
ក្រសួងអឺរ៉ុប និងកិច្ចការបរទេសបារាំង បានស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខណ្ឌនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជា និងថៃ ហើយជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីគោរពតាមបទឈប់បាញ់។ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៥ ខែកញ្ញា នោះដែរ បារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់ភាគីទាំងពីរកម្ពុជា-ថៃក្នុងការបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែន។
ជាមួយគ្នានេះ បារាំងបញ្ជាក់សាជាថ្មីនូវការគាំទ្រដ៏ពេញទំហឹងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះដើម្បីស្ថិរភាពក្នុងតំបន់។ កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ដោយភាគីកម្ពុជាដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ កិច្ចប្រជុំ GBC រៀបចំឡើងដើម្បីពិភាក្សាបន្ថែមទៀត ក្នុងការជំរុញ ប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។
តាមរយៈលទ្ធផល ភាគីទាំងពីរព្រមព្រៀងគ្នា កែសម្រួលយុទ្ធោបករណ៍ និងសម្ភារយោធា ក្រោមការតាមដានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីកាត់បន្ថយភាពតានតឹង។ ទន្ទឹមនឹងនេះ កម្ពុជា-ថៃ បានឯកភាពគ្នា ការបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្តីញុះញង់ ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។
លោក ទៀ សីហា បានបញ្ជាក់ពីទាហានកម្ពុជាដែលជាប់ឃុំនៅថៃដែរ៖ «អង្គប្រជុំ ក៏បានពិភាក្សាករណីទាហានដែលត្រូវបានចាប់ខ្លួន ឆ្ពោះទៅរកការដោះលែងឱ្យបាន ឆាប់រហ័សតាមដែលអាចធ្វើទៅបាន ក្នុងពេលវេលាសមស្របណាមួយ ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌»។
ប្រទេសទាំងពីរ បានពិចារណាលើការបើកច្រកព្រំដែនមួយចំនួន សម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។ ចំពោះការងារដោះមីនមនុស្សធម៌ ភាគីទាំងពីរ ឯកភាពគ្នាក្នុងការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ។ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីកំណត់ និងឯកភាពដោយភាគីទាំងពីរនូវតំបន់អាទិភាព។
ក្នុងការគ្រប់គ្រងព្រំដែន ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចម្រុះព្រំដែន (JBC) ជាយន្តការក្នុងការអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពគ្នា ដោះស្រាយបាតុភាពនៅតាមបណ្ដោយព្រំដែនដោយសន្តិវិធី៕

ដកស្រង់ពី៖ថ្មីៗ