Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម សិក្សាអំពីនីតិវិធី ក្នុងការធ្វើលិខិតឆ្លងដែន​ឲ្យបានឆាប់ សម្រាប់កាត់បន្ថយការចេញទៅធ្វើការ ក្រៅប្រទេសដោយខុសច្បាប់

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ធ្វើការសិក្សាពីនីតិវិធី ក្នុងការពន្លឿនការផ្ដល់លិខិតឆ្លងដែន ជូនដល់ប្រជាពលរដ្ឋ និងពលករដែលធ្វើការនៅក្រៅប្រទេសឲ្យបានលឿន និងឆាប់រហ័សក្នុងគោលដៅជួយកាត់បន្ថយ ការចេញទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងការជួញដូរមនុស្ស។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើ

ជួញដូរមនុស្សសម្រាប់អនុវត្ដន៍ឆ្នាំ២០១៧-២០១៨ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការពន្លឿននីតិវិធីក្នុងការធ្វើលិខិតឆ្លង ដែនឲ្យបានលឿន និងឆាប់រហ័សនេះ ក្នុងគោលដៅចៀសវាង កាត់បន្ថយការចំណាយ ពេលវេលាថវិការបស់ប្រជាពលរដ្ឋ និងពលករដែលមកធ្វើលិខិតឆ្លងដែន។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការធ្វើលិខិតឆ្លងដែននេះ ត្រូវកំណត់ឲ្យបានច្បាស់លាស់ថា តើមានរយៈពេលប៉ុន្មានថ្ងៃ មាន២ថ្ងៃ ឬ៣ថ្ងៃយ៉ាងយូរ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ដោយខុសច្បាប់ និងការជួញដូរមនុស្សផងដែរ។

សម្ដេច ស ខេង បានលើកឡើងថា កន្លងមកពលករកម្ពុជា ដែលបានចេញទៅ ធ្វើការនៅក្នុងប្រទេសថៃ ឬប្រទេសផ្សេងទៀតមួយចំនួន មិនមានលិខិតឆ្លងដែនទេ ដោយសារតែការធ្វើលិខិតឆ្លងដែន មានការពិបាក និងមានរយៈពេលយូររហូតដល់១ខែ ឬ២ខែដែលបញ្ហានេះ ត្រូវធ្វើការសិក្សា និងដោះស្រាយបន្ថែម។

សម្ដេចក្រឡាហោម បានជំរុញឲ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រៀបចំចុះកិច្ចព្រមព្រៀង ឬអនុស្សរណៈជាមួយប្រទេស ដែលមិនទាន់បានធ្វើ និងប្រទេសដែលមានពលករកម្ពុជា កំពុងធ្វើការនៅទីនោះដើម្បីធានាសុវត្ថិភាព ជូនដល់ពលករកម្ពុជា ដែលកំពុងធ្វើការទាំងស្របច្បាប់ និងមិនស្របច្បាប់។

ជាមួយគ្នានោះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្ដៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានបញ្ជាក់ថា ការរៀបចំផែនការ និងឯកសារគោលប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្សនេះ មានគោលដៅលើកកម្ពស់ ការខិតខំប្រឹងប្រែងលុបបំបាត់រាល់ទម្រង់ជួញដូរ មនុស្សអំពើធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដែលកើតមានក្នុងប្រទេស និងប្រជាជនកម្ពុជា បើទោះបីជាកើតមាននៅទីណាក៏ដោយទាំងក្នុង និងក្រៅប្រទេស។

លោកស្រី បានបន្ដថាឯកសារគោលនេះ សម្រាប់ឲ្យក្រសួង ស្ថាប័នជាតិ អន្ដរជាតិ និងដៃគូពាក់ព័ន្ធទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យកទៅពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បធ្វើការកែសម្រួល និងយកទៅអនុវត្ដន៍ឲ្យចំទិសដៅ។

សូមបញ្ជាក់ថា ក្នុងផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០១៧-២០១៨ បានកំណត់នូវយុទ្ធសាស្រ្ដក្នុងការលើកកម្ពស់ការអនុវត្ដច្បាប់ គោលនយោបាយ និងកិច្ចសហប្រតិបត្តិការទាំងថ្នាក់ជាតិ អន្ដរជាតិនូវរាល់ទម្រង់នៃការជួញដូរ មនុស្សឆ្លងដែន ជាពិសេសការកសាងច្បាប់បន្ថែម បទដ្ឋានគតិយុត្ដិដែលចាំបាច់កិច្ចការ ពារផ្លូវច្បាប់ និងការទប់ស្កាត់ការនាំចេញពលករដោយខុសច្បាប់៕

ដកស្រង់ពី៖FRESH NEW