បណ្តាញសង្គម

សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរ ត្រូវដោះស្រាយ ទំនាស់ដោយសន្តិវិធី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវទៅដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវគោរពច្បាប់ និងដោះស្រាយទំនាស់នានា ដោយសន្តិវិធី ។

យោងតាមសាលិខិត របស់សម្តេចតេជោ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ សម្តេច បានលើកឡើងថា បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ ចាប់ពីឆ្នាំ១៩៩៨មក ដែលសន្តិភាព នេះ មានតម្លៃពុំអាចកាត់ថ្លៃបាន ព្រោះបានអនុញ្ញាតឲ្យប្រទេស និងប្រជាជនកម្ពុជាយើង ទទួលបានមកវិញ នូវឯករាជ្យភាព ជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ មានសិទ្ធិសេរីភាពគ្រប់យ៉ាង មានការអភិវឌ្ឍ សេដ្ឋកិច្ច ព្រមទាំងវឌ្ឍនភាពសង្គម ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ការចូលរួមរបស់ប្រជាជន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការថែរក្សា និងពង្រឹងសន្តិភាពនេះឲ្យកាន់តែរឹងមាំ និងឋិតថេរជានិច្ចនិរន្តរ៍ ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា “ក្នុងស្មារតីនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិគ្រប់រូប ខិតខំបន្ត ពង្រឹងការការពារ ថែរក្សាសន្តិភាព និងលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះប្រទេសជាតិ ពង្រឹងឯកភាពជាតិ ជៀសវាងរាល់អំពើទាំងឡាយណាដែលនាំឲ្យខ្មែរយើងបែបបាក់គ្នា ដោយគោរពវប្បធម៌អហិង្សា អនុវត្តន៍ការ អត់ធ្មត់ ការយោគយល់ ការអធ្យាស្រ័យ ការរក្សាសណ្ដាប់ធ្នាប់សង្គម ការគោរពច្បាប់ និងការដោះស្រាយទំនាស់ ដោយសន្តិវិធី” ៕

ដកស្រង់ពី៖ ដើមអម្ពិល