ផ្សាយផ្ទាល់


បណ្តាញសង្គម

សិប្បករកែច្នៃត្រី៖ យើងត្រៀមរួចរាល់សម្រាប់ការនាំចេញ!

សៀមរាប៖ សាន់នី ហ្វីស គឺជាសិប្បកម្មកែច្នៃត្រី ទៅជាត្រីងៀត ត្រីឆ្អើរ ត្រីបង្កក និងផលិតផលផ្អាប់ពីត្រីជាដើម។ ម៉ាកយីហោកូនខ្មែរនេះ កំពុងបោះជំហានចូលទៅទីផ្សារអន្តជាតិ។

កន្លងទៅនេះ សិប្បកម្មមួយនេះ បាននាំចេញផលិតផល ប្រភេទត្រីសម្ងួត បង្កក និងផ្អាប់ ទៅកាន់ប្រទេសអូស្រ្តាលី ចំនួន ២លើកស្មើនឹង ៩តោន ដោយបច្ចប្បន្នកំពុងបន្តការចរចាជាមួយទីផ្សារនៅសហរដ្ឋអាម៉េរិក និងប្រទេសបារាំង។សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស ត្រូវបានបង្កើតឡើងចុងឆ្នាំ ២០០០ ដោយលោក ស៊ឹម ឈុនលុយ បានសហការជាមួយសិប្បកម្ម ហូម ថេសហ្វូដ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការនាំចេញផលិតផល ជលផល។ សិប្បកម្មនេះមានទីតាំង នៅភូមិបុស្បក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលអាចកែច្នៃផលិតផលជលផលពី ៣៨ ទៅ៤០តោន ក្នុងមួយឆ្នាំ។

សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ សហភាពអឺរ៉ុប(EU) និង អង្គការ UNIDO បានរៀបចំដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣ (Roadshow) អំពីសហគ្រាសជលផលក្រោយប្រមូលផល គាំទ្រដោយគម្រោង CAPFISH-Capture។

គម្រោងនេះ មានគោលដៅអភិវឌ្ឍខ្សែច្រវាក់តម្លៃជល ផលក្រោយប្រមូលផលប្រកបដោយបរិយាប័ន្ន ដោយផ្តោតលើ ការពង្រឹង សមត្ថភាព អាជ្ញាធរមានសមត្ថកិច្ច (FCA) ក្នុងការបង្កើត ប្រព័ន្ធត្រួតពិនិត្យផ្លូវការដើម្បីបន្តជួយគាំទ្រ និងអភិវឌ្ឍ សហគ្រាស ជលផល ក្រោយ ប្រមូលផលតាមរយៈការកសាងសមត្ថភាពការអភិវឌ្ឍជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ការបង្កើតយន្តការគាំទ្រ និងដាក់ចេញនូវកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យមដើម្បីធានាឱ្យ បាននូវនិរន្តរភាពសម្រាប់វិស័យនេះ៕

ដកស្រង់ពី៖ថ្មីៗ