បណ្តាញសង្គម

រដ្ឋមន្ដ្រីក្រសួងការងារ៖ ការប្រារព្ធទិវាពលកម្មអន្ដរជាតិ ​ឲ្យភាគីពាក់ព័ន្ធអាចចូលរួម លើកជាសំណូមពរ និងកង្វល់ផ្សេងៗ ដោយមិនចាំបាច់ដើរហែរក្បួននោះទេ

 (ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងការងារ ឯកឧត្តម  អ៊ិត សំហេង បានថ្លែងថា ការប្រារព្ធទិវាពលកម្មអន្ដរជាតិ ជាវេទិការបើកចំហមួយ ដែលគ្រប់ភាគីពាក់ព័ន្ធ អាចចូលរួម និងលើកជាសំណូមពរ និងកង្វល់របស់ខ្លួន ដោយមិនចាំបាច់ដើរហែរក្បួន ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង បង្កើតជាការប្រឈមនានានោះទេ។

រដ្ឋមន្រ្តី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងពិធីអបអរដល់ខួបលើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ដើម្បីសន្តិភាព ការងារ មុខរបរ និងអភិវឌ្ឍន៍»។

បើតាមលោករដ្ឋមន្ដ្រី ប៉ុន្មានថ្ងៃនេះ មានរោងចក្រ សហគ្រាសជាច្រើន បានរៀបចំកម្មវិធីសំណេះសំណាលជាមួយកម្មករនិយោជិត កម្មវិធីកំសាន្ដសប្បាយ ពិធីជប់លៀង រាំកំសាន្ដ រៀបចំដំណើរទេសចរណ៍ និងរៀបចំឲ្យកម្មករកម្មការិនីសម្រាកលំហែ។ល។ដែលនាំមកនូវបរិយាកាសសាមគ្គីភាព ភាតរភាពក្នុងសង្គម។

ដោយឡែក ពិធីមីទ្ទិញរំលឹកខួបលើកទី១៣១ ទិវាពលកម្មផ្លូវការពេលព្រឹកនេះ មានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីពិនិត្យដោះស្រាយសំណូមពរ និងកង្វល់ផ្សេងៗ របស់អង្គការសហជីព និងបងប្អូនកម្មករនិយោជិត ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ។ ឯកឧត្តម  អ៊ិត សំហេង បញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមក្នុងវេទិកានេះ ប្រកបដោយស្មារតីស្ថាបនា និងសូមអរគុណដល់ក្រុមការងារ ដែលបានខិតខំរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣១ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០១៧ ដ៏ឱឡារិកនេះ»។

រដ្ឋមន្ដ្រីក្រសួងការងាររូបនេះ បន្ថែមថា ការប្រារព្ធមីទ្ទិញថ្នាក់ជាតិថ្ងៃទី ១ ឧសភា ឆ្នាំ២០១៧ នាពេលនេះ គឺស្របពេលដែលសភាពការណ៍របស់ប្រទេសជាតិ កំពុងមានការវិវឌ្ឍល្អប្រសើរ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រក្រតីភាពនៃជីវភាព និងបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយជោគជ័យ៕

ដកស្រង់ពី៖ Fresh News