
«ក្នុងនាមជាអ្នកជំនាន់ក្រោយ និងជាប្រជាពលរដ្ឋខ្មែរមួយរូប ពិតជាមិនអាចបំភ្លេចបាន និងចងចាំជានិច្ចនូវគំរូវីរភាព ការលះបង់ និងគុណបំណាច់ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ អតីតមន្ត្រីរាជការ និងនិវត្តជនទាំងអស់»។
នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី នាពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តជនដែលរស់នៅខេត្តកំពង់ស្ពឺ។កាលពីថ្ងៃទី១៣ កញ្ញា លោក ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តន៍ជន ដែលបាន និងកំពុងរស់នៅខេត្តកំពង់ស្ពឺ ចំនួន ១ ៩៦៣ នាក់។
ក្នុងពិធីនោះ ឯកឧត្តម ហ៊ុន ម៉ានី បានរំលឹកពីគុណបំណាច់ និងគំរូវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ ដាក់អាយុជីវិតធ្វើជាដើមទុន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ថ្លែងនៅមុខនិវត្តន៍ជន លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការរួមចំណែករបស់និវត្តន៍ជន ក្នុងការស្តារប្រទេសជាតិឡើងវិញ ជាពិសេសការរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈនៅតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺឱ្យរស់ឡើងវិញ ព្រមទាំងបន្តអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ដូច្នេះ៖«ក្នុងនាមជាអ្នកជំនាន់ក្រោយ និងជាប្រជាពលរដ្ឋខ្មែរមួយរូប ពិតជាមិនអាចបំភ្លេចបាន និងចងចាំជានិច្ចនូវគំរូវីរភាព និងគុណបំណាច់ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់និវត្តន៍ជនទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជនឱ្យមានភាពសម្បូរសប្បាយដូចពេលបច្ចុប្បន្ន។»។ ជាថ្នាក់ដឹកនាំជំនាន់ក្រោយ លោក ហ៊ុន ម៉ានី ប្តេជ្ញាបន្តថែរក្សា ការពារ និងអភិវឌ្ឍន៍ប្រទេសមួយនេះឱ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់អនាគតកូនចៅជំនាន់ក្រោយៗ។ សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ន តាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន បានយកចិត្តទុកដាក់លើការរស់នៅរបស់និវត្តន៍ជន និងការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់និវត្តន៍ជនផងដែរ៕

ដកស្រង់ចេញពី៖ថ្មីៗ