បណ្តាញសង្គម

pdate៖ ​​ឯកឧត្តម សម​ រង្ស៊ី​​ នឹងត្រូវសាលាឧទ្ធរណ៍ លើកមកជំនុំជម្រះ ទាក់ទងនិងបណ្តឹង​ Facebook likes សម្តេច​តេជោ​ បាន​មក​ពី​ការ​ទិញ​ នៅ​រសៀល​នេះ​

ភ្នំពេញ៖ សំណុំរឿងឯកឧត្តម សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ នឹងត្រូវសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី១៧ ខែមករា នេះ បើកសវនាការ ពាក់ព័ន្ធ ករណីចោទថា Facebook likes សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ បានមកពីការទិញ ឬ ក្លែងបន្លំ ។

លោកសំ សុគង់ ជាមេធាវីការពារក្ដី ឯកឧត្តម សម រង្ស៊ី បញ្ជាក់ប្រាប់ថា សវនាការនេះធ្វើឡើង នាសាលសវនាការទី១ ដោយមានលោក សំរិទ្ធ សុផល ជាប្រធានក្រុមជំនុំជម្រះ លោក ប៉ុល សំអឿន លោកស្រី ចាន់ ម៉ាឌីណា ជាសមាជិក និង លោក ង៉ែត សារ៉ាត ជាតំណាងមហាអយ្យការ ។

គួររំលឹកថា សាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាស សាលក្រមផ្តន្ទាទោស ពិន័យជាប្រាក់ចំពោះ ឯកឧត្តម សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស ចំនួន១០លានរៀល និងសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹងចំនួន ១៥លានរៀល រឿងចោទថា Facebook likes សម្តេចតេជោ ដែលកើនយ៉ាង សន្ធឹកសន្ធាប់ បានមកពីការទិញ ឬ ក្លែងបន្លំ ។

តុលាការក៏បានបង្គាប់ ឲ្យផ្សព្វផ្សាយសេចក្ដីសម្រេចនេះ ជាសាធារណៈតាមប្រព័ន្ធ ទូរគមនាគមន៍ ចំនួន៣ថ្ងៃផងដែរ ។ ឯកឧត្តម សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ "បរិហារកេរ្តិ៍ជាសាធារណៈ" តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។ ឯកឧត្តម សម រង្ស៊ី មិនមែនមានតែ សំណុំរឿងនេះមួយទេ ពោលគឺ តុលាការកំពុងដំណើរការ ក្តីជាច្រើនទៀត ដែលបានចោទប្រកាន់ ឯកឧត្តម សម រង្ស៊ី ពីបទល្មើសព្រហ្មទណ្ឌ ហើយសុទ្ធសឹងជាបទល្មើសឧក្រិដ្ឋ៕ 

ដកស្រង់ពី៖ ដើមអម្ពិល