បណ្តាញសង្គម

សម្ដេចតេជោ ហ៊ុន សែន៖ ការស្នើដាក់ «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ចាប់ផ្ដើមតាំងពីឆ្នាំ២០១២, ជាទ្រព្យសម្បត្តិពិភពលោក ទី៣ របស់កម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ក្នុងសារលិខិត ជូនចំពោះជន រួមជាតិកម្ពុជា ដើម្បីអបអរសាទរ ចំពោះការដាក់ « ប្រាសាទសំបូរព្រៃគុក » ក្នុងបញ្ជីបេតិភណ្ឌ ពិភពលោកថា ការសាងឯកសារ នានាពាក់ព័ន្ធ និងការស្នើដាក់ « តំបន់ប្រាសាទសំបូរព្រៃគុក » ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ត្រូវបានចាប់ផ្ដើមតាំង ពីឆ្នាំ២០១២មកម្ល៉េះ ហើយក៏វាបានក្លាយជា ទ្រព្យសម្បត្តិរបស់ ពិភពលោកទី៣ នៅក្នុងប្រទេសកម្ពុជា ផងដែរ បន្ទាប់ពី ប្រាសាទអង្គរវត្ត និងប្រាសាទ ព្រះវិហារ ។

ក្នុងសារលិខិតប្រកបដោយ សេចក្ដីរីករាយនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «តំបន់ប្រាសាទសំបូរព្រៃគុក គឺជាបេតិភណ្ឌខ្មែរទី៣ហើយ ដែលទទួលបាន លក្ខន្តិកៈដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្នូរ បន្ទាប់ពីប្រាសាទអង្គរវត្ត ខេត្តសៀមរាប ត្រូវបានបញ្ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២, របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅឆ្នាំ២០០៣ និងប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៧» ។

សម្តេចតេជោ ហ៊ុន សែន បានរំលេចថា ចំណែកការងាររៀបចំ ឯកសារស្នើដាក់ ប្រាសាទសំបូរព្រៃគុក នេះទៀតសោត ត្រូវបានចាប់ផ្ដើម តាំងពីឆ្នាំ២០១២ មកម្ល៉េះ បន្ទាប់មកការងារនេះ ត្រូវបានប្រិតប្រៀង និងសម្រិតសម្រាំង កាន់តែហ្មត់ចត់ថែមទៀត នាចុងឆ្នាំ២០១៣ ស្របតាមទិសដៅ ណែនាំនៃការអនុវត្ត ក្នុងអនុសញ្ញាស្ដីពី ការការពារបេតិកភណ្ឌ ពិភពលោក វប្បធម៌ និងធម្មជាតិ ដែលកម្ពុជា គឺជាប្រទេសហត្ថលេខី មុននឹងសម្ដេច ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃកម្ពុជា លើកសំណើជាផ្លូវការ ទៅកាន់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ នៅដើមខែមករា ឆ្នាំ២០១៦។ សារលិខិតបានបន្តថា ផ្អែកលើសំណើរបស់ រាជរដ្ឋាភិបាលកម្ពុជា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ បានបញ្ចូលអ្នកជំនាញរបស់ ក្រុមប្រឹក្សាអន្តរជាតិស្ដីពី ប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) មកវាយតម្លៃតំបន់ ប្រាសាទសំបូរព្រៃគុក នៅខែកញ្ញា ឆ្នាំ២០១៦ ទើបធ្វើសេចក្ដី សម្រេចបញ្ចូលប្រាសាទសំបូរ ព្រៃគុកនេះជាផ្លូវការ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំលើទី៤១ របស់អង្គការយូណេស្កូ នៅប្រទេសប៉ូឡូញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ។

ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងទឹកចិត្ត រំភើបរីករាយឥតឧបមា សម្តេចតេជោ ហ៊ុន សែន សូមចែករំលែកនូវ សមិទ្ធផលដ៏ធំធេង និងមោទនភាព ជាតិដ៏ខ្ពង់ខ្ពស់នេះ ជាមួយនឹងព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិ គ្រប់រូបទាំងអស់ ។ ជាមោទនភាពណាស់ សម្រាប់ប្រជាជាតិកម្ពុជា ក៏ដូចជា ជោគជ័យសម្រាប់ ប្រជាជាតិពិភពលោក ទាំងមូល ដែលរមណីយដ្ឋាន ប្រាសាទសំបូរព្រៃគុក ស្ថិតនៅចំកណ្ដាល ប្រទេសកម្ពុជា ត្រូវបានអង្គការ យូណេស្កូ សម្រេចដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំលើទី៤១ របស់អង្គការយូណេស្កូ នាទីក្រុង Krakow ប្រទេសប៉ូឡូញ ។

សូមជម្រាបថា ប្រាសាទសំបូរព្រៃគុក ជារាជធានីចាស់មួយរបស់ខ្មែរ នាសម័យចេនឡា មានឈ្មោះថា «ឥសានបុរៈ» កសាងឡើងក្នុងរជ្ជកាល ព្រះបាទឥសានវរ្ម័នទី១ នាអំឡុងឆ្នាំ៦១៦-៦៣៥ នៃគ្រិស្តសករាជ។ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តនេះ ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចម្ងាយ៣៧គីឡូម៉ែត ពីទីរួមខេត្តកំពង់ធំ ដែលសង់លើដីរាបស្មើមានទំហំប្រមាណ ៣,០០០ហិកតា៕