
កម្ពុជា លើកទឹកចិត្តឱ្យធុរជនបារាំង វិនិយោគបន្ថែមទៀតនៅកម្ពុជា នៅក្នុងវិស័យអាទិភាពដូចជា ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព កសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសេដ្ឋកិច្ចឌីជីថល។
ការជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងពេលទទួលជួប លោក Oliver RICHARD ឯកអគ្គរដ្ឋបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ហើយក្រសួងការបរទេស ចេញផ្សាយខ្លឹមសារនៃជំនួបនេះ នៅថ្ងៃទី១១កញ្ញា។បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏អរគុណ ចំពោះការបន្តគាំទ្ររបស់បារាំង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះទស្សនកិច្ច របស់គណៈប្រតិភូធុរជនបារាំង MEDEF International នៅកម្ពុជា និងបានកោតសរសើរ ចំពោះតួនាទីរបស់ MEDEF ក្នុងការចូលរួមជាមួយសហគ្រាសបារាំងនៅកម្ពុជា។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមមាន វប្បធម៌ និងបេតិកភណ្ឌ សុខាភិបាល ការពារជាតិ និងសហប្រតិបត្តិការបរិស្ថាន និងអាកាសធាតុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល ដោយបន្ថែមទៀតថា ក្នុងជំនួបនោះ លោក ប្រាក់ សុខុន ក៏បានលើកពីវឌ្ឍនភាពបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ប្រាប់ ទៅឯកអគ្គរដ្ឋទូតបារាំងផងដែរ។ ចំពោះទំនាក់ទំនងទ្វេភាគីវិញ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បញ្ជាក់ថាកម្ពុជា ពេញចិត្តខ្លាំងចំពោះមិត្តភាពយូរអង្វែង រវាងកម្ពុជា និងបារាំង ដែលភាពជាដៃគូនេះ គឺឈរលើមូលដ្ឋាន ប្រវត្តិសាស្ត្ររួម និងការជឿជាក់គ្នាទៅវិញទៅមក។ ដើម្បីបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីបន្តសមិទ្ធផល របស់ឯកឧត្តមឯកអគ្គរដ្ឋទូតចប់អាណត្តិមុនៗ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការបរទេសកម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ លោក Oliver RICHARD។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានលើកឡើងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសន្ទនាកម្រិតខ្ពស់ ជាពិសេសជំនួបពិភាក្សាប្រកបដោយផ្លែផ្កា រវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងឱកាសសន្និសីទអង្គការសហប្រជាជាតិលើកទី៣ ស្តីពីមហាសមុទ្រ នៅទីក្រុងនីស កាលពីខែមិថុនាកន្លងមក។ សម្រាប់ក្រសួងការបរទេស ជំនួបផ្លាស់ប្តូរយោបល់នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការចុះហត្ថលេខា និងការផ្តល់សច្ចាប័ន ដល់កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្ថាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (BBNJ) និងការគាំទ្រសន្ធិសញ្ញា «Nice Wake-Up Call for an Ambitious Plastics Treaty»។ ភាគីទាំងពីរ ក៏បានបង្ហាញពីការពេញចិត្តខ្លាំង ចំពោះវឌ្ឍនភាពសម្រេចបាន ក្នុងការរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទៅជាដៃគូយុទ្ធសាស្ត្រ និងបានឯកភាពរៀបចំសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំង ដែលគ្រោងរៀបចំនៅចុងឆ្នាំនេះ នៅរាជធានីភ្នំពេញផងដែរ៕

ដកស្រង់ពី៖ថ្មីៗ