បណ្តាញសង្គម

សិស្សនិស្សិតខ្មែរ ៩រូប ទទួលជ័យលាភី ការប្រកួតនិពន្ធអត្ថបទ របស់ សហភាពអឺរ៉ុប

ភ្នំពេញ៖ សិស្សនិស្សិតខ្មែរ ចំនួន ៩រូប នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នេះបានទទួលជ័យលាភី ក្នុងការប្រកួតនិពន្ធអត្ថបទ លើប្រធានបទចំនួន៣ ដែលត្រូវបានរៀបចំឡើង ដោយប្រតិភូ សហភាពអឺរ៉ុប ប្រចាំកម្ពុជា ដើម្បីឲ្យនិស្សិត ធ្វើការចែករំលែក ទស្សនៈរបស់ពួកគេ ទៅលើវិស័យអប់រំ បរិស្ថាន វប្បធម៌ សេដ្ឋកិច្ច កិច្ចការក្នុងតំបន់ និងពិភពលោក ។

លោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតអឺរ៉ុប ប្រចាំកម្ពុជា នៅក្នុងពិធីជួប សំណេះសំណាល និងផ្ដល់រង្វាន់ ដល់បេក្ខជនជ័យលាភី បានសម្ដែងនូវ ការអបអរសាទរ និងកោតសរសើរ ដល់សិស្សនិស្សិតកម្ពុជា ហើយក៏បានសម្ដែង នូវសេចក្ដីរីករាយ ដែលបានឃើញ យុវជនវ័យក្មេងកម្ពុជា មានចំណេះដឹងជ្រៅជ្រះ លើប្រធានបទដ៏សំខាន់ សម្រាប់អនាគត ប្រទេសកម្ពុជា នៅក្នុងវិស័យ ដូចដែលបានលើកឡើង ខាងលើ។ សិស្សនិស្សិតខ្មែរទាំង ៩រូប ដែលបានទទួលជ័យលាភី ក្នុងការនិពន្ធអត្ថបទ ក្រោមប្រធានបទទាំង៣ រួមមាន តើសហគមន៍ អាស៊ាន គួរមានលក្ខណៈ ដូចគ្នាទៅនឹង សហភាពអឺរ៉ុប ដែរឫទេ? ទី២ ហេតុអ្វីបានជាធម្មជាតិ ជាបញ្ហាដែលគួរ ឲ្យយកចិត្ត ទុកដាក់? និងទី៣ តើយុវជនគួរធ្វើអ្វីខ្លះ ដើម្បីកែប្រែអនាគត ឲ្យមានភាពល្អប្រសើរ ដោយក្នុងនោះ បេក្ខជនដែលដាក់អត្ថបទ ដើម្បីធ្វើការប្រកួតប្រជែង មានចំនួន ៦៩រូប ។

នៅក្រោមប្រធានបទ តើសហគមន៍ អាស៊ាន គួរមានលក្ខណៈដូចគ្នា ទៅនឹងសហភាពអឺរ៉ុប ដែរឫទេ? ជ័យលាភីលេខ១ បានទៅលើកញ្ញា ឆេង សុថារ័ត្ន មកពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានលើកឡើងថា "អាស៊ានមិនគួរ មានលក្ខណៈដូច អឺរ៉ុបឡើយ ដោយសារតែ សមាជិកអាស៊ានទាំងអស់ មានប្រព័ន្ធ នយោបាយខុសគ្នា ដំណាក់កាលអភិវឌ្ឍន៍ និងសមត្ថភាព សេដ្ឋកិច្ចខុសគ្នា និងមានគោលនយោបាយ មិនជ្រៀតជ្រែងលើផ្ទៃក្នុងប្រទេសដទៃ ឡើយ"។

សម្រាប់ប្រធានបទ ហេតុអ្វីបានជាធម្មជាតិ ជាបញ្ហាដែលគួរឲ្យយកចិត្ត ទុកដាក់? ជ័យលាភីបានទៅលើ កញ្ញា ហេង សុរីតា មកពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និងប្រធានបទទី៣ តើយុវជនគួរធ្វើអ្វីខ្លះ ដើម្បីកែប្រែអនាគត ឲ្យមានភាព ល្អប្រសើរ ជ័យលាភីបានទៅលើ កញ្ញា រ៉ាវី សភារ័ត្ន។ នៅក្នុងនោះដែរកញ្ញា រ៉ាវី សុភារ័ត្ន បានលើកឡើងចំណុច ចំនួន ៥ ដើម្បីគាំទ្រលើប្រធានបទរបស់ខ្លួន ដោយបានអះអាងថា ដើម្បីកែប្រែអនាគត ឲ្យបានល្អប្រសើរ យើងត្រូវមានក្ដីសុបិន្ដ ស្វែងរកទេពកោសល្យ ធ្វើការស្ម័គ្រចិត្ត លើគ្រប់វិស័យ ការអប់រំ និងសម្រួចទេពកោសល្យ រួមទាំងមិនខ្លាចការបរាជ័យ ជាដើម ៕

ដកស្រង់ពី៖ដើមអម្ពិល