បណ្តាញសង្គម

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត​សកលវិទ្យាល័យ RULE នាព្រឹកថ្ងៃនេះ

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

 ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានស្លាប់នៅក្នុងរបបប៉ុលពត ប៉ុន្តែត្រូវបានរស់ឡើងវិញ ក្រោយពីរំដោះប្រទេសពីចេញពីរបបវាលពិឃាត។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចធ្វើជាសាស្រ្តាចារ្យចង់ស៊ីឈ្នួលបង្រៀន នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការសិក្សាបង់ថ្លៃ គឺជាការចូលរួមនៃវិស័យឯកជន ក្នុងវិស័យអប់រំនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចក្ខុវិស័យជោគជ័យចំនួន៤ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលរដ្ឋាភិបាលបានដាក់ចេញ មានរយៈពេល៣០ឆ្នាំហើយ

* សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះ ជាខួបលើកទី៣០ នៃការចរចា ដើម្បីដោះស្រាយនយោបាយ។ ក្នុងនោះមានខួប៣០ នៃការចរចា សីហនុ-ហ៊ុន សែន ផងដែរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជីវិតរបស់ខ្ញុំទម្រាំដល់ពេលនេះ គឺមានការឆ្លងកាត់ការលំបាកច្រើនណាស់»

* សម្តេចតេជោ ហ៊ុន សែន បង្គាប់អ្នកអាជ្ញាធរពាក់ព័ន្ធ ពិនិត្យតាមដាន អំពីករណីបាក់ជ្រាំងទន្លេ ខណៈទឹកឡើង។

* សម្តេចតេជោ ហ៊ុន សែន៖ ការប្រើប្រាស់សង្រ្គាម ដើម្បីបញ្ចប់សង្រ្គាម គឺវាមិនអាចទៅរួចទាំងអស់ទេ។ ប៉ុន្តែកម្ពុជាបានប្រើប្រាស់មធ្យោបាយចរចា ដើម្បីបញ្ចប់ សង្រ្គាម ហើយប្រើប្រាស់នយោបាយឈ្នះៗ ដើម្បីបញ្ចប់សង្រ្គាមជាស្ថាពរ ដែលនាំមកនូវសន្តិភាពជាប្រវត្តិសាស្រ្តរាប់រយឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មិនអាចអត់អោនឲ្យបាននោះទេ ដែលអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ (AIM) ចេញផ្សាយនៅលើសារព័ត៌មាន CNN និង ABC News ពាក់ព័ន្ធរឿងជួញដូរផ្លូវភេទនៅកម្ពុជា ដែលជាការប្រមាថដ៏ធ្ងន់ធ្ងរដល់ស្រ្តីកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យបិទអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបាននិយាយប្រមាថដល់ស្រ្តីខ្មែរថា «នៅកម្ពុជាម្តាយយកកូនទៅលក់ឲ្យបម្រើផ្លូវភេទ»។ សម្តេចបញ្ជាឲ្យក្រសួងមហាផ្ទៃបិទអង្គការក្រៅរដ្ឋាភិបាល (AIM) ដែលប្រមាថដល់ស្រ្តីខ្មែរ, ជាទង្វើមិនអាចអត់អោនឲ្យបាន។

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យស្ថានទូតអាមេរិកធ្វើការស៊ើបអង្កេតចំពោះករណីរបស់អង្គការក្រៅរដ្ឋាភិបាល ដែលបាននិយាយប្រមាថដល់ស្រ្តីខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សារព័ត៌មាន CNN របស់អាមេរិកខូចណាស់ ដូចប្រធានាធិបតី ដូណាល់ ត្រាំ ជេរ មិនខុសទេ។ គាំទ្រ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានជេរទូរទស្សន៍ CNN។ ការជេរនេះត្រឹមត្រូវណាស់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យបិទអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបាននិយាយប្រមាថដល់ស្រ្តីខ្មែរថា «នៅកម្ពុជា ម្តាយយកកូនទៅលក់ឲ្យបម្រើផ្លូវភេទ»។ សម្តេចស្នើឲ្យស្ថានទូតអាមេរិកធ្វើការស៊ើបអង្កេតចំពោះករណីនេះ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនអាចអត់អោនឲ្យបាននោះទេ ចំពោះអង្គការ AIM ដែលប្រមាថដល់ស្រ្តីកម្ពុជា, អង្គការមួយនេះត្រូវតែចាកចេញពីកម្ពុជាទោះបីក្នុងតម្លៃណាក៏ដោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមន្រ្តីណាមិនចេះប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងបច្ចេកវិទ្យាទំនាក់ទំនងទេ មិនបាច់តែងតាំងទេ។

* សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកលេង Facebook កុំសាងគ្រោះឲ្យជាតិ តាមរយៈការបំពុលបរិយាកាស។ ប៉ុន្មានថ្ងៃនេះបង្កើតឲ្យមានបញ្ហាច្រើនណាស់ ដែលគេបំផុតអំពីបញ្ហាចាប់កូនក្មេងទៅវះគ្រលៀន។

* សម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗទៅលើមេបក្សប្រឆាំង ចំពោះការបង្ហោះជេរប្រមាថសម្តេចថាស្លាប់ពីសំណាក់សកម្មជនបក្សប្រឆាំង។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការជេរប្រមាថចង់ឲ្យសម្តេចស្លាប់ មេបក្សប្រឆាំងនឹងស្លាប់មុនគេ ព្រោះនេះជាទង្វើរបស់សកម្មជនបក្សប្រឆាំង ហើយទីនេះជាវាលកប់ខ្មោចរបស់អ្នកហើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅប្រទេសដទៃ គណបក្សនយោបាយ មានតួនាទីអប់រំសមាជិក និងអ្នកគាំទ្ររបស់ខ្លួន ដើម្បីកុំឲ្យពួកគេប្រព្រឹត្តល្មើស តាមបណ្តាញសង្គម Facebook។ ឧទាហរណ៍ដូចជា ករណីបង្ហោះថា នាយករដ្ឋមន្រ្តី ត្រូវសង្គ្រោះបន្ទាន់ ហើយបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជាដើម។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅពេលអត់មាននាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលនឹងត្រូវរលាយដោយស្វ័យប្រវត្តិ កងទ័ពគ្មានអ្នកគ្រប់គ្រងទេ។ ដូច្នេះបើអស់លោក គេងចំណេញអំពីការស្លាប់របស់ ហ៊ុន សែន នោះគណបក្សប្រឆាំង នឹងគ្រោះថ្នាក់ហើយ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំកំពុងគិតធ្វើយ៉ាងម៉េច ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការបំផុសព័ត៌មានមិនពិត ឬពាក្យចចាមអារ៉ាមដូចពេលនេះ»

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យអ្នកលេង Facebook មានការប្រុងប្រយ័ត្ន រឿងអ្នកដទៃលួចប្រើប្រាស់ ដើម្បីប្រព្រឹត្តល្មើស។ កន្លងទៅករណីខ្លះ សាម៉ីខ្លួនមិនបានប្រព្រឹត្តល្មើសទេ ប៉ុន្តែត្រូវអ្នកដទៃលួចដើម្បីបង្ហោះអំពីរឿងល្មើសច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៣១នាទី នាព្រឹកថ្ងៃដដែលនេះ, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕

ដកស្រង់ពី៖FRESH NEW