
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អះអាងថា មិនដែលបានពិភាក្សា ជាមួយ អតីតដៃគូនយោបាយស្និទ្ធស្នាល លោក ថាក់ស៊ីន ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម សម្រាប់ផលចំណេញសេដ្ឋកិច្ចសម្រាប់គ្រួសារ ឬបុគ្គលឡើយ។ ប្រមុខព្រឹទ្ធសភាកម្ពុជា បញ្ជាក់ដូច្នេះ នៅល្ងាចថ្ងៃទី១៥ កញ្ញា ក្រោយឃើញព័ត៌មានមួយដែលគេបានចុះផ្សាយថា លោក ថាក់ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កក។
តាមរយៈសំណេរនៅទំព័រហ្វេសប៊ុកដដែល សម្តេច ហ៊ុន សែន បន្ថែមថានេះ គឺជាការទទួលខុសត្រូវមួយដែរ របស់សម្តេច ក្នុងការរក្សាភាពស្អាតស្អំរបស់លោក ថាក់ស៊ីន ទោះជាបុគ្គលរូបនេះ និងសម្តេច កំពុងមានបញ្ហាជាមួយគ្នាក៏ដោយ។ មិនមែនតែលោកថាក់ស៊ីន នោះទេដែលគ្មានទ្រព្យ និងអាជីវកម្មនៅកម្ពុជា ប្អូនស្រីរបស់លោក គឺលោកស្រី យីង ឡាក់ ក៏ដូចគ្នាដែរ។
នេះបើតាមសម្តេច ហ៊ុន សែន ដែលបញ្ជាក់ក្នុងសំណេរដដែលដូច្នេះថា៖«មិនថា ឯកឧត្តម ថាក់ ស៊ីន ឬលោកជំទាវ យីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយ នៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៊ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់ បង្ហាញថា ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។»។ ប្រមុខព្រឹទ្ធសភា ក៏ស្នើឱ្យបញ្ឈប់ជាបន្ទាន់ ការផ្សព្វផ្សាយព័ត៌មានកុហកខុសការពិតនេះ បើវាមានប្រភពចេញពីកម្ពុជា ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ មិនកុហក ភូតភរ មួលបង្កាច់ ប្រឌិតរឿងខុសការពិត ក្នុងនាមជាជាតិសាសន៍ខ្មែរ។ ប៉ុន្តែបើព័ត៌មានប្រឌិតនេះ មានប្រភពចេញពីប្រទេសថៃ សម្តេច ហ៊ុន សែន បញ្ជាក់ថា ទុកឱ្យអាជ្ញាធរថៃ ចាត់វិធានការដោះស្រាយ៕

ដកស្រង់ពី៖ថ្មីៗ