បន្ទាយស្រី បានចូលបម្រើការជាមួយអាជ្ញាធរជាតិអប្សរារយៈពេល២៥ឆ្នាំមកហើយ។ ដើមឡើយ ក្នុងតួ នាទីជាឆ្មាំប្រាសាទ បន្ទាប់មកក៏ក្លាយជាអ្នកជួសជុលប្រាសាទក្នុងតំបន់អង្គរវិញ លោកអ៊ំហូយ បានរៀបរាប់ពីសកម្មភាពចូលរួមជួសជុលប្រាសាទបុរាណជាច្រើន ដែលស្ទើតែដួលរាប ដល់ដីឱ្យ ប្រែមកជារឹងមាំ ស្រស់ស្អាតឡើងវិញ។ «តួនាទីមុនដំបូងពីឆ្នាំ២០០០មក ខ្ញុំជាឆ្មាំយាមប្រាសាទនៅអង្គរវត្ត ដល់មកឆ្នាំ២០១៣ មកជួសជុលតាមកំពែងអង្គរធំ ជួសជុលកំពែងដែលបាក់រលុះ រហូតមកនៅលានជល់ដំរី រួច ទៅ ចូលទៅខាងកូរ៉េបានមួយរយៈចូលទៅខាងប្រាសាទព្រះវិធូរ ចប់ពីហ្នឹងចូលទៅស្រះអង្គរតូច រួច២-៣កន្លែងទៅ សព្វថ្ងៃទៅជួសជុលនៅរួតបាកាណនោះ។ ពីដើមមិនសូវមានគេថែរក្សាជួសជុលទេ មានតែបារាំងតិចតួច ធ្លាក់មកដល់សម័យអាជ្ញាធរជាតិអប្សរាយើងបានកាន់កាប់ទៅ យើងការពារ ទៅហើយ ជួសជុលបានច្រើន មានសោភ័ណភាពល្អជាងមុន វាមាំមួនជាងមុន ពីមុនមិនសូវ មាន អ្នក ត្រួសព្រៃ បោចស្មៅចោចអីក៏វាស្តុកទៅ អត់មានអ្នកថែរក្សាណាស់ ឥឡូវថែរ ក្សាទៅ ស្អាត គ្រប់កន្លែង »។ លោកអ៊ំបានបង្ហាញមោទនភាពយ៉ាងក្រៃលែងដែលបានចូលរួមចំណែកក្នុងកិច្ចអភិរក្សមរតកដូនតា។ ត្បិតមានវ័យចំណាស់បន្តិច តែលោកអ៊ំនៅតែបន្តសកម្មភាពជាមួយអាជ្ញាធរជាតិអប្សរា ក្នុងនាម ជាអ្នក ជួសជុល និងចែករំលែកចំណេះដឹងទៅយុវជនអ្នកបន្តវេន ដោយសារតែទឹកចិត្តស្រឡាញ់ ប្រាសាទបុរាណ និងចង់ឱ្យមរតកទាំងនោះ បន្តគង់វង់ទៅដល់កូនចៅជំនាន់ក្រោយ។ « រឿងការងារហត់នឿយហើយ តែយើងស្រឡាញ់ទ្រព្យរបស់យើង ទឹកចិត្តយើង ស្រឡាញ់របស់ដែលមានហើយ ដូនតាទុកឱ្យហើយ យើងចេះតែថែរក្សាបន្តៗទៅមុខទៀត។ ខ្ញុំមាន មោទនភាពមែននោះឯង ព្រោះខ្ញុំបានជួសជុលរួមចំណែកការពារហើយជួសជុល ទុកឱ្យកូនចៅទៅ មុខទៀតបានមកឃើញ។ មានដែរបញ្ហានោះ ចង់ឱ្យទេសចរដែលមកទស្សនាធ្វើម៉េចកុំប៉ះពាល់ថ្ម ប្រាសាទ ឱ្យជួយថែរក្សាការពារផង»។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជា ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា៖ ពិធីរំលឹកខួប៣០ឆ្នាំនៃការ បង្កើត អាជ្ញាធរជាតិអប្សរា ដើម្បីរំលឹកអំពីដំណើរការដំបូង នៃកិច្ចខិតខំប្រឹងប្រែងរបស់បុព្វការីជន និង ឥស្សរជនជាន់ខ្ពស់ជាតិ និងអន្តរជាតិគ្រប់ជំនាន់ដែលបានខិតខំកសាង ថែរក្សា ការពារ និងអភិរក្ស រមណីយដ្ឋានអង្គរ មរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថា៖ ពីធីនេះក៏រំលឹក ដល់យើងទាំងអស់គ្នា នាពេលបច្ចុប្បន្ននិងអ្នកជំនាន់ក្រោយ ឱ្យយល់ដឹងអំពីប្រវត្តិ និងសមិទ្ធិផល សំខាន់ៗមួយចំនួន ឱ្យចងចាំ និងខិតខំបន្តកិច្ចការពារបេតិកភណ្ឌដ៏មានតម្លៃនេះ សម្រាប់ជា ប្រយោជន៍សង្គម។ « ខ្ញុំជឿជាក់ថា ពិធីនេះ ប្រាកដជាបានចូលរួមចំណែកដល់ការ ផ្សព្វផ្សាយ បន្ថែមជូន សាធារណជន ឱ្យមើលឃើញអំពីសក្ខីកម្មនៃការខិតខំប្រឹងប្រែងជាប់មិនដាច់ និងមិនចេះនឿយហត់ ប្រកបដោយភាពប៉ិនប្រសព្វខ្ពស់របស់អ្នកពាក់ព័ន្ធទាំងអស់ ចាប់តាំងពីព្រះរាជអំពាវនាវដ៏ថ្លៃថ្លា ទៅកាន់សហគមន៍អន្តរជាតិ ឱ្យចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ របស់ព្រះករុណាព្រះនរោត្តមសីហនុ ព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ រហូតដល់កិច្ច បង្កើត ក្របខណ្ឌច្បាប់ ក្នុងស្ថាប័នគ្រប់គ្រង ការកសាងធនធានមនុស្សនិងហិរញ្ញវត្ថុ ដើម្បីកិច្ចអភិរក្ស និងអភិវឌ្ឃន៍ ដោយឥស្សរជនជាន់ខ្ពស់ជាតិនិងអន្តរជាតិ»។

លោកជំទាវបណ្ឌិតសភាចារ្យមានប្រសាសន៍បន្ថែមទៀតថា៖ ជាការពិតសកម្មភាពទាំងអស់នេះ និង មិនអាចប្រព្រឹត្តិទៅបានបើសិនគ្មានការគាំទ្រ និងការការពារឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងបរិយាកាសសមស្រប និងអំណោយផល សម្រាប់កិច្ចអភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសការកសាងប្រទេសជាតិឱ្យមានសន្តិភាពឡើងវិញ។ រហូត ធ្វើឱ្យវិស័យ ទេសចរណ៍និងវប្បធម៌ កំពុងមានវឌ្ឍនភាព និងជាវិស័យ មាន ភាព ប្រទាក់ក្រឡាគ្នា គាំទ្រគ្នា ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិ។ ជាក់ស្តែង កិច្ចអភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរទាំងមូល បានផ្លាស់ប្តូរប្រកបដោយសោភ័ណ្ឌភាព ទៅតាមអនុសាសន៍ ថ្នាក់ ដឹក នាំកំពូលជាតិ រហូតមានការទទួលស្គាល់ និងកោតសរសើរពីសាធារណជន។ «ជាក់ស្តែង កិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរទាំងមូល បានផ្លាស់ប្តូរ ប្រកបដោយ សោភ័ណ្ឌភាព ទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំកំពូលជាតិ រហូតមានការ ទទួលស្គាល់ពីសាធារណជន ពិសេសភ្ញៀវបរទេសដែលបានមកទស្សនាទឹកដីអង្គរកាលពីមុនថា ពិតជា មានការរីកចម្រើន និងកោតសរសើរចំពោះការប្រែក្លាយដ៏វិជ្ជមាននេះ។ ក្នុងពិធីដ៏ថ្លៃថ្លានេះ ខ្ញុំសូម សម្តែងការកោតសរសើរនិងដឹងគុណដ៏ស្មោះ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំទាំងអស់នៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធជាតិ និងអន្តរជាតិ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អតីតថ្នាក់នាំគ្រប់ជំនាន់ទាំងអស់ ដែលបាន ខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ ប្រកបដោយការយកចិត្តទុកដាក់ជាទីបំផុត»។

លោកអ្នកនាងជាទីមេត្រី! បើតាមឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញពីសមិទ្ធផលត្រួសៗដោយ ផ្ទាល់ ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តកន្លងមករួមមាន៖ ពីឆ្នាំ១៩៩៣មកថវិកាជាង ៦០០លានដុល្លារ ទទួលបានពីអង្គការអន្តរជាតិ ជួសជុលប្រាសាទចំនួន២១ការដ្ឋាន។ ការអភិរក្សដោយផ្ទាល់ របស់ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា និងបងប្អូនប្រជាពលរដ្ឋ ចំនួន៤៥ប្រាសាទក្នុងតំបន់អង្គរ និងជាង ១១៥ទីតាំងនៅទូទាំងខេត្តសៀមរាប។ ការអភិរក្សសំណង់សាសនា អាជ្ញាធរជាតិអប្សរាបាន ជួសជុល សំណង់ព្រះវិហារ សាលាឆាន់ គំនូរ នៅក្នុងវត្តចំនួន៩ ដែលមានអាយុកាលយូរឆ្នាំ ជាផ្នែក មួយ នៃបេតិកភណ្ឌ។ ការងារសារមន្ទីរ និងការស្រាវជ្រាវ តំបន់អង្គរ ទីតាំងនៅក្រោមដី បានរកឃើញបុរាណវត្ថុ ដោយក្រុមអ្នកស្រាវជ្រាវនានា ដូច្នេះបុរាណវត្ថុទាំងនោះ ត្រូវបានរក្សាទុក នៅសារមន្ទីរចំនួន៣ ដើម្បីបង្ហាញជូនសាធារណជន។ ការងារស្តារឡើងវិញនូវប្រព័ន្ធទឹកបុរាណ ក្នុងតំបន់អង្គរ ពីឆ្នាំ២០០៤មក បានស្តារបារាយណ៍បុរាណដែលរីងស្ងួតឱ្យមានជីវិតឡើងវិញ មានបារាយណ៍ ខាងជើង បារាយណ៍ខាងលិច កសិន្ធុអង្គរវត្ត កសិន្ធុអង្គរធំ និងកសិន្ធុប្រាសាទ ព្រះខ័ន ត្រូវបានដាក់ឱ្យដំណើរការឡើងវិញ ស្រះស្រង់ បារាយណ៍បន្ទាយស្រី កសិន្ធុប្រាសាទ ចៅស្រីវិបុល និងកសិន្ធុប្រាសាទទន្លេស្ងួត ដែលបានដាក់ឱ្យដំណើរការឡើងវិញជាបន្តបន្ទាប់។ ការស្តារ ឡើងវិញនូវព្រៃឈើក្នុងតំបន់អង្គរ ពីឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរាបានដាំឡើង វិញនូវកូនឈើជាង២លានដើម និងការបង្កើតជាសួន ដោយអនុញ្ញាតឱ្យពលរដ្ឋបានឈ្វេងយល់ពី ប្រភេទ រុក្ខនៅកម្ពុជា និងនៅតំបន់អង្គរ។ ការកសាង ថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានផ្លូវកៅស៊ូ ផ្លូវដីស ផ្លូវបេតុងនិងផ្លូវក្នុងភូមិ មានប្រវែងសរុប២០៦គីឡូម៉ែត្រ បង្កើតឡើងនូវ ផ្លូវកង់ចំនួន២៤គីឡូម៉ែត្រ ក្នុងតំបន់អង្គរ។ ចាប់តាំងពីឆ្នាំ ២០០០មកដល់បច្ចុប្បន្ន ទេសចរអន្តរជាតិជាង២៨លាននាក់ បានចូល មក ទស្សនារមណីយ ដ្ឋានអង្គរ អាជ្ញាធរជាតិអប្សារ ក៏កំពុងអភិវឌ្ឍន៍វង់ទស្សនា នានា និងទេសភាព វប្បធម៌ នៅក្នុងប្រាសាទ ឱ្យទេសចរឈ្វេងយល់ពីតម្លៃនៃបេតិកភណ្ឌ។ ការងារបណ្តុះបណ្តាល ផ្តើមចេញពីការជួយជ្រោមជ្រែងបណ្តុះបណ្តាលពីបណ្តាប្រទេសជាមិត្ត ធ្វើឱ្យអ្នកជំនាញខ្មែរ បានវិវឌ្ឍន៍ ខ្លួនពីកម្មករជួសជុលប្រាសាទមកជាអ្នកជំនាញ រហូតមានចំណេះដឹងអាចគ្រប់ គ្រងការងារ នៅតាមការដ្ឋានមួយចំនួនដោយខ្លួនឯង រហូតថ្មីៗនេះរដ្ឋាភិបាលបានបង្កើត ស្ថាប័ន អាជ្ញាធរ ព្រះវិហារ សំបូរព្រៃគុក និងប្រាសាទកោះកេរ្តិ៍ អាជ្ញាធរជាតិអប្សរា បានបញ្ជូន អ្នក ជំនាញ ទៅធ្វើការនៅទីនោះ បញ្ជូនមន្ត្រីជំនាញទៅចូលរួមកិច្ចប្រជុំ សិក្សាបន្ថែមទទួលយក បច្ចេកទេសថ្មីៗ ទាំងក្នុងនិងក្រៅប្រទេសជាដើម៕