បណ្តាញសង្គម

Full story៖កម្ពុជា-សិង្ហបុរីចុះ MOUលើវិស័យអប់រំ និងសុខាភិបាល,សម្តេចស្នើសិង្ហបុរីបង្កើនអាហារូបករណ៍ និងទាក់ទាញវិនិយោគ

ភ្នំពេញ៖ កម្ពុជា និងសិង្ហបុរីចុះហត្ថលេខា លើអនុស្សារណៈ (MOU) វិស័យអប់រំ និងសុខាភិបាល ក្រោមអធិបតីភាព របស់សម្តេចតេជោ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Tony Tan Keng Yam ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី  នៅវិមានសន្តិភាពនារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

 អនុស្សារណៈដែលចុះ MOUនោះ រួមមាន កិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួង ការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវកម្ពុជា ជាមួយនឹង វិទ្យាស្ថានអប់រំ បច្ចេកទេសសិង្ហបុរី  ព្រមទាំងអនុស្សារណៈ រវាងមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹង មន្ទីរពេទ្យ Tan Tock Seng របស់ប្រទេសសិង្ហបុរី ។

លោក Tony Tan Keng Yam បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅកម្ពុជារយៈ ពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨-១១ មករា តបតាមការអញ្ជើញពីព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Tony Tan Keng Yam បានចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈ នរោត្តម មុនីនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះរាជដំណាក់គន្ធបុប្ផា នៃព្រះបរមរាជវាំងផងដែរ។

មុនឈានចូលដល់ការចុះហត្ថលេខានេះ សម្តេចតេជោ ជោ ហ៊ុន សែន និងលោក Tony Tan Keng Yam ប្រធានាធិបតីសិង្ហបុរី បានជួពិភាក្សាទ្វេភាគី។ ដោយក្នុងកិច្ចពិភាក្សានោះ  សម្តេចតេជោ បានស្នើឲ្យលោក Tony Tan Keng Yam ជួយបង្កើនការផ្តល់អារូបករណ៍ដល់និស្សិតកម្ពុជា និងជួយទាក់ទាញវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត នេះបើឲ្យពីលោក អ៊ាង សុផល្លែតជំនួយការផ្ទាល់ របស់សម្តេចតេជោ ក្រោយបញ្ចប់កិច្ចជំនួប។
ជាការឆ្លើយតប ប្រធានាធិបតីសិង្ហបុរី ក៏បានសន្យាថា នឹងជួយបង្កើន ទាំងអហារូបករណ៍និងការវិនិយោគព្រមទាំងជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាផងដែរ៕

ដកស្រង់ពី៖ដើមអម្ពិល