បណ្តាញសង្គម

អ្នករងគ្រោះដោយសារគ្រាប់បែកគីមី នៅស្រុករមាសហែក កើនឡើងដល់៨នាក់

(ស្វាយរៀង)៖ អ្នករងគ្រោះដោយសារសាធាតុគីមី របស់គ្រាប់បែកគីមី នៅទីតាំងមួយកន្លែងផ្សេងទៀត ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីទីតាំងដែលមន្ត្រីជំនាញ កំពុងបើកប្រតិបត្តិការដោះគ្រាប់គីមី ក្នុងវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានកើនឡើងដល់៨នាក់។

 ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៦ ខែតុលានេះ លោកឧត្តមសេនីយ៍ឯក កេ ដា បានបញ្ជាក់ថា ជនរងគ្រោះដោយសារគ្រាប់បែកគីមី បានកើនឡើងដល់ទៅ៨នាក់ បន្ទាប់ពីជនរងគ្រោះ៣នាក់ទៀត មានអាការៈដូចគ្នានឹង៥នាក់មុនបានមកសុំអន្តរាគមន៍ បន្ទាប់ពីមានបញ្ហាសុខភាព ហើយក៏ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍បានថ្លែងថា «ជនរងគ្រោះ៣នាក់ទៀត ដែលមានអាការៈថប់ដង្ហើម រមួសលើស្បែក និងក្អួតចង្អោផងដែរនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅយប់មិញ»

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ជនរងគ្រោះទាំង៨នាក់ កំពុងទទួលការព្យាបាលពី ក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់ ដោយពួកគាត់មានសភាពធូរស្រាលហើយ ដោយអ្នកខ្លះសុំចេញទៅផ្ទះវិញ ប៉ុន្តែគ្រូពេទ្យមិនទាន់អនុញ្ញាត ព្រោះត្រូវការតាមដានស្ថានភាពជំងឺសិន។

សូមជម្រាបថា នៅយប់ថ្ងៃទី៥ ខែតុលាម្សិលមិញ មានមនុស្ស៥នាក់ ក្មេងប្រុស៤នាក់ និងស្ត្រីម្នាក់ ដែលអះអាងថា បានដើរឃ្វាលគោក្នុងចំការដំឡូង និងបានយកដែកកាយដីជម្រៅប្រមាណ១៥សង់ទីម៉ែត្រ ស្រាប់តែឃើញស្បោងខ្មៅ ក៏ឈួលចូលភ្នែក និងរមាស់លើរាងកាយ ពិបាកដកដង្ហើម។ មន្ត្រីជំនាញក៏បញ្ជូនជនរងគ្រោះទាំង៥នាក់ នៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែសម្រាប់តែ១ម៉ោងក្រោយ មានជនរងគ្រោះ៣នាក់ផ្សេងទៀត មានអាការៈដូចគ្នានេះដែរបានមកសុំឲ្យមន្ត្រីជំនាញជួយ ហើយមន្ត្រីត្រូវបានបញ្ជូនពួកគេទៅមន្ទីរពេទ្យផងដែរ៕

ដកស្រង់ពី៖FRESH NEW