Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម​ ខៀវ កាញារីទ្ធ៖ ចេះតែភ្លេច កែតម្រូវរឿងប្រវត្តិសាស្រ្ត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជម្លៀសប្រជាពលរដ្ឋ ចេញពីក្រុងភ្នំពេញ របស់ពួកខ្មែរក្រហម

  • បោះពុម្ព

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានផ្សព្វផ្សាយ នៅលើបណ្តាញសង្គម Facebook របស់ ឯកឧត្តមដោយអះអាងថា  ឯកឧត្តមចេះតែភ្លេច កែតម្រូវរឿងប្រវត្តិសាស្រ្ត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជម្លៀសប្រជាពលរដ្ឋ ចេញពីក្រុងភ្នំពេញ របស់ពួកខ្មែរក្រហម។

ឯកឧត្តមបានបញ្ជាក់ថា នៅអំឡុងពេលជម្លៀសពលរដ្ឋ ចេញពីក្រុងភ្នំពេញនោះ ខ្មែរក្រហមមិនបានប្រើពាក្យសម្តី គ្រោតគ្រាតទេ គឺសំដី ‹‹មហាផ្អែម និង មហារាបសារ›› ប៉ុន្តែបើកំណត់ឱ្យដើរផ្លូវណាហើយ ពលរដ្ឋត្រូវតែដើរលើផ្លូវនោះ។ ឯកឧត្តម ខៀវ កាញារីទ្ធិ បានលើកឡើងនៅលើ Facebook របស់លោក នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ថា «ដោយមានការងាររវល់ញ៉ុកគូថ ចេះតែភ្លេច សរសេរកែតំរូវ រឿងប្រវត្តិសាស្ត្របន្តិច ក្រោយពីមើលកុន "ដំបូងខ្មែរក្រហមសំលាប់ប៉ាខ្ញុំ" រួច ។

នោះគឺនៅពេល ជន្លៀសមនុស្ស ចេញពីភ្នំពេញ ខ្មែរក្រហមឥតប្រើ សំដីគ្រោតគ្រាតទេ គឺសំដី‹‹មហាផ្អែម និង មហារាបសារ›› តែដាច់ណាត់ គឺ ថាឱ្យទៅតាមផ្លូវណាគឺផ្លូវហ្នឹងហើយ ឥតមានយកលេសថា បងប្អូននៅទិសខាងនេះ ឬខាងនោះឡើយ»។ ភាពជូរចត់នៃការរស់នៅ ក្នុងរបបខ្មែរក្រហម ត្រូវបានរំលឹកឡើងវិញ ជូនប្រជាជនកម្ពុជា នាថ្មីៗនេះ បន្ទាប់ពីខ្សែភាពយន្ត «ដំបូងខ្មែរក្រហមសំលាប់ប៉ាខ្ញុំ» ដែលជា ស្នាដៃរស់រវើក របស់តារាហូលីវូតដ៏ល្បី លោកស្រី អេនជែលលីណា ចូលី (Angelina Jolie) ដែលនិយាយអំពីស្ថានភាព នៅក្នុងសម័យខ្មែរក្រហម ត្រូវបានចាក់បញ្ចាំង នៅកម្ពុជាជាបន្តបន្ទាប់។

ខ្សែភាពយន្តនេះ ត្រូវបានថតនៅក្នុងទីតាំង សំខាន់ៗជាប្រវត្តិសាស្ត្រ ចំនួន២គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេសតំបន់ រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់ ដែលខ្សែភាពយន្តបានផ្តិតយក ទិដ្ឋភាពជាប្រវត្តិសាស្ត្រមួយចំនួនធំ។ កាសែតអន្តរជាតិបាននាំគ្នា ផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង អំពីស្នាដៃថ្មីនេះ។ ជាមួយគ្នានេះ កាសែតមួយចំនួន ថែមទាំងបានដាក់ចំណងជើងថា លោកស្រី អេនជែលលីណា ចូលី បានឆ្កឹះនូវភាពឈឺចាប់ របស់ប្រជាជនកម្ពុជា ឱ្យត្រឡប់វិញ តាមរយៈការចាក់បញ្ចាំងភាពយន្តនេះ។

ព្រឹត្តិការណ៍ជម្លៀស ប្រជាពលរដ្ឋ ចេញពីទីក្រុងភ្នំពេញ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហម បានចូលកាន់កាប់ ទីក្រុងភ្នំពេញ ហើយរបបសាធារណរដ្ឋខ្មែររបស់លោក សេនាប្រមុខ លន់ នល់ ដែលកើតឡើងដោយការ ធ្វើរដ្ឋប្រហារទម្លាយសម្តេច នរោត្តម សីហនុ ត្រូវបានរលាយទាំងស្រុង៕