ផ្សាយផ្ទាល់


បណ្តាញសង្គម

ទូតចិន អង់គ្លេស និងអាល្លឺម៉ង់ ​សាទរ​វត្តមាន​ព្រលាន​យន្តហោះថ្មីរបស់កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៩ កញ្ញា អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកប្រតិបត្តិការហោះហើរ និងទទួលអ្នកដំណើរជាផ្លូវការ ក្រោយសាងសង់អស់រយៈពេល ៥ឆ្នាំ។ នៅថ្ងៃបើកប្រតិបត្តិការនេះ ស្ថានទូតអង់គ្លេស អាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញការសាទរចំពោះវត្តមានអាកាសយានដ្ឋានថ្មីរបស់កម្ពុជា។

«សូមចូលរួមអបអរសាទរក្នុងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃនេះ។»។ នេះជាការសំណេរដែលបង្ហោះលើហ្វេសប៊ុករបស់ស្ថានទូតអាល្លឺម៉ង់ ដោយបានជូនពរឱ្យអាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានជោគជ័យ។ជាមួយគ្នានេះ ស្ថានទូតអាល្លឺម៉ង់ ក៏បានបង្ហាញទន្និន័យជនជាតិអាល្លឺម៉ង់ជាង ៧ម៉ឺននាក់ ដែលធ្វើដំណើរមកកាន់កម្ពុជា កាលពីឆ្នាំមុនផងដែរ។

បើតាមស្ថានទូតអាល្លឺម៉ង់ តាមរយៈច្រកអន្តរជាតិថ្មីនេះ នឹងធ្វើឱ្យកំណើនទេសចរអាល្លឺម៉ង់បន្តកើនឡើង ដែលនាំប្រជាជនរបស់ប្រទេសទាំងពីកាន់តែជិតស្និទ្ធជាមួយគ្នា។

ក្រៅពីស្ថានទូតអាល្លឺម៉ង់ នៅលើបណ្ដាញសង្គមក៏ឃើញមានការសាទរពីស្ថានទូតអង់គ្លេសផងដែរ។ ស្ថានទូតអង់គ្លេស សរសេរខ្លឹមសារដូច្នេះ៖«ពីដំណើរទស្សនកិច្ចទៅការដ្ឋានដំបូងរបស់យើងរហូតដល់ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ យើងមានសេចក្តីរំភើបរីករាយដែលឃើញប្រទេសកម្ពុជាបើកច្រកទ្វារដ៏សំខាន់មួយទៀតសម្រាប់អ្នកដំណើរ និងធុរកិច្ចអន្តរជាតិ»។

វត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោនាពេលនេះ លេចរូបរាងឡើង ក្រោមការរចនាពីក្រុមហ៊ុនអង់គ្លេស Foster + Partners។ សម្រាប់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ការរចនាដ៏គួរឱ្យទាក់ទាញ និងនិរន្តរភាពនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ជាការរួមចំណែកដល់ការអភិវឌ្ឍន៍នៅជំហានបន្ទាប់របស់កម្ពុជា។ «អបអរសាទរចំពោះការបើកដំណើរការដោយជោគជ័យ យើងទន្ទឹងរង់ចាំការសម្ពោធជាផ្លូវការនៅខែតុលាខាងមុខ»។ ស្ថានទូតអង់គ្លេស បន្ថែមបែបនេះ។ក្រឡេកមកមើល លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាវិញ នៅថ្ងៃទី៩ កញ្ញា លោកបានបង្ហោះពីអាកាសយានដ្ឋានថ្មី, ការដឹកជញ្ជូនរថយន្តក្រុងសាធារណៈ និងវត្តមានភ្ញៀវទេសចរចិនមកកម្ពុជា។ សំណេរដំបូងគេ គឺលោក វ៉ាង វិនពីន បានអបអរចំពោះការបើកជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លើកឡើងដូច្នេះ៖«នេះជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងការធ្វើទំនើបកម្មរបស់កម្ពុជា។ ការស្ដារភាពរស់រវើកឡើងវិញដ៏មហិមារបស់ប្រជាជាតិខ្មែរគឺមិនអាចរារាំងបានឡើយ»។ក្នុងថ្ងៃបើកប្រតិបត្តិការដំបូង មានភ្ញៀវទេសចរចិន បានហោះហើរមកកម្ពុជា។ លោកទូត ជឿជាក់ថា ការបើកដំណើរការនៃអាកាសយានដ្ឋានថ្មី និងតាមរយៈឆ្នាំទេសចរណ៍ចិន-កម្ពុជា នឹងនាំឱ្យចំនួនភ្ញៀវទេសចរចិនមកកម្ពុជាកើនឡើងខ្ពស់សារជាថ្មីម្ដងទៀត។ លើសពីនេះ ការដាក់ឱ្យដំណើរការរថយន្តក្រុងសាធារណៈ មកកាន់អាកាសយានដ្ឋានតេជោ ក៏ធ្វើឱ្យលោកទូតចាប់អារម្មណ៍ដែរ។ លោក វ៉ាង វិនពីន មើលឃើញពីភាពងាយស្រួល សុវត្ថិភាព និងតម្លៃសមរម្យសម្រាប់សាធារណជន ជាពិសេសភ្ញៀវទេសចរអន្តរជាតិក្នុងការធ្វើដំណើរ។ សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F ត្រូវបានដំណើរការជាផ្លូវការចាប់ពីថ្ងៃទី៩ ខែកញ្ញាតទៅ។

អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីបដោយអាចឱ្យយន្តហោះធុនធំរហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។ ជាពិសេស អាចទទួលអ្នកដំណើរឆ្លងកាត់បាន១៣លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី១ពីឆ្នាំ២០២៥-២០៣០ និងកើនដល់៣០លាននាក់ នៅដំណាក់កាលពីទី២ ពីឆ្នាំ២០៣0-២០៥០៕

ដកស្រង់ពី៖ថ្មីៗ