
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថាបច្ចុប្បន្ន កីឡាករថា្នល ៤នាក់ ដែលមានវ័យ១២ និង១៣ឆ្នាំ កំពុងហ្វឹកហាត់ត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ (4th Asian Youth Games ឬ AYG) ឆ្នាំ២០២៩ នៅកម្ពុជា។
អគ្គលេខាធិការរូបនេះ រំពឹងថា នឹងមានក្មេងៗ ដែលមានសក្ដានុពលច្រើនទៀត អាចជាប់ជាក្រុមជម្រើសជាតិថ្នាលនេះ។កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី លើកទី៤ នៅឆ្នាំ២០២៩។ ចំណែកព្រឹត្តិការណ៍ នាអំឡុងខែតុលា ឆ្នាំ២០២៥ ប៉ារែន នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយកម្ពុជា នឹងទៅចូលរួមប្រកួតព្រមទាំង ទៅទទួលទង់ធ្វើជាម្ចាស់ផ្ទះបន្ទាប់។ លោក នូ ចំរើន បានបញ្ជាក់ថា សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានដាក់គោលដៅយកមេដាយ តាមដែលអាចធ្វើបាន ក្នុងអំឡុងពេលធ្វើជាម្ចាស់ផ្ទះនោះ។ សហព័ន្ធ បានចាប់ផ្ដើមប្រមូលកីឡាករថ្នាល ដែលមានសក្ដានុពល មកហ្វឹកហាត់ជាក្រុមជម្រើសជាតិ ចាប់តាំងពីខែមេសា ឆ្នាំ២០២៥។ បច្ចុប្បន្ន កីឡាករថ្នាល មានចំនួន៤នាក់ ដែលមានអាយុមិនលើសពី១៣ឆ្នាំ។
អគ្គលេខាធិការរូបនេះ រំពឹងថានៅឆ្នាំបន្ទាប់ៗទៀត នឹងមានកីឡាករថ្នាល និងកីឡាការិនីថ្នាលថែមទៀត ដើម្បីឲ្យការប្រកួតប្រជែង និងឱកាសទទួលបានជោគជ័យកាន់តែច្រើន ក្នុងការដណ្ដើមមេដាយកាន់តែច្រើន អំឡុងពេលធ្វើជាម្ចាស់ផ្ទះ។ «កីឡាករថ្នាលយើង មាន៤នាក់។ យើងរំពឹងថា ឆ្នាំបន្ដបន្ទាប់ទៀត នឹងកើនចំនួន ព្រមទាំងមានកីឡាការិនី ដែលអាចឲ្យយើងត្រៀមបានកាន់តែច្រើន សម្រាប់ឆ្នាំ២០២៩។»។ លោក នូ ចំរើន បង្ហាញក្តីរំពឹងបែបនេះ។ សហព័ន្ធ បានបង្វឹកទៅលើប្រភេទកង់ភ្នំ និងកង់គួក ដោយកង់ភ្នំត្រូវទៅហ្វឹកហាត់នៅភ្នំប្រសិទ្ធិ និងទីលានប្រណាំងម៉ូតូហោះ នៅព្រែកលៀប។ ចំណែកការហ្វឹកហាត់កង់គួក កីឡាករ ត្រូវជិះលើផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦។
លោក នូ ចំរើន បញ្ជាក់ថា ការបង្វឹកកីឡាករថ្នាលទាំងនោះ មានការពិបាក ដោយសារវ័យនៅក្មេងពេក ហើយការហ្វឹកហាត់នៅតាមដឹងផ្លូវ សហព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពពួកគេ។ ដោយឡែក កីឡាករថ្នាលទាំងនោះ ក៏មានចំណុចវិជ្ជមាន ក្នុងការហ្វឹកហាត់ដែរ ដោយពួកគេមានវិន័យខ្ពស់ និងគោរពពេលវេលាហ្វឹកហាត់។ «ក្មេងៗ ទាំងនោះមានការហ្វឹកហាត់ទៀងទាត់។ កីឡាករថ្នាល់ទាំងនោះ មិនមានការលំបាកទេ ទាក់ទងទៅនឹងការបង្វឹក និងការគោរពវិន័យរបស់ពួកគាត់ ពួកគាត់ស្ដាប់បង្គាប់តាមពួកយើងណាស់។ អ្វី ដែលជាការលំបាកនោះ គឺពួកគាត់នៅក្មេងខ្ចីខ្លាំង។ ម្យ៉ាងវិញទៀត ការជិះនៅតាមដងផ្លូវ មិនស្រួលដូចជាកីឡានៅក្នុងសាលទេ។ ដូច្នេះ ការហ្វឹកហាត់នេះ ក៏ពាក់ព័ន្ធជាមួយចរាចរណ៍យើងដែរ។»។ នេះ បើតាមការបញ្ជាក់ពីលោក នូ ចំរើន៕

ដកស្រង់ពី៖ថ្មីៗ