
ភ្នំពេញ៖ ហ្វីលីពីន ត្រៀមបើកទីផ្សារនាំចូលកសិផលពីកម្ពុជា ដែលក្នុងនោះអាចមាន អង្ករ ត្រី សាច់ និងបន្លែជាច្រើន ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិក្នុងវិស័យកសិកម្ម ជាពិសេស ឆ្លើយតបនឹងកំណើនពលរដ្ឋ។
លោក Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្មហ្វីលីពីន បានប្រាប់ទៅកាន់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបពិភាក្សាទ្វេភាគីស្ដី នៅថ្ងៃទី ៩ ខែកញ្ញានេះ។កិច្ចពិភាក្សានេះ បញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយគណៈប្រតិភូទាំងពីរឈរលើគោលជំហរ ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ធានានូវសន្តិសុខស្បៀង និងជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងបន្តទៅបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុន ខ្មែរហ្វ៊ូតគ្រុប និងកសិដ្ឋានបន្លែនៃសហគមន៍កសិកម្មទំនើបត្រាំកក់ផងដែរ។
ជាមួយគ្នានេះ លោក ឌិត ទីណា មានសុទិដ្ឋនិយមខ្ពស់ក្នុងការជំរុញការងារនាំចេញកសិផលកម្ពុជា និងគូសបញ្ជាក់ទៅកាន់ភាគីហ្វីលីពីនថា កម្ពុជាមានកសិផលដែលមានប្រណិតជាច្រើន ជាពិសេសស្រូវអង្ករក្រអូបដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីខែមករា ដល់មិថុនា កម្ពុជាបាននាំចេញកសិផល ៧,៨លានតោន ទៅកាន់ ៧៨ ប្រទេសនៅលើពិភពលោក ក្នុងនោះស្រូវមានជាង ៣,១លានតោន, អង្ករជាង ៣៨ម៉ឺនតោន និង ដំណាំក្រៅពីស្រូវ-អង្ករ មានជាង ៤,២លានតោន។ តួលេខនេះ កើនឡើង ២៧,៦៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំណូលដែលទទួលបានពីការនាំចេញកសិផលទាំងនេះ មានចំនួនជាង ២ ៨៧២លានដុល្លារ ក្នុងនោះស្រូវ បានរួមចំណែក ៦៣៨លានដុល្លារ, អង្ករមានជាង ៣០៧លានដុល្លារ និងដំណាំផ្សេងទៀត មានជាង ១ ៩២៦លានដុល្លារ៕

ដកស្រង់ពី៖ថ្មីៗ