
ភ្នំពេញ៖ ក្រោយជួបជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៩ កញ្ញា តំណាងក្រុមហ៊ុន Kampu Nuts Agro Product និងសាជីវកម្មឧស្សាហកម្មគ្រឿងយន្តជាតិចិន បានចាប់អារម្មណ៍ក្នុងការវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
លើសពីនេះ ក្រុមហ៊ុនចិន កំពុងពិចារណានាំយកគ្រឿងម៉ាស៊ីន និងគ្រឿងចក្រទំនើបៗ ដើម្បីជំរុញការផលិតផងដែរ។តំណាងក្រុមហ៊ុន Kampu Nuts Agro Product និងសាជីវកម្មឧស្សាហកម្មគ្រឿងយន្តជាតិចិន (SINOMACH) បានជួបជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាអំពីឱកាសពង្រឹងការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ ក្នុងជំនួបនេះ ក្រុមហ៊ុនចិន បានបង្ហាញការចាប់អារម្មណ៍ក្នុងការវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយនាំយកគ្រឿងម៉ាស៊ីន និងគ្រឿងចក្រទំនើបៗ ដោយសហការជាមួយសហគ្រាសក្នុងស្រុក ដើម្បីជំរុញការផលិត។ «យើងដឹងថាកម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីដែលមានទំហំធំ និងមានគុណភាពខ្ពស់ ហើយយើងចង់អភិវឌ្ឍការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសដើម គឺកម្ពុជាដោយផ្ទាល់ ដើម្បីបំពេញតម្រូវការខ្ពស់នៅក្នុងប្រទេសចិន។»។
នេះជាការលើកឡើងរបស់តំណាងក្រុមហ៊ុនចិន ដែលផ្សព្វផ្សាយលើហ្វេសប៊ុកក្រសួងឧស្សាហកម្ម។ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងទៅកាន់តំណាងក្រុមហ៊ុនចិនថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ជា «អធិរាជនៃស្វាយចន្ទី» សម្រាប់ពិភពលោក។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់ការកែច្នៃ និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃសម្រាប់អនុវិស័យនេះ។ រដ្ឋមន្រ្តីឧស្សាហកម្ម បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំយកនូវបច្ចេកទេស បច្ចេកវិទ្យាទំនើប និងចាប់យកស្តង់ដារសុវត្ថិភាព និងគុណភាពជាអាទិភាព លើការកែច្នៃគ្រាប់ស្វាយចន្ទី។
ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការគាំទ្រផ្នែកសេវាមន្ទីរពិសោធន៍ សេវាស្តង់ដារ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ផលិតភាពនៃអនុវិស័យនេះផងដែរ។ សូមបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៥៧ ៨០៣ ២៥៥តោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង ៥,៩៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ដកស្រង់ពី៖ថ្មីៗ