បណ្តាញសង្គម

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ៖ ការថែរក្សាការពារនិងអភិវឌ្ឍន៍សិល្បៈ ត្រូវផ្ដើមពីមនុស្សម្នាក់ៗសិន ទើបក្លាយជាចលនាទូទាំងប្រទេស

 (ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មការ រៀបចំ មហោស្រពតន្រ្តី ចម្រៀងសម័យ ថ្នាក់ជាតិ ២០១៦ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញ ប្រកាសបិទកម្មវិធី មហោស្រព តន្រ្តីចម្រៀង សម័យថា្នក់ជាតិ ២០១៦ ដែលជាការ ប្រឡង ផ្ដាច់ព្រ័ត្រ នៃសិល្បចម្រៀង សម័យថ្នាក់ជាតិ នាសាលសន្និសីទ ចតុមុខ ។

ក្នុងឱកាស នោះដែរ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានឱ្យដឹងថា សិល្បតន្រ្តីចម្រៀង សម័យទំនើប ជាសិល្បៈម្យ៉ាង ដែលមាន ឥទ្ធិពល យ៉ាងខ្លាំង ទៅលើមនុស្ស លើសសិល្បៈ ដទៃទៀត ។ ឯកឧត្តម រដ្ឋមន្រ្តីបន្តថា «ការថែរក្សាការពារ និងអភិវឌ្ឍន៍វប្បធម៌សិល្បៈ ឱ្យមាន ដួងព្រលឹង ពណ៌សម្បុរជាខ្មែរ ត្រូវផ្ដើមឡើង ពីក្នុងជម្រៅ បេះដូង នៃមនុស្សម្នាក់ៗសិន ទើបអាចក្លាយ ទៅជាចលនា មួយទូទាំងប្រទេស» ។

 ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាតំណាង គណៈកម្មការ ផ្ដល់ពិន្ទុ បានឱ្យដឹងដែរថា កម្មវិធីមហោស្រព តន្រ្តីចម្រៀង សម័យថ្នាក់ជាតិ ២០១៦នេះ មានផលវិបាក ៣ចំណុច រួមមាន៖ ទី១.ការប្រមូលក្រុម តន្ត្រីឱ្យចូលរួមប្រឡង ពីរាជធានី និងបណ្ដា ខេត្តនានា, ទី២.ក្រុមតន្រ្តីទាំងអស់ ធ្លាប់តែប្រគុំ និងសម្ដែង បទចម្រៀង ចម្លងតាមបរទេស និងបទដែល មានស្រាប់ ចំពោះ បទចម្រៀងស្នាដៃថ្មី ពុំសូវមាននោះទេ, និងទី ៣.គណៈកម្មការ រៀបចំ មហោស្រពនេះ គឺមិនបាន យកថវិកាជាតិ មកចំណាយនោះទេ គឺត្រូវកៀរគរ ថវិការឧបត្ថម្ភ ពីបណ្ដា សប្បុរសជន ស្ថាប័ន ក្រុមហ៊ុនឯកជននានា (មិនមែន ផ្សព្វផ្សាយ ពាណិជ្ជកម្ម) ដើម្បីចូលរួមជំរុញ និងលើកស្ទួយ ការបង្កើតស្នាដៃថ្មីៗ ។

សម្រាប់ជយលាភី ក្រុមតន្ត្រី ដែលចូលរូមប្រឡង ផ្ដាច់ព្រ័ត្រ ក្នុងកម្ម វិធីព្រឹកថ្ងៃនេះ គឺ ក្រុមតន្ត្រី មកពី ខេត្តពោធិ៍សាត់ ជាអ្នកទទួល ជយលាភីលេខ១, ក្រុមតន្រ្តីខេត្តស្វាយរៀង ទទួលជយលាភីលេខ២ , និងជយលាភីលេខ៣ បានទៅលើក្រុម តន្រ្តីខេត្តកំពង់ស្ពឺ ។ មហោស្រពតន្រ្តី ចម្រៀងសម័យថ្នាក់ជាតិ ២០១៦នេះ ធ្វើឡើងចំនួន ៣លើក រួចមកហើយ គឺនៅឆ្នាំ២០១១, ឆ្នាំ២០១៣, និងឆ្នាំ២០១៥ ចំណែកលើកទី៤ ក្នុងឆ្នាំ២០១៦នេះ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី ២២-៣១ ខែសីហា ដែលមានចំនួន ៣វគ្គ និងមានក្រុមតន្រ្តី ២០ក្រុម ចលនារួម ប្រកួតប្រជែង ។

ដោយសារមហោស្រព ចម្រៀងសម័យ ថ្នាក់ជាតិនេះ ប្រព្រឹត្តទៅទទួល បានជោគជ័យ និងរលូនយ៉ាងល្អ, នៅខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ក្រសួងព័ត៌មាន នឹងរៀបចំ ព្រឹត្តិការណ៍នេះទៀត ដើម្បីចូលរួមលើកទឹកចិត្ត ដល់សិល្បករ-ការិនី កម្ពុជា ឱ្យបង្កើតស្នាដៃថ្មីៗ ខ្លួនឯង និងដើម្បីរួមចំណែក លើកស្ទួយ វប្បធម៌សិល្បខ្មែរ ឱ្យកាន់រីក ចម្រើនទៅមុខ ៕

ដកស្រង់ពី៖ ដើមអម្ពិល