បណ្តាញសង្គម

សូមចូលរួមរីករាយ! អភិបាលខេត្តកណ្តាលសម្រេចផ្តល់ដី និងសង់ផ្ទះជូនពលរដ្ឋ៣គ្រួសារនៅទួលក្រសាំង ដែលត្រូវគេដកហូតយកដីកាលពីសប្តាហ៍មុន

(កណ្តាល)៖ បន្ទាប់ពីការប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធអស់ជាច្រើនថ្ងៃទីបំផុតអាជ្ញាធរ បានរកឃើញថា ប្រជាពលរដ្ឋ៣គ្រួសារនៅទួល ក្រសាំង ស្រុកស្អាង ខេត្តកណ្តាល ដែលអាជ្ញាធរដកហូតយកដីកាលពីសប្តាហ៍មុននោះ គឺបានកាន់កាប់ដីដោយខុសច្បាប់។

 តែទោះជាយ៉ាងណាអភិបាលខេត្ត ម៉ៅ ភិរុណ បានសម្រេចរកដីទីតាំងថ្មីជូនគ្រួសារនេះជំនួសវិញ និងសាងសង់ផ្ទះជូន ព្រមទាំងផ្តល់ថវិកាមួយចំនួន ជូនថែមទៀតផង។

យោងតាមរបាយការណ៍នៃកិច្ចពិភាក្សាបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលាខេត្តកណ្ដាលមានបើកកិច្ចប្រជុំ រកដំណោះស្រាយជូនប្រជាពលរដ្ឋ ៣គ្រួសារ រស់នៅលើដីអនុវត្តសាលដិកា ក្រោមអធិបតីភាពលោក ម៉ៅ ភីរុណ អភិបាលខេត្តកណ្ដាល។ កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីលោក ព្រះរាជអាជ្ញាសាលាអយ្យការនៃសាលាដំបូងខេត្តកណ្តាល, លោក អភិបាល អភិបាលរងស្រុកស្អាង, លោក ប្រធានមន្ទីសុរិយាដីខេត្ត និងស្រុក, លោក ស្នងការការង និងអធិការង, ជំនាញអាវុធហត្ថខេត្ត មេបញ្ជាការអាវុធហត្ថស្រុក, លោកឃុំទួលក្រសាំង, ភាគីចាញ់ក្តី និងភាគីឈ្នះក្តីផងដែរ។

តាមរយៈកិច្ចប្រជុំពីគ្រប់ភាគីពាក់ព័ន្ធនោះ បានរកឃើញថា ឯកសាភាគីឈ្នះ គឺត្រឹមត្រូវតាមជំនាញរបស់មន្រ្តីសុរិយាដី ដែលបានបញ្ជាក់។ រីឯឯកសារភាគីចាញ់ក្តី លោក ប៉ុន ថន គឺឯកសារមិនត្រឹមត្រូវតាមផ្លូវការ និងមិនប្រក្រតីតាំងពីភូមិ ដល់មេឃុំ។

បើទោះបីរកឃើញការពិតយ៉ាងនោះក្តី ក៏អភិបាលខេត្តកណ្តាល បានសម្រេចដោះស្រាយជូនប្រជាពលរដ្ឋទាំង៣គ្រួសារ ដោយរកដីនៅទីតាំងផ្សេង ដែលស្ថិតក្នុងឃុំទួលក្រសាំងនោះជូនពួកគាត់វិញ។

របាយការណ៍ បានបញ្ជាក់ថា គ្រួសារលោក ប៉ុន ថន ទទួលបានដីទំហំ 10 ×12 ម៉ែត្រ និងប្រាក់ចំនួន ៣,០០០ដុល្លារ, គ្រួសារ ឈ្មោះ អ៊ុង អ៉ឹម ទទួលបានដីទំហំ 5×12ម៉ែត្រ និងថវិកា ១,៥០០ដុល្លារ ហើយគ្រួសារឈ្មោះ សែ គឹមអូន ទទួលបានដី 5×12ម៉ែត្រ និងថវិកា ១,៥០០ដុល្លារ។ ផ្ទះរបស់ប្រជាពលរដ្ឋទាំង ៣គ្រួសារនេះ គឺអាជ្ញាធរជារ៉ាប់រងសាងសង់ជូនពួកគាត់។

ប្រជាពលរដ្ឋទាំង ៣គ្រួសារ បានទទួលយកនូវដំណោះស្រាយរបស់លោកអភិបាលខេត្តកណ្តាល និងប្រកាសថា មិនធ្វើការតវ៉ាអ្វីទៀតនោះឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល ដឹកនាំដោយអាជ្ញាសាលានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចុះទៅរឹបអូសយកដីធ្លី និងវាយកម្ទេចលំនៅដ្ឋាន៣ខ្នងសង់នៅតាមផ្លូវជាតិលេខ២១A តាំងពីឆ្នាំ១៩៨៧ ក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ក្រោយពេលមានការប្តឹងទាមទារពីម្ចាស់ដើម។

ព្រឹត្តិការណ៍ចុះអនុវត្តន៍ដីការរឹបអូសយកដីនេះ នាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕

ដកស្រង់ពី៖FRESH NEW