ផ្សាយផ្ទាល់


បណ្តាញសង្គម

ក្រសួងការពារជាតិកម្ពុជា បាន​ប្រកាសបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ដោយ គ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃ នាពេលកន្លងមកថា កម្ពុជាបានបង្ហោះដ្រូន នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។

តាមរយៈសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកការចោទប្រកាន់នេះ ថាជាការបំភ្លៃខុសពីការពិត។ ទង្វើនេះ មិនត្រឹមតែធ្វើឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។

ក្រសួងការពារជាតិ គូសបញ្ជាក់ដូច្នេះថា៖« កម្ពុជាមិនបានបង្ហោះដ្រូនចូលដែនអធិបតេយ្យភាពថៃដូចការចោទប្រកាន់ដែលគ្មានការពិតនេះឡើយ។»។ ទន្ទឹមនឹងការទាល់ចោលការចោទប្រកាស ក្រសួងការពារចាតិ ស្នើភាគីថៃ ប្រកាន់ខ្ជាប់គោលការណ៍ដែលភាគីទាំងពីរ បានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណៈមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនាដោយសន្តិវិធី ដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងការពារជាតិ ក៏បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក៏ដូចជាការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់ការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានមកទល់ពេលនេះ ក្នុងនោះរួមទាំងកំណត់ហេតុរួម នៃកិច្ចប្រជុំទាំងអស់របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលត្រូវបានប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការឯកភាពគ្នាលើលក្ខខណ្ឌ នៃបទឈប់បាញ់ដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕

ដកស្រង់ពី៖ថ្មីៗ