ផ្សាយផ្ទាល់


បណ្តាញសង្គម

មន្ត្រីកម្ពុជា​ ៤០រូប មកពី១០ក្រសួងស្ថាប័ន នឹងចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅឥណ្ឌា

ភ្នំពេញ៖ មន្រ្តីរាជការកម្ពុជាចំនួន ៤០រូប មកពី១០ក្រសួង ស្ថាប័ន មានឱកាសចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅសាធារណរដ្ឋឥណ្ឌារយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៦ កញ្ញា។ វគ្គបណ្តុះបណ្តាលខ្លីនេះ ស្តីពីគោលនយោបាយសាធារណៈ និងអភិបាលកិច្ច។

នៅថ្ងៃទី១០ ខែកញ្ញា លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានចូលរួម ពិធីជូនដំណើរមន្រ្តីរាជការកម្ពុជាចំនួន ៤០រូប ដែលមកពី ១០ក្រសួង ស្ថាប័នទៅចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅប្រទេសឥណ្ឌា។ វគ្គបណ្ដុះបណ្ដាល ស្តីពីគោលនយោបាយសាធារណៈ និងអភិបាលកិច្ច ដែលមានរយៈពេល១២ថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រវិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលជាកត្តាគន្លឹះសម្រាប់ការគ្រប់គ្រងដំណើរការនៃការអភិវឌ្ឍកម្ពុជា។ ថ្លែងក្នុងពិធីខាងលើ លោក ហ៊ុន ម៉ានី បានអរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងមុខងារសាធារណៈតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈកម្ពុជា និងក្រសួងបុគ្គលិក ទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍ឥណ្ឌា។

សម្រាប់លោករដ្ឋមន្រ្តី វគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះ ប្រព្រឹត្តទៅស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងយកចិត្តទុកដាក់លើការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងសមត្ថភាពធានធានមនុស្ស។តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ លោក ហ៊ុន ម៉ានី ជឿជាក់ថាមន្រ្តីរាជការទាំង ៤០រូប ដែលទទួលបានការបំពាក់បំប៉នចំណេះដឹង និងជំនាញពីសាធារណរដ្ឋឥណ្ឌា នឹងប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ដើម្បីដកស្រង់ឧត្តមានុវត្តន៍ និងបទពិសោធ ដើម្បីយកមកអភិវឌ្ឍនៅតាមក្រសួង ស្ថាប័នសាមីរបស់ខ្លួន។ លើសពីនេះ លោករដ្ឋមន្រ្តី រំពឹងថា មន្រ្តីរាជការទាំង៤០រូប នឹងបំពេញតួនាទីជាអ្នកតំណាងកម្ពុជា ដើម្បីពាំនាំ ផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់កម្ពុជាជូនដល់ប្រជាជនឥណ្ឌាឱ្យបានស្គាល់។ ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី ក៏បានអរគុណសាធារណរដ្ឋឥណ្ឌា ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អដែលបានផ្តល់ឱកាស និងការចូលរួមតាមដានចំពោះការវិវឌ្ឍស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោក សង្ឃឹមថា ឥណ្ឌានឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវសន្តិភាពជាអចិន្ត្រៃយ៍ និងប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជានិងប្រទេសថៃ ដើម្បីប្រជាជនដែលបានភៀសសឹកបានវិលត្រឡប់ទៅកាន់ផ្ទះសំបែងរបស់ខ្លួនវិញ។ នេះបើតាមក្រសួងមុខងារសាធារណៈ៕

ដកស្រង់ពី៖ថ្មីៗ