Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាគមអតីតយុទ្ធជនកម្ពុជា ប្រកាសថ្កោលទោស CNRP និងអង្គការសង្គមស៊ីវិល ដែលដើរបញ្ចុះបញ្ចូលអតីតយុទ្ធជន ធ្វើចលនាប្រឆាំងការរំលាយ CNRP

  • បោះពុម្ព

(ភ្នំពេញ)៖ សមាគមអតីតយុទ្ធជនកម្ពុជា បានចេញមកប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសមាជិកគណបក្សសង្រ្គោះជាតិ (CNRP) និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានដើរបំផុសអតីតយុទ្ធជន ឲ្យចូលរួមធ្វើចលនាបះបោរប្រឆាំងនឹងការ រំលាយគណបក្សសង្រ្គោះជាតិ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខដ៏ខ្លីនេះ។

 ក្នុងលិខិតថ្កោលទោសដែល Fresh News ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសមាជិកគណបក្សសង្រ្គោះជាតិ រួមនិងអង្គការសង្គមស៊ីវិលមួយចំនួន បានដើរបំផុសឲ្យអតីតយុទ្ធជន ដែលជាអតីតកងកម្លាំងប្រដាប់អាវុធក្រោកឡើងប៉ះបោរ និងធ្វើសកម្មភាពជាមួយខ្លួនប្រឆាំងការសម្រេចរបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្រ្គោះជាតិនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ខាងមុខនេះ។

ក្នុងលិខិតថ្កោលទោសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់យ៉ាងដូច្នេះ «សមាគមអតីតយុទ្ធជនកម្ពុជាសូមធ្វើការថ្កោលទោសដាច់ខាត ចំពោះសកម្មភាពរបស់ សកម្មជន CNRP មួយចំនួនដែលបានទទួលបញ្ជាពីគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលមួយចំនួន និងមានពួកបរទេសនៅពីក្រោយ បានដើរឃោសនា បំផុសឲ្យអតីតកងកម្លាំងប្រដាប់អាវុធ ដែលជានិវត្តន៍ជនចូលរួមជាមួយ CNRP នៅថ្ងៃ១៥-១៦ វិច្ឆិកា ខាងមុខនេះ បះបោរប្រឆាំង និងតុលាកាដែលកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិ និងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាល»

នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ដែរថា ក្នុងមួយជីវិតរបស់អតីតយុទ្ធជន បានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និងសុខសន្តិភាព របស់ប្រទេសជាតិក្រោយ ពេលចូលនិវត្តន៍ពួកគាត់បានទទូលបានប្រាក់សោធន និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ហើយតែងតែគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល។

តំណាងឲ្យសមាជិក នៃសមាគមអតីតយុទ្ធជនរាប់សិបម៉ឺននាក់ នៅទូទាំងប្រទេសនាយឧត្តមសេនីយ៍ គន់ គីម បានប្រកាសថា អតីតយុទ្ធជនគាំទ្រទាំងស្រុងនូវការរំលាយគណបក្សសង្រ្គោះជាតិ ដែលបានប្រព្រឹត្តទង្វើផ្ទុយនឹងច្បាប់ និងមានចេតនាទុចរិតក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលនាំភាពវឹកវរដល់សង្គមជាតិ។

ក្នុងលិខិតបានបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំទាំងអស់គ្នាគាំទ្រទាំងស្រុង ចំពោះការរំលាយគណបក្សសង្គ្រោះជាតិ និងការពារដាច់ខាតរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងសូមធ្វើការប្រឆាំងដាច់ខាត រាល់ការប៉ុន់ប៉ងបះបោររបស់ពួកប្រឆាំង និងសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឲ្យបានហ្មឺងម៉ាត់បំផុតចំពោះពួកល្មើសទាំងនេះ»

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ តុលាការកំពូលតាមរយៈបណ្តឹងរបស់ក្រសួងមហាផ្ទៃ នឹងបើកសវនាការជំនុំជម្រះនូវការប្រព្រឹត្តទង្វើផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយរបស់គណបក្សសង្រ្គោះជាតិ។ តាមរយៈបណ្តឹង និងច្បាប់ស្តីពីគណបក្សនយោបាយ គឺគណបក្សសង្រ្គោះជាតិ អាចនឹងត្រូវរំលាយចោល ហើយថ្នាក់ដឹកនាំគណបក្សមួយនេះរហូតដល់ទៅ១១៧រូប ក៏ត្រូវហាមឃាត់ធ្វើនយោបាយរយៈ៥ឆ្នាំផងដែរ៕

ដកស្រង់ពី៖FRESH NEW