Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា-វៀតណាម សាងសង់ផ្សារព្រំដែនគំរូ នៅត្បូងឃ្មុំ ដើម្បីជំរុញការអភិវឌ្ឍ ទីផ្សារពាណិជ្ជកម្ម

  • បោះពុម្ព

ភ្នំពេញ៖ ប្រទេសកម្ពុជា -វៀតណាម បានសាងសង់ផ្សារព្រំដែនគំរូ នៅភូមិដារ ស្រុកមេមុត ខេត្តត្បូងឃ្មុំ ដើម្បីជំរុញ និងការពន្លឿន ការអភិវឌ្ឍទីផ្សារ ពាណិជ្ជកម្ម នៅតាមតំបន់ព្រំដែន ឲ្យកាន់តែមានភាព រីកចម្រើន និងសម្រេចបានលទ្ធផល ជាវិជ្ជមាន ។

ក្រោយពី បញ្ចប់កិច្ចប្រជុំ លើការអភិវឌ្ឍ រវាងបណ្តា ខេត្តជាប់ព្រំដែន និងកិច្ចប្រជុំ គណៈកម្មការចម្រុះ រវាងកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ មានប្រសាសន៍ថា " ភាគីទាំងពីរ បានឯកភាពគ្នា នឹងធ្វើការបញ្ចប់ នៅពេលខាងមុខនេះ នូវការកសាងផ្សារគំរូ នៅភូមិដារ ស្រុកមេមុត ខេត្តត្បូងឃ្មុំ នេះជាការកសាង នូវផ្សារមួយហៅថា ផ្សារព្រំដែនគំរូ ជាលើកដំបូង " ។

លោកបន្តថា ការសម្រេចឯកភាពគ្នា កសាងផ្សារព្រំដែនគំរូ នេះឡើងដើម្បីរួមចំណែក ជំរុញដល់កិច្ច សហប្រតិបត្តិការ អភិវឌ្ឍន៍ ការផ្លាស់ប្ដូរ ពាណិជ្ជកម្ម នៅតាមតំបន់ព្រំដែន ។ លោកបន្ថែមថា ក្នុងនោះ កម្ពុជា-វៀតណាម ក៏បានឯកភាពគ្នាជំរុញ ឲ្យមានការបញ្ចប់ ការសាងសង់ ស្ពានជ្រៃធំ-ឡង់ប៊ីញ នៅក្នុងខែមេសា ឆ្នាំ២០១៧នេះ ដើម្បីដាក់សម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការ និងដើម្បីជាអបអរដល់ខួប ៥០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ។

លោកថា ភាគីទាំងពីរក៏បាន ជំរុញឲ្យមាន ការចុះហត្ថលេខា នៅក្នុងឆ្នាំ២០១៧នេះ លើការសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅទីក្រុងហូជីមិញ ។ បន្ថែមទៀត ពីលើនេះទៀត លោក ជុំ សុន្ទរី ថា តាមការស្នើសុំ របស់កម្ពុជា ភាគីវៀតណាម បានយល់ព្រម ផ្ដល់អាហារូបករណ៍ លើវិស័យជាច្រើន ដល់និស្សិត និងមន្ត្រីរាជការ កម្ពុជាជាង ១ពាន់កន្លែង។ ក្នុងនោះភាគីវៀតណាម ក៏បានផ្ដល់ អាហារូបករណ៍ផ្នែក អាកាសចរណ៍ ស៊ីវិលចំនួន ៤១កន្លែង ដល់មន្ត្រីអាកាសចរណ៍ ស៊ីវិលកម្ពុជាផងដែរ ។

ភាគីកម្ពុជា-វៀតណាម បានឯកភាព គ្នាបន្តពង្រឹង ក្នុងការទប់ស្កាត់ ការប្រយុទ្ធប្រឆាំង និងការបង្ក្រាប នូវសកម្មភាព ជំនួញឆ្លងដែនខុសច្បាប់ ដូចជាឈើ សត្វព្រៃ និងផលិតផល កៅស៊ូធម្មជាតិ ។ ក្នុងនោះដែរ ភាគីវៀតណាម ក៏បានសម្រេច បង្កើនថាមពលអគ្គិសនី ដល់កម្ពុជា បន្ថែមទៀត ។ ទាក់ទងនឹង បញ្ហាព្រំដែនវិញ ភាគីទាំងពីរ បានឯកភាពគ្នាជំរុញ ឲ្យគណៈកម្មាការ ព្រំដែនចម្រុះ ប្រទេសទាំងពីរ បន្តស្វែងរក ដំណោះស្រាយ ជាស្ថាពរនៃ ការបញ្ចប់ការបោះ បង្គោលព្រំដែន រវាង ប្រទេសទាំងពីរ ដែលនៅសេសសល់ ប្រមាណជា ១៤%ទៀត ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានបើកប្រជុំលើកទី៩ ស្តីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រវាងបណ្តា ខេត្តជាប់ព្រំដែន និងកិច្ចប្រជុំ គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៥ ស្តីពី កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ដ្រ និងបច្ចេកទេស ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុងភ្នំពេញ រយៈពេល៣ថ្ងៃចាប់ពី ថ្ងៃទី១៣-១៥ ខែមីនា ៕