
ភ្នំពេញ៖ ជំនាញចិត្តវិទ្យា គឺជាជំនាញដែលមានតម្រូវការទីផ្សារការងារច្រើនទាំងពេលបច្ចុប្បន្ន និងអនាគត។ ប៉ុន្តែបច្ចុប្បន្ន និស្សិតសិក្សាជំនាញចិត្តវិទ្យា មានតិចជាងតម្រូវការនៅលើទីផ្សារការងារ។
អ្នកសិក្សាជំនាញចិត្តវិទ្យា ឬអ្នកធ្វើការផ្នែកពិគ្រោះផ្លូវចិត្ត និងអ្នកប្រឹក្សាយោបល់អំពីបញ្ហាផ្លូវចិត្ត ត្រូវបានគេឱ្យតម្លៃខ្ពស់ ហើយចាត់ទុកអ្នកធ្វើការងារផ្នែកនេះ ជាដង្ហើមរបស់អ្នកមានបញ្ហាផ្លូវចិត្ត ។ទាក់ទិននឹងមុខជំនាញចិត្តវិទ្យា លោក ផាន់ ចាន់ពៅ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងថា ជំនាញចិត្តវិទ្យា គឺសិក្សាទៅលើបាតុភូតចិត្ត និងបាតុភូតសរីរៈ អាកប្បកិរិយា ដែលជាដំណើរប្រព្រឹត្តទៅរបស់សរីរាង្គក្នុងនិងក្រៅមានទំនាក់ទំនងគ្នា ធ្វើឱ្យមានជីវិតប្រព្រឹត្តបានធម្មតា។ បាតុភូតទាំងពីរនេះ គឺមិនអាចខ្វះមួយណាបានឡើយ។
បាតុភូតចិត្តនោះ ជាបាតុភូតទាំងឡាយណាដែលប្រព្រឹត្តទៅក្នុងខួរក្បាលរបស់មនុស្ស និងសម្ដែងចេញមកក្រៅតាមរយៈអាកប្បកិរិយា ដូចជាទឹកមុខ ពាក្យសម្ដីជាដើម។ ពេលសាកសួរថា តើសិស្សនិស្សិតគួរត្រៀមលក្ខណៈបែបណា ដើម្បីអាចសិក្សាជំនាញចិត្តវិទ្យាបានប្រសើរ សាស្រ្ដាចារ្យ ចាន់ពៅ ឆ្លើយតបថា វាចាំបាច់ដែលនិស្សិតត្រូវប្រឡងចូលរៀនលើមូលដ្ឋានគ្រឹះមុខវិជ្ជាសីលធម៌ និងអង់គ្លេស ជាពិសេសមានចំណង់ចំណូលចិត្តទំនាក់ទំនងជាមួយមនុស្ស។ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់ដូច្នេះថា៖ «មុខវិទ្យាចិត្តវិទ្យា ក្ដោបទូលំទូលាយច្រើន ទៅលើផ្លូវចិត្តរបស់មនុស្ស។ យើងអាចនិយាយបានថា សុខភាពផ្លូវចិត្តជាម៉ែ សុខភាពផ្លូវកាយជាឪពុក ដូច្នេះអ្វីដែលសំខាន់ជាងគេសម្រាប់និស្សិត គឺនិស្សិតអាចយកចំណេះដឹងដែលគាត់បានរៀនក្នុងសាលា ប្រើប្រាស់នៅក្នុងជីវភាពរស់នៅ។
បានន័យថាស្នូលនៃជំនាញចិត្តវិទ្យា និស្សិតអាចធ្វើជាអ្នកជំនាញចិត្តវិទ្យា, ប្រឹក្សាយោបល់អំពីបញ្ហាផ្លូវចិត្ត, សាស្រ្តាចារ្យចិត្តវិទ្យា និងចិត្តគរុកោសល្យ, និងប្រឹក្សាយោបល់បែបផ្លូវចិត្តជាដើម»។
សាស្រ្ដាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បានពន្យល់ថា និស្សិតដែលសិក្សាជំនាញចិត្តវិទ្យា ឬបរិញ្ញាបត្រចិត្តវិទ្យានេះ នឹងទទួលបានចំណេះដឹងពីមូលដ្ឋានគ្រឹះនៃចិត្តវិទ្យា និងយល់ដឹងពីចិត្តវិទ្យាអន្តរវប្បធម៌ ការព្យាបាលលក្ខណៈគ្រួសារ ជាពិសេសយល់ដឹងពីទ្រឹស្ដីបុគ្គលិកលក្ខណៈ នរៈចិត្តវិទ្យា ចិត្តវិទ្យាអប់រំ និងភាសារអង់គ្លេសផងដែរ។ក្រោយបញ្ចប់ជំនាញនេះ និស្សិងអាចទៅបម្រើការងារនៅតាមអង្គភាពឬមុខនាទីដូចជា ធ្វើជាសាស្ត្រាចារ្យចិត្តវិទ្យា នៅតាមគ្រឹះស្ថានសិក្សា និងអ្នកជំនាញ ជាអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន បណ្ដាអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន និងស្ថាប័នផ្សេង។
ម្យ៉ាងជំនាញនេះគឺ ជាសក្តានុពលសម្រាប់សង្គមក្នុងការដោះស្រាយបញ្ហាអ្នកមានវិបត្តិផ្លូវចិត្តឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យារូបនេះ បញ្ជាក់ថា ចំនួននិស្សិតដែលរៀនជំនាញចិត្តវិទ្យា មានសន្ទុះជាងមុនច្រើន បើធៀបនឹងរយៈពេលប្រមាណ៣១ឆ្នាំមុន។
សាស្រ្តាចារ្យរូបនេះបន្ថែមថា ជំនាញចិត្តវិទ្យា គឺពិតជាសំខាន់ សម្រាប់ការរស់នៅបច្ចុប្បន្ន ខណៈជំនាញចិត្តវិទ្យាបច្ចុប្បន្ន មិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារការងារឡើយ ព្រោះធនធាននៅតិច។ ពាក់ព័ន្ធនឹងការរៀនចិត្តវិទ្យានេះដែរ សាស្រ្តាចារ្យ ផាន់ ចាន់ពៅ បានលើកចិត្តដល់សិស្សានុសិស្សឱ្យចាប់យកជំនាញនេះ ដើម្បីជួយខ្លួនឯង និងបញ្ហានានារបស់អ្នកដទៃ។ យ៉ាងណាក៏ដោយ លោក ផាន់ ចាន់ពៅ បានផ្តាំផ្ញើ ដល់សិស្សទាំងអស់ឱ្យជ្រើសរើសជំនាញណា ដែលខ្លួនឯងមានសក្តានុពល និងស្រឡាញ់ពេញចិត្ត៕

ដកស្រង់ពី៖ថ្មីៗ