បណ្តាញសង្គម

មហាអំណាចនៅអាស៊ី ប្រកាសជួយទប់ស្កាត់មិនឲ្យមានបដិវត្តន៍ពណ៌កើតមាននៅកម្ពុជា

(ក្វាងស៊ី, ចិន)៖ ឧបនាយករដ្ឋមន្រ្តីចិន លោក Zhang Gaoli បានប្រកាសជួយគ្រប់បែបយ៉ាងទាំងអស់ ដើម្បីកុំឲ្យមានបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជា ដែលនឹងនាំឲ្យប្រទេសកម្ពុជាត្រូវរងការហិនហោចនោះ។

 ការប្រកាសរបស់លោកឧបនាយករដ្ឋមន្រ្តី Zhang Gaoli បានធ្វើឡើងនៅក្នុងពេលជួបពិភាក្សា និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ទីដែលសម្តេចតេជោ អញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន។

ក្នុងជំនួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន និងលោក Zhang Gaoli បានពិភាក្សាគ្នាជាច្រើនទៅលើការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នានាទាំងក្រុមខណ្ឌទ្វេភាគីកម្ពុជា-ចិន និងក្នុងក្របខណ្ឌចិន-អាស៊ាន។ លោក Zhang Gaoli ក៏បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេសកម្ពុជា ដែលបានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើន។

ក្រៅពីសន្យាជួយទប់ស្កាត់មិនឲ្យមានបដិវត្តន៍ព័រណ៍នៅកម្ពុជាហើយនោះ លោកឧបនាយករដ្ឋមន្រ្តីចិន ក៏បានសន្យាផ្តល់ជំនួយសម្រាប់ដំណើរការ បោះឆ្នោតជ្រើសតំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ និងជំនួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។

លោក Zhang Gaoli ក៏បានប្រកាសផ្តល់ជំនួយសពបែបយ៉ាងទាំងអស់តាមសំណើរបស់កម្ពុជា សម្រាប់អភិវឌ្ឍន៍ប្រទេសដែលជាបងប្អូនដ៏ស្និទ្ធស្នាលមួយនេះ។

សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រទេសចិន ដែលតែងតែគាំទ្រគ្រប់កាលៈទេសៈទាំងអស់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ ក្នុងជំនួបនោះ សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានស្នើសុំឲ្យរដ្ឋាភិបាលចិន បង្កើនការទិញអង្ករ ចេក ស្វាយ និងសណ្តែកសៀងពីប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីជួយដល់កសិកររបស់ខ្មែរ៕

ដកស្រង់ពី៖FRESH NEW